រដ្ឋបាល ត្រាំ មិន​បន្ធូរដៃ​ឲ្យ​ចិន ដោយ​ត្រៀម​ដាក់​ពន្ធ​នាំចូល ២០០​ពាន់​លាន​ដុល្លារ​ទៀត​

អន្តរជាតិ
រដ្ឋបាល ត្រាំ មិន​បន្ធូរដៃ​ឲ្យ​ចិន ដោយ​ត្រៀម​ដាក់​ពន្ធ​នាំចូល ២០០​ពាន់​លាន​ដុល្លារ​ទៀត​
11, Jul 2018 , 7:39 pm         892
រូបភាព
​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១០ ខែកក្កដា បាន​គំរាម​ដាក់​ពន្ធ​នាំចូល​លើ​ទំនិញ​របស់​ចិន​ដែលមាន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ ស្រប​ពេលដែល​ស្ថានភាព​ពាណិជ្ជកម្ម​មហាអំណាច​ទាំងពីរ​នេះ​កំពុង​យ៉ាប់យ៉ឺន​ដោយសារ​ការដំឡើង​ពន្ធ​ទៅមក​ស្រាប់​ហើយ​នោះ​។ ទំនិញ​ចិន​ជាច្រើន​មុខ នឹងត្រូវ​ប្រឈមមុខ​ពន្ធ​១០​ភាគរយ ហើយ​ដែល​អាច​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែកញ្ញា​ទៅ​។ ចិន​ឯណោះ​ក៏​ព្រមាន​វិញ​ថា ទង្វើ​របស់​អាមេរិក​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន​-​អាមេរិក​ល្អក់កករ​ខ្លាំង​។



​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន កំពុងតែ​ក្ដៅគគុក​ថែមទៀត ខណៈដែល​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​មុខទំនិញ​ចិន​ដែល​ត្រូវ​រង​ពន្ធ​១០​ភាគរយ​ក្នុង​ទំហំ​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​។ កាលពី​ថ្ងៃទី​៦ ខែកក្កដា អាមេរិក​ក៏​ទើប​ចាប់ផ្ដើម​អនុវត្ត​ពន្ធ​តម្លៃ​៣៤​ពាន់​ដុល្លារ​លើ​ផលិតផល​ចិន​ដែល​នាំចូល​ទីផ្សារ​អាមេរិក ហើយ​ជាការ​សងសឹក ចិន​ក៏បាន​ដាក់​ពន្ធ​លើ​ទំនិញ​អាមេរិក