អន្តរជាតិ
នយោបាយអន្តរជាតិ
អ្នកគាំទ្រលោក ណាជីប ប្រមែរប្រមូលទ្រព្យធនបង់វិភាគទានធានាឲ្យលោកបាននៅក្រៅឃុំ
× ក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ បានដុតដៃដុតជើងប្រមែរប្រមូលលុយកាក់តាមសទ្ធាររបស់ខ្លួនដើម្បីចូលមូលនិធិដែលបង្កើតឡើងក្នុងគោលដៅជួយធានាលោកឲ្យនៅក្រៅឃុំ។ លោក ណាជីប ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការកាលពីសប្តាហ៍មុនពាក់ព័ន្ធបញ្ហាពុករលួយក្នុងមូលនិធិរដ្ឋនោះ។
បើតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama មូលនិធិដែលគេបង្កើតឡើងដើម្បីជួយសង្គ្រោះលោក ណាជីប ឲ្យនៅក្រៅឃុំនេះមានឈ្មោះថា «មូលនិធិរួបរួមណាជីប»។ ដើម្បីអាចធានាអតីតនាយករដ្ឋមន្ត្រីរូបនេះបានគេត្រូវការបង់លុយចំនួន មួយលានរីងហ្គីត ឬ ២៤៨០០០ដុល្លារអាមេរិក។
ការបង់លុយដើម្បីធានានៅក្រៅឃុំនេះក៏ត្រូវធ្វើឡើងចំនួនពីរដំណាក់កាលដែរ។ ដំណាក់កាលទីមួយគឺបង់លុយពាក់កណ្តាលចំនួនប្រាំសែនរីងហ្គី ហើយកូនទាំងពីររបស់លោក ណាជីប បានបង់រួចរាល់ហើយកាលពីសប្តាហ៍មុន។
ការបង់លុយធានាដំណាក់កាលទីពីរគឺនៅថ្ងៃចន្ទទី ៩ខែកក្កដានេះតែម្តង។ ដូច្នេះហើយ ក្រុមអ្នកគាំទ្រលោក ណាជីប ត្រៀមយកថវិកាដែលមូលនិធិនេះប្រមូលបានទៅជូនក្រុមគ្រួសារលោក ណាជីប នៅថ្ងៃចន្ទនេះដែរ។
ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ីដដែលបានអះអាងថា វិភាគទានដែលត្រូវបានបរិច្ចាគដោយអ្នកស្រលាញ់ពេញចិត្តលោក ណាជីប នោះមានទំហំប្រហែល ៣១០២៤៥ រីងហ្គីត។ ប្រធានក្រុមយុវជនបក្ស UMNO លោក Mohd Razlan Rafii ដែលជាអ្នកសម្របសម្រួលការប្រមែរប្រមូលវិភាគទាននោះបានប្រាប់អ្នកសារព័ត៌មានថា ក្រុមអ្នកគាំទ្រនឹងនាំថវិកាទាំងនោះទៅជូនលោក ណាជីប ផ្ទាល់ដៃនៅថ្ងៃចន្ទនេះ។
ដោយឡែក ខាងក្រុមចលនាស្ត្រីបក្ស UMNO ក៏បាននាំវិភាគទានរបស់ខ្លួនមានទំហំ ២៦១២៨៦ រីងហ្គីត និងខ្សែដៃចំនួនពីរខ្សែទៅជូនលោក ណាជីប រួចរាល់ដែរកាលពីថ្ងៃអាទិត្យ។ ប្រធានចលនាស្ត្រីលោកស្រី Noraini Ahmad បានអះអាងថា វិភាគទានជាសាច់ប្រាក់និងខ្សែដៃគឺជាសណ្តានចិត្តរបស់សមាជិកចលនារបស់លោកស្រីដែលគោរពស្រលាញ់លោក ណាជីប នៅទូទាំងប្រទេសម៉ាឡេស៊ី។ លោកស្រី បានបង្ហាញអារម្មណ៍រីករាយ និងកោតសរសើរការលះបង់របស់បណ្តាសមាជិកទាំងអស់ដែលចង់ជួយអតីតនាយករដ្ឋមន្ត្រីលោក ណាជីបនោះ។
សូមបញ្ជាក់ថា លោក ណាជីប ត្រូវបានគេចាប់ខ្លួន និងចោទប្រកាន់ដោយសារលោកពាក់ព័ន្ធរឿងកិបកេងលុយរដ្ឋ 1MDB។ ចំណែកការចាប់ខ្លួន និងចោទប្រកាន់អតីតមេដឹកនាំម៉ាឡេស៊ីនេះធ្វើឡើងដោយផ្អែកលើការស៊ើបអង្កេតទ្រង់ទ្រាយធំផ្តោតសំខាន់លើរាល់ចរន្តហិរញ្ញវត្ថុទាំងអស់ដែលទាក់ទងនឹងមូលនិធិ 1MDB ដែលបាត់។ ក្រសួងយុត្តិធម៌អាមេរិកកន្លងមករកឃើញថា លុយដែលត្រូវគេលួចចេញពីមូលនិធិរដ្ឋនេះមានយ៉ាងហោចណាស់ ៤,៥ពាន់លានដុល្លារ។ លុយដែលបាត់នោះត្រូវបានគេផ្ទេរនិងប្រើប្រាស់ក្នុងរូបភាពជាការលាងលុយផងដែរ៕
Tag:
(ណាជីប រ៉ាហ្សាក់
1MDB
UMNO
© រក្សាសិទ្ធិដោយ thmeythmey.com