អន្តរជាតិ
អេ​រី​ត្រេ​-​អេ​ត្យូ​ពី ពី​សង្គ្រាម​ព្រំដែន​រ៉ាំរ៉ៃ​ជាង​២​ទសវត្សរ៍ ឈានដល់​កិច្ចព្រមព្រៀង​សន្តិភាព​
10, Jul 2018 , 2:48 pm        
រូបភាព
នាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed  អញ្ជើញមកដល់រដ្ឋធានីអាស្មារ៉ាប្រទេសអេរីត្រនិងជួបជាមួយប្រធានាធិបតី Isaias Afwerki
នាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed អញ្ជើញមកដល់រដ្ឋធានីអាស្មារ៉ាប្រទេសអេរីត្រនិងជួបជាមួយប្រធានាធិបតី Isaias Afwerki
 សត្រូវ​ស៊ីសាច់ហុតឈាម​គ្នា​ប្រចាំ​អា​ហ្រិ្វ​ក​អេ​រី​ត្រេ និង​អេ​ត្យូ​ពី​បានប្រកាស​បញ្ចប់សង្គ្រាម​ព្រំដែន​ជា​ផ្លូវការ​ដោយ​មេដឹកនាំ​ប្រទេស​ទាំងពីរ​យល់ព្រម​ស្តារ​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ និង​បើក​ស្ថានទូត​រៀងៗ​ខ្លួន​នៅក្នុង​ប្រទេស​ទាំងពីរ​នៅ​ដើម​សប្តាហ៍​នេះ​។ វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន​អេ​ត្យូ​ពី និង​អេ​រី​ត្រេ​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម​ព្រំដែន និង​ការបន្ត​ប្រឈមមុខ​ដាក់គ្នា​ជិត​ពីរ​ទសវត្សរ៍​មកនេះ​។



​សង្គ្រាម​ព្រំដែន​រវាង​រដ្ឋ​អាហ្វ្រិក​អេ​ត្យូ​ពី និង​អេ​រី​ត្រេ​ដែល​ធ្លាប់ជា​បងប្អូន​នឹង​គ្នា​នោះបាន​ឆក់យក​ជីវិត​ជនស្លូតត្រង់​ជិត ប្រាំបី​ម៉ឺន​នាក់​ឯណោះ​ចាប់ពី​ឆ្នាំ ១៩៩៨ រហូតដល់​ឆ្នាំ ២០០០​។ ទោះបីជា​ឆ្នាំ ២០០០ ភាគី​ទាំងពីរ​ព្រម​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ក៏ពិតមែន សង្គ្រាម​មិនបាន​បញ្ចប់​ឡើយ​។ ការដណ្តើម​គ្នា​យក​ទឹកដី​ក្រុង Badme ជា​ចំណុច​រាំងខ្ទប់​ការបង្កើត​សន្តិភាព​រវាង​រដ្ឋ​នៅ​កុយរមាស​អាហ្វ្រិក (Horn of Africa) នេះ​រហូតមក​។

​ដើម្បី​បញ្ចប់​ជម្លោះ​និង​ចាប់ដៃគ្នា​ឡើងវិញ​ក្នុងនាម​ជា​មិត្ត​ជិតខាង លោកនាយក​រដ្ឋមន្ត្រី​ថ្មី​អេ​ត្យូ​ពី Abiy Ahmed ព្រម​ទទួលយក​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទាំងស្រុង និង គោរព​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការរួម​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​លះបង់​ទឹក​មួយចំនួន និង​តំបន់​ប្រទាញប្រទង់ Badme ផងដែរ​។ ជំហរ​ប្រមុខ​រដ្ឋាភិបាល​ថ្មី​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល ហើយ​អ្នកនយោបាយ​អេ​ត្យូ​ពី​ខ្លះ​ដាក់​មន្ទិលសង្ស័យ និង​ខ្លះ​មិន​ពេញ​ចិត្តនឹង​ឆន្ទៈ​បញ្ចប់​ជម្លោះ​ជាមួយ​អេ​រី​ត្រេ​ឡើយ​។​

១.​អេ​រី​ត្រេ​ប្រកាស​ឯករាជ្យ​ពេលណា​?

