AFF U19៖ ជំនួប​បង្គ្រប់កិច្ច​សម្រាប់​កម្ពុជា តែ​សំខាន់​សម្រាប់​ទី​ម័​រ​ខាងកើត​នៅ​រសៀល​នេះ​
កីឡាជាតិ
ជាតិ
AFF U19៖ ជំនួប​បង្គ្រប់កិច្ច​សម្រាប់​កម្ពុជា តែ​សំខាន់​សម្រាប់​ទី​ម័​រ​ខាងកើត​នៅ​រសៀល​នេះ​
10, Jul 2018 , 3:14 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ត្រូវ​តទល់​ជាមួយ​ទី​ម័​រ​ខាងកើត សម្រាប់​ជំនួប​ចុងក្រោយ​ពានរង្វាន់ AFF U19 Championship ប្រចាំឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ការប្រកួត ដែល​ប្រព្រឹត្តទៅ​ម៉ោង​៣:៣០​នាទី​រសៀល នៅ​កីឡដ្ឋាន Gelora Joko Samudro Stadium វា​ជា​ជំនួប​បង្គ្រប់កិច្ច​សម្រាប់​កម្ពុជា ខណៈ​ទី​ម័​រ​ខាងកើត​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​។ ជាមួយគ្នានេះ U19 ម៉ាឡេស៊ី ត្រូវ​ប្រជែង​ដណ្តើម​កំពូល​តារាង​ពូ​ល B ជាមួយ​មី​យ៉ាន់​ម៉ា នៅ​ម៉ោង​៧​យប់​។



​ទោះបី​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFF U19 Championship ប្រចាំឆ្នាំ​២០១៨ ក៏ដោយ តែ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ត្រូវការ​ឈ្នះ​ក្រុមទី​ម័​រ​ខាងកើត​ក្នុងជំនួប​បង្គ្រប់កិច្ច​ថ្ងៃនេះ ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ ក្រោយ​ពួកគេ​ធ្វើ​ឲ្យ​ខកចិត្ត​ពីរ​ប្រកួត​ជាប់​គ្នា​កន្លងមកនេះ​។ ទោះបី​វា​ជា​ជំនួប​បង្គ្រប់កិច្ច តែ​នឹង​ក្លាយជា​ជំនួប​ដ៏​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ ព្រោះ​ទី​ម័​រ​ខាងកើត​ត្រូវការ​ឈ្នះ​កម្ពុជា​ដាច់ខាត ដើ​ម្បីប្រជែង​ដណ្តើម​កៅអី​ទៅ​វគ្គ​បន្ត​។

​ការប្រកួត​ដែល​ប្រព្រឹត្តទៅ​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន Gelora Joko Samudro Stadium វា​ជា​ជំនួប​លើក​ទី​៣​រវាង​ក្រុម​ពីរ ដោយ​លទ្ធផល​កន្លងមក កម្ពុជា​ចាញ់​១​លើក​និង​ស្មើ​១​លើក​។ នា​ការប្រកួត​ឆ្នាំ​២០១៣ នៅ​ប្រទេស​ឥណ្ឌូណេស៊ី កម្ពុជា​បាន​ចាញ់​ទី​ម័​រ​ខាងកើត​ក្នុង​លទ្ធផល ៣-១ មុន​ក្រុម​ទាំងពីរ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នៅ​ឆ្នាំ​២០១៧ លើទឹក​ដី​មី​យ៉ាន់​ម៉ា​។

​ករណី​កម្ពុជា​ឈ្នះ​ក្នុង​ការប្រកួត​នេះ ក្រុមទី​ម័​រ​ខាងកើត​នឹង​ធ្លាក់​ចេញពី​ពានរង្វាន់ AFF U19 Championship 2018 ដោយ​ស្វ័យប្រវត្តិ​។ តែបើ​ទី​ម័​រ​ខាង​កើតជា​អ្នកឈ្នះ​វិញ ក្រុម​នេះ​អាចមាន​ឱកាស​ច្រើន​ក្នុងការ​ឈានទៅ​វគ្គ​បន្ត ជាពិសេស​ជំរុញ​ឲ្យ​ក្រុម​ម៉ាឡេស៊ី​និង​មី​យ៉ាន់​ម៉ា ត្រូវ​ប្រជែង​ដណ្តើម​ជ័យជម្នះ​គ្នា ពេល​ពួកគេ​ជួបគ្នា​ម៉ោង​៧​យប់​នៅ​កីឡដ្ឋាន Gelora Joko Samudro Stadium​។

​បច្ចុប្បន្ន​ទី​ម័​រ​ខាងកើត​ឈរ​លេខ​រៀង​ទី​៣​មាន​៥​ពិន្ទុ រីឯ​ក្រុម​មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី​ឈរ​កំពូល​តារាង​និង​លេខ​២​ជា​បន្តបន្ទាប់​មាន​៧​ពិន្ទុ​ដូចគ្នា​៕  


Tag:
 បាល់ទាត់​
  AFF U19
  U19 កម្ពុជា​
  ទី​ម័​រ​ខាងកើត​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66690 [1] => 31,9 [2] => AFF U19៖ ជំនួប​បង្គ្រប់កិច្ច​សម្រាប់​កម្ពុជា តែ​សំខាន់​សម្រាប់​ទី​ម័​រ​ខាងកើត​នៅ​រសៀល​នេះ​ [3] => content [4] => [5] => បាល់ទាត់​, AFF U19, U19 កម្ពុជា​, ទី​ម័​រ​ខាងកើត​, ឥណ្ឌូណេស៊ី [6] => 69 [7] => 0 [8] => )