កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ បារាំង និង​បែលហ្ស៊ិក ប្រជែង​គ្នា​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ម៉ោង​១​អធ្រាត្រ​
10, Jul 2018 , 11:01 am        
រូបភាព
ក្រុមអ្នកគាំទ្របែលហ្ស៊ិក និង​បារាំង ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់នេះ។ រូបថត AFP
ក្រុមអ្នកគាំទ្របែលហ្ស៊ិក និង​បារាំង ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់នេះ។ រូបថត AFP
ដោយ: រួបរួម
​តើ​បារាំង ឬ​បែលហ្ស៊ិក​?  ក្រុម​ជម្រើសជាតិ​ដែល​ជាប់​របង​គ្នា ត្រូវ​ប្រជែង​គ្នា​សម្រាប់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ FIFA World Cup 2018 នៅ​ប្រទេស​រុស្ស៊ី​។ ជំនួប​នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​១​អធ្រាត្រ [​ម៉ោង​នៅ​កម្ពុជា​] នា​កីឡដ្ឋាន Saint Petersburg ។​



​នេះ​ជា​ជំនួប​លើក​ទី​៧៤​រវាង​ក្រុម​ទាំងពីរ ដោយ​លទ្ធផល​កន្លងមក បារាំង​ឈ្នះ​២៤​លើក បែលហ្ស៊ិក ឈ្នះ​៣០​លើក និង​ស្មើ​១៩​លើក​។ សម្រាប់​ការប្រកួត​នេះ វា​នឹង​ក្លាយជា​ជំនួប​លើកដំបូង​របស់​ពួកគេ​ក្នុង​ព្រឹត្តិការណ៍ World Cup បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៨៦ នៅពេលដែល​បារាំង​យកឈ្នះ ៤-២ នា​ការ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​បី​។

​ក្រៅពី​ជំនួប​នៅ​ឆ្នាំ​១៩៨៦ បារាំង​ធ្លាប់​ឈ្នះ​បែលហ្ស៊ិក ៣-១ ផងដែរ នា​ការប្រកួត​ជុំទីមួយ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​១៩៣៨ ។ ការប្រកួត​ចុងក្រោយ​រវាង​ក្រុម​ទាំងពីរ គឺ​បែលហ្ស៊ិក បាន​យកឈ្នះ ៤-៣ នា​ជំនួប​មិត្តភាព​នៅ​ក្រុងប៉ារីស ឆ្នាំ​២០១៥ ។​



​បែលហ្ស៊ិក​ទើបតែ​បង្ហាញខ្លួន​លើ​ទី​ពីរ​ប៉ុណ្ណោះ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ដោយ​លើក​ទី​ពីរ ពួកគេ​បាន​ចាញ់​អា​ហ្ស​ង់​ទីន​នៅ​ឆ្នាំ​១៩៨៦ ។​

​សម្រាប់​បារាំង​វិញ ពួកគេ​បង្ហាញខ្លួន​នៅ​វគ្គ​នេះ​ជា​លើក​ទី​៦ ដោយ​បី​លើកដំបូង​សុទ្ធតែ​បាន​ហាលអាវ ពោលគឺ​ក្នុង​ឆ្នាំ​១៩៥៨ ឆ្នាំ​១៩៨២ និង​ឆ្នាំ​១៩៨៦ ។ រីឯ​ពីរលើក​ចុងក្រោយ (​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៦) ពួកគេ​បាន​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​បែលហ្ស៊ិក​មិន​ស្គាល់​បរាជ័យ​នោះឡើយ នា​ការប្រកួត​២៤​លើកចុងក្រោយ​នៅ​រាល់​ព្រឹត្តិការណ៍​ទាំងអស់ ដោយ​ឈ្នះ​១៩ និង​ស្មើ​៥ ។ រីឯ​បារាំង​វិញ ដោយ​មិន​រាប់ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កំណត់​ឈ្នះ​-​ចាញ់ ពួកគេ​ចាញ់​តែមួយ​លើក​គត់​នា​ការប្រកួត​១៣​លើកចុងក្រោយ​។​



​បារាំង​មាន​ខ្សែប្រយុទ្ធ Antoine Griezmann ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៧​គ្រាប់​ក្នុងការ​ប្រកួត​ព្រឹត្តិការណ៍ World Cup និង Euro ខណៈ​បែលហ្ស៊ិក មាន Romelu Lukaku ដែល​រួមចំណែក​សម្រាប់​គ្រាប់​បាល់​បញ្ចូល​ទី​២០​គ្រាប់ នា​ការប្រកួត​១៣​លើកចុងក្រោយ (​ស៊ុត​១៧​គ្រាប់ បញ្ជូន​៣​គ្រាប់​)​។ Kylian Mbappe របស់​បារាំង ជា​កីឡាករ​វ័យក្មេង​ដ៏​លេចធ្លោ ខណៈ Eden Hazard ក៏​កម្លាំង​ដ៏​មុត​ស្រួច​របស់​បែលហ្ស៊ិក​ផងដែរ​៕


Tag:
 FIFA World Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com