​ក្រោយ​ម្ចាស់​អាណានិគម​អ៊ីតាលី​ចាកចេញ​ពី​អេ​ត្យូ​ពី​ឆ្នាំ ១៩៥១  នៅ​ឆ្នាំ ១៩៦២ មហាក្សត្រ​អេ​ត្យូ​ពី​ចុងក្រោយ​បំផុត​ព្រះ​ចៅ Haile Selassie បានសម្រេច​បញ្ចប់​ស្វ័យភាព​នៃ​ទឹកដី អេ​រី​ត្រេ និង​ដាក់​ទឹកដី​នេះ​ជា​អាណាខេត្ត​ដែល​ស្ថិតក្រោម​ឧបសម្ព័ន្ធ​របស់ខ្លួន​។ បើតាម​ទូ​ទស្សន៍​កាតា Aljazeera ក្រោយ​មានការ​សម្រេច​បែបនេះ ប្រជាជន​អេ​រី​ត្រេ​បានសម្រេច​ចូលរួម​ចលនា​ប្រដាប់អាវុធ​ដើម្បី​ទាមទារ​ឯករាជ្យ​ចាប់ពីពេលនោះ​មក​។

​អស់​ពេល​ប្រហែល​ជិត ៣០​ឆ្នាំ ក្រោយ​ធ្វើសង្គ្រាម​ទាមទារ​ឯករាជ្យ​នេះ ក្នុង​ឆ្នាំ ១៩៩១ ក្រុម​ឧទ្ទាម​អេ​រី​ត្រេ​បាន​ជួយ​ប្រជាជន​អេ​ត្យូ​ពី​ផ្តួលរំលំ​របប​ដឹកនាំ​យោធា​ដែល​ដឹកនាំ​ដោយ​វរសេនីយ៍ឯក Mengistu Haile Mariam និង​បាន​ដណ្តើមយក​ទីក្រុង Asmara ដែល​រដ្ឋធានី​អេ​រី​ត្រេ និង​សម្រេច​លើក​បន្ទុក​រដ្ឋាភិបាល​មួយ​នៅក្នុង​ទឹកដី​អេ​រី​ត្រេ​តែម្តង​។ តាម​ស្ថានភាព​ជាក់ស្តែង អេ​រី​ត្រេ​តាំងខ្លួន​ជា​រដ្ឋ​ឯករាជ្យ​មួយ​។​

​រហូតដល់​ឆ្នាំ ១៩៩៣ អេ​រី​ត្រេ​បានទទួល​សិទ្ធិ​ក្នុង​ការរៀបចំ​ប្រជាមតិ​មួយ​ដើម្បី​ស្ទង់​មតិ​ប្រជាជន​ថា​ពួកគេ​ចង់​រស់នៅ​ជាមួយ​អេ​ត្យូ​ពី ឬ​ចង់​ប្រកាស​ឯករាជ្យ​នោះ​។ ក្នុងការ​បោះឆ្នោត​ពេលនោះ ប្រជាជន​អេ​រី​ត្រ ៩៨,៥ ភាគរយ​បាន​ចុះឈ្មោះ​ចូលរួម​បោះឆ្នោត ហើយ​ជា​លទ្ធផល​ប្រជាជន​ប្រហែល ៩៩,៨ ភាគរយ​ឯណោះ​ដែល​គាំទ្រ​ការប្រកាស​ឯករាជ្យ បើទោះជា​ព្រំដែន​ប្រទេស​ទាំងពីរ​ដែលមាន​ចម្ងាយ ១០០០​គីឡូម៉ែត្រ​នោះ​មិនត្រូវ​បាន​គេ​កំណត់​ច្បាស់លាស់​ឡើយ​ពេលនោះ​។

