ស្ត្រី​ខ្មែរ​១៦​នាក់ ដែល​រងគ្រោះ​នៅ​បរទេស ត្រូវបាន​ជួយ​ឲ្យ​មក​កម្ពុជា​វិញ

ជាតិ
សង្គមជាតិ
ស្ត្រី​ខ្មែរ​១៦​នាក់ ដែល​រងគ្រោះ​នៅ​បរទេស ត្រូវបាន​ជួយ​ឲ្យ​មក​កម្ពុជា​វិញ
09, Jul 2018 , 10:39 pm         872
រូបភាព
​ស្ថាន​តំណាង​កម្ពុជា  បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ប្រទេស​ចិន វៀតណាម ថៃ និង​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ ១៦​នាក់ ឲ្យ​បានធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​។ ពួកគេ បាន​មកដល់​កម្ពុជា​អស់ហើយ ដោយ​គិត​ត្រឹម​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។



​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ស្ត្រី​ខ្មែរ ដែល​រងគ្រោះ​ទាំង​១៦​នាក់ មាន​៨​នាក់ ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅ​រៀបការ​ដោយ​ខុសច្បាប់ នៅក្នុង​ប្រទេស​ចិន​។ រីឯ ស្ត្រី​៤​នាក់ ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​បម្រុង​យកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម​។

​ចំណែក ៣​នាក់​ទៀត ដែលជា​អនីតិជន (​ក្រោម​អាយុ​១៨​ឆ្នាំ​) បាន​រងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទៅ​ប្រទេស​ថៃ​។  សម្រាប់​១​នាក់​ទៀត បម្រើការ​ជា​មេផ្ទះ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​៕


Tag:
 ពលករ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com