​យ៉ាងណាមិញ បញ្ហា​មិន​បញ្ចប់​ត្រឹម​ការប្រកាស​ឯករាជ្យរ​ស់​នៅ​ដាច់ដោយឡែក​ពីគ្នា​ឡើយ​។ ពេលដែល​អេ​រី​ត្រេ​ផ្តាច់ខ្លួន អេ​ត្យូ​ពី​ក្លាយជា​ប្រទេស​ដែល​គ្មាន​សមុទ្រ ដោយ​លែងមាន​ព្រំដែន​ជាប់​សមុទ្រ​ក្រហម​។ វា​ជា​បញ្ហា​ប្រឈម​យុទ្ធសាស្ត្រ​ចម្បង​សម្រាប់​រដ្ឋ​មហាអំណាច​តំបន់​ដែល​ស្ថិតនៅ​តំបន់​កុយរមាស​អាហ្វ្រិក​មួយ​នេះ​។​

២.​សង្គ្រាម​ផ្ទុះឡើង​ព្រោះ​បញ្ហា​ព្រំដែន​

​ក្រោយ​ការប្រកាស​ឯករាជ្យ ទំនាក់ទំនង​ប្រទេស​ទាំងពីរ​មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ​។ ដល់​ឆ្នាំ ១៩៩៧ ក្រោយ​ពេលដែល​អេ​រី​ត្រេស​ម្រេច​ដាក់ចេញ​រូបី​យ​វត្ថុ​ផ្ទាល់ខ្លួន ទំនាក់ទំនង​ចាប់ផ្តើម​រង្គោះរង្គើរ​ខ្លាំង​តែម្តង​។

​ក្នុង​ខែឧសភា​ឆ្នាំ ១៩៩៨ ការប្រយុទ្ធ​គ្នា​ផ្ទុះឡើង បន្ទាប់ពី​ពេលដែល​កងកម្លាំង​យោធា​អេ​ត្យូ​ពី​ចូល​ឈ្លានពាន​ទឹកដី​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់ Badme ដែល​ទីក្រុង​មួយ​ស្ថិតក្រោម​បន្ទាប់​ព្រំដែន​បន្សល់ទុក​ដោយ​ម្ចាស់​អាណានិគម​អ៊ីតាលី​។  ក្រុង Badme គ្មាន​ប្រេង​, គ្មាន​ត្បូង និង​គ្មាន​ធនធាន​មានតម្លៃ​អ្វី​ទេ ប៉ុន្តែ​វា​ជា​ល្បែង​នយោបាយ​របស់​ភាគី​ទាំងពីរ​ដែល​ចង់​ឈ្នះ​រៀងខ្លួន​ប៉ុណ្ណោះ​។ ដូច្នេះ​ច្នេះ​គេ​ប្រដូច​ការប្រយុទ្ធ​គ្នា​រវាង​អេ​រី​ត្រេ និង​អេ​ត្យូ​ពីនេះ​ទៅនឹង «​បុរស​ទំពែក​ពីរ​នាក់​ដែល​វាយ​គ្នា​ដណ្តើមយក​ស្និត​សិតសក់​»​។

​ជា​បន្តបន្ទាប់​ការប្រយុទ្ធ​គ្នា​នេះ​រីក​រាលដាល​កាន់តែខ្លាំង ហើយ​ភាគី​ជម្លោះ​សម្រេច​ប្រើប្រាស់​កងកម្លាំង​ទ័ពអាកាស​ដើម្បី​វាយប្រហារ​គ្នា​ទៅវិញទៅមក​ផង​ដើម្បី​ធ្វើយ៉ាងណា​អាច​ដណ្តើម​ទីក្រុង​នេះ​បាន​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​ខែឧសភា​ឆ្នាំ ២០០០ ការប្រយុទ្ធ​កម្រើក​ជាថ្មី ឯ​ការចរចា​គ្នា​ក៏​ចាប់ផ្តើម​ឡើងវិញ​ដែរ​នៅក្នុង​អាល់​ហ្សេ​រី​។ មនុស្ស​ស្លាប់​កើន​ឡើងដល់​យ៉ាងហោចណាស់​ប្រាំបី​ម៉ឺន​នាក់ (​របាយការណ៍​ខ្លះ​អះអាងថា អ្នកស្លាប់​មាន​ដល់​ដប់​ម៉ឺន​នាក់​)  ដោយសារ​សង្គ្រាម​ព្រំដែន​បី​ឆ្នាំនេះ ហើយ​ជន​ស៊ីវិល​រាប់សែន​នាក់​ភៀសខ្លួន​គេច​ពី​សង្គ្រាម​នេះ​។

៣.​កិច្ចព្រមព្រៀង​សន្តិភាព​តែ​ភាគី​គ្មាន​ឆន្ទៈ​អនុវត្ត​

​ក្នុង​ខែមិថុនា​ឆ្នាំ ២០០០ ភាគី​ជម្លោះ​ទាំងពីរ​សម្រេចបាន​កិច្ចព្រមព្រៀង​សន្តិភាព​ជំហាន​បឋម​មួយ​ក្រោម​ការជួយជ្រោមជ្រែង​ពី​អង្គ​ការឯកភាព​អាហ្វ្រិក (African Unity Organization) មុនពេល​អង្គការ​បញ្ចប់​ប្រតិបត្តិការ​របស់ខ្លួន​ទាំងស្រុង​នៅ​ឆ្នាំ ២០០២​។​

​កិច្ចព្រមព្រៀង​សន្តិភាព​នេះ​ធានា​ឲ្យ​មានការ​ពង្រាយ​កងទ័ព​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ទៅកាន់​តំបន់ស និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អេ​ត្យូ​ពី​ដក​កងទ័ព​ចេញពី​ក្នុង​ទឹកដី​អេ​រី​ត្រ​ផងដែរ​។ កិច្ចព្រមព្រៀង​ផ្លូវការ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ភាគី​ទាំងពីរ​នៅ​ខែធ្នូ​ឆ្នាំ​ដដែល​។ កិច្ចព្រមព្រៀង​ផ្លូវការ​នេះដែរ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ព្រំដែន​រួម​អេ​ត្យូ​ពី​-​អេ​រី​ត្រ ដែល​ស្ថិតនៅ​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ទីក្រុង​ឡាអេ ហើយ​វា​មាន​បន្ទុក​គូសបន្ទាត់​ព្រំដែន និង​ដោះស្រាយ​តំបន់​ជម្លោះ​។ អំណាច​គណៈកម្មការ​នេះ គឺ​ចេញ​សេចក្តីសម្រេច​មួយ​ចុងក្រោយ​បិទផ្លូវ​តវ៉ា និង​មាន​អនុភាព​គតិយុត្តិ​ផងដែរ​។​

​យ៉ាងណា​ក៏ដោយចុះ ក្នុង​ខែមេសា​ឆ្នាំ ២០០២ គណៈកម្មការ​ពិសេស​នេះ​បានចេញ​សេចក្តីសម្រេច​មួយ​ដែល​បែងចែក​ទឹកដី​ធំ​សម្បើម​រួមបញ្ចូល​ទាំង​ទឹកដី​ក្រុង Badme ដ៏​ចម្រូងចម្រាស​នេះ​ទៅ​ឲ្យ​អេ​រី​ត្រេ​។ អេ​ត្យូ​ពី​ឃើញថា វា​គ្មាន​ហេតុផល​ណា​ដែល​ខ្លួន​ត្រូវ​ទទួលយក​សេចក្តីសម្រេច​នេះ​ទេ ហើយ​ចាត់ទុកថា សាលក្រម​នេះ​ខុសច្បាប់ គ្មាន​យុត្តិធម៌ និង​គ្មាន​ទំនួល​ខុសត្រូវ​ឡើយ​។ មិនបាន​បង្អែរ​បង្អង់​យូរ​ឡើយ រដ្ឋ​អាហ្វ្រិក​នេះ​ក៏​ស្នើ​ឲ្យ​គណៈកម្មការ​នេះ​បកស្រាយ​សេចក្តីសម្រេច​ខ្លួន​ឡើងវិញ ប៉ុន្តែ​គណៈកម្មការ​នេះ​បដិសេធ​។​

​ដោយ​ខឹងសម្បារ​ខ្លាំង​ផង អេ​ត្យូ​ពី​មិន​ដក​កងទ័ព​ចេញពី​ទីក្រុង Badme ទេ​។ ការប្រឈមមុខ​ដាក់គ្នា​បន្តទៅ​មុខ ដោយ​វា​ធ្វើ​ឲ្យ​ការអនុវត្ត​សាលក្រម​និង​ការ​គូស​បន្ទាប់​ព្រំដែន​បន្ត​ពន្យារពេល​ទៀត​។ ក្រៅពីនេះ​ភាព​តានតឹង​ក៏​បន្ត​កើនឡើង​ទៅទៀត​ដោយ​ភាគី​ទាំងពីរ​បន្ត​ប៉ះទង្គិច​គ្នា ចល័ត​កងទ័ព និង​ការដាក់​បង្កប់​មីន​តាម​ព្រំដែន​ជាដើម​។  រដ្ឋាភិបាល​អេ​រី​ត្រេ​ឯណោះ​វិញ យក​លេស​ជម្លោះព្រំដែន​រឹតបន្តឹង​សិទ្ធិមនុស្ស សេរីភាព​ព័ត៌មាន និង​ចាប់ចង​អ្នកនយោបាយ​ប្រឆាំង​ជាដើម ថ្វីបើ​មានការ​ទិតៀន​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ​។​

​ឆ្នាំ ២០០៦ ស្រប​ពេលដែល​ស្ថានការណ៍​មិនមាន​ធូរស្រាល​បន្តិច​សោះ​នោះ ហើយ​គេ​ក៏​ខ្លាច​ថា សង្គ្រាម​អាច​ផ្ទុះឡើង​ជាថ្មីទៀត ការពិភាក្សាគ្នា​ដើម្បី​រក​វិធានការ​ចាប់ផ្តើម​កំណត់ព្រំដែន​នៅ​អង់គ្លេស​ក៏​បរាជ័យ​ទៀត​។ ភាគី​ទាំងពីរ​ក៏​បន្ត​ចោទ​គ្នា​ទៅវិញទៅមក​ថា មាន​ជំហរ​ក្រឡិចក្រឡុច​ទុកចិត្ត​មិនបាន​ថែមទៀត​ផង​។ ជា​បន្ត​បន្ទាប់មកទៀត អេ​ត្យូ​ពី​បាន​ចោទប្រកាន់ថា អេ​រី​ត្រេ​មាន​ចេតនា​ពិសពុល​ចង់​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅក្នុង​ប្រទេស​ខ្លួន​ផង​បន្ទាប់ពី​កងទ័ព​ខ្លួន​សម្លាប់​ក្រុម​ឧទ្ទាម​ច្រើនជាង ១១០​នាក់​។  ប៉ុន្តែ​អេ​រី​ត្រេ​បន្ត​បដិសេធ​ការចោទប្រកាន់​នេះ​រហូតមក​។ ការប៉ះទង្គិច​គ្នា​តាម​ព្រំដែន​កើត​ឡើងជា​ហូរហែរ​មក​រហូតដល់​ពេល​រដ្ឋាភិបាល​អេ​ត្យូ​ពី​ទី ១២​របស់លោក​នាយករដ្ឋមន្ត្រី Abiy Ahmed ឡើងកាន់តំណែង​កាលពី​ខែមេសា​ឆ្នាំនេះ​។

៤.​ទុក​អ​តី​កាល​មួយ​ឡែក រដ្ឋាភិបាល​អេ​ត្យូ​ពី​ថ្មី​ជ្រើស​រើសយក​សន្តិភាព

​រឿង​ដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​សម្រាប់​ប្រជាជន​ទាំងសងខាង និង​សហគមន៍​អន្តរជាតិ​នោះ​គឺ ការសម្រេច​របស់លោក Abiy Ahmed ដែល​ប្រកាសប្រាប់​រដ្ឋាភិបាល​អេ​រី​ត្រេ​ដឹកនាំ​ដោយ​ប្រធានាធិបតី​លោក  Isaias Afwerki ព្រម​ទទួល​ធ្វើ​សម្បទាន​យ៉ាង​ធំធេង​ដោយ​យក​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​ចម្រុះ​នោះ​ឥតមាន​លក្ខខណ្ឌ​។ លោក Abiy អះអាងថា អេ​ត្យូ​ពី​ព្រម​លះបង់​ទឹកដី​របស់ខ្លួន​រួមទាំង​ទីក្រុង Badme និង​ដក​កងទ័ព​ចេញពី​តំបន់​ទាំងនោះ​តាម​សេចក្តីសម្រេច​ឆ្នាំ ២០០២​នោះ​។ ជំហរ​របស់លោក Abiy ជា​រឿង​ដែល​សហគមន៍​អន្តរជាតិ​សាទរ​ជាពិសេស​ប្រជាជន​អេ​រី​ត្រេ​ដែល​រងគ្រោះ​ខ្លាំង ប៉ុន្តែ​អ្នកនយោបាយ​អេ​ត្យូ​ពី​ខ្លះ​កំពុង​ឆ្ងល់ និង​មិន​យល់ស្រប​នឹង​សម្បទាន​របស់លោក​ឡើយ​។​

​ដោយឡែក រដ្ឋាភិបាល​អេ​រី​ត្រេ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​អា​ឌី​អា​បា​បាស និង​បាន​បញ្ជូន​ប្រតិភូ​មួយក្រុម​ភ្លាមៗ​ដែរ​ទៅ​ជួបពិភាក្សា​ជាមួយ​ភាគី​អេ​ត្យូ​ពី​ដើម្បី​កំណត់​ផែនការ​ដើម្បី​ឈានទៅ​អនុវត្ត​ត​សេចក្តីសម្រេច​នោះ​។​

​ដល់ ថ្ងៃ​៨ ខែកក្កដា​ដែលជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នោះ លោក Abiy ធ្វើដំណើរ​ដោយផ្ទាល់​ទី​កាន់​រដ្ឋធានី អា​ស្មា​រ៉ា (Asmara) ដើម្បី​ជួប​ជាមួយ​លោក Afwerki ដោយផ្ទាល់​។ ប្រជាជន​អេ​រី​ត្រេ​ចេញ​សាទរ​ភ្លូកទឹកភ្លូកដី​នៅតាម​ផ្លូវ និង​ស្វាគមន៍​វត្តមាន​របស់​លោកនាយក​រដ្ឋមន្ត្រី​អេ​ត្យូ​ពី​។ អ្វីដែល​គួរ​ឲ្យ​ត្រេកអរ​ខ្លាំង​នោះ លោក Abiy បានប្រកាស​ជា​ផ្លូវការ​ថា ភាគី​ទាំងពីរ​សម្រេច​បើក​ស្ថានទូត​នៅ​ទឹកដី​ទាំងសងខាង និង​ស្តារ​ទំនាក់ទំនង​ឡើងវិញ​តាមរយៈ​ការបើក​ព្រំដែន​ផងដែរ​។ ថ្វីបើ​សន្តិភាព​កើត​ឡើងជា​រឿង​ដែល​គេ​ស្វាគមន៍​ក៏ពិតមែន បញ្ហា​ជាច្រើន​ដែល​ភាគី​ត្រូវ​ដោះស្រាយ ហើយ​ចរន្ត​នយោបាយ​ក្នុងស្រុក​អាចធ្វើ​ឲ្យ​ឆន្ទៈ​បង្កើត​សន្តិភាព​នេះ​ប្រែប្រួល​ផង​ក៏​មិនដឹង​៕



Tag:
 អេ​ត្យូ​ពី​
  អេ​រី​ត្រេ​
  សង្គ្រាម​ព្រំដែន​
  Badme
© រក្សាសិទ្ធិដោយ thmeythmey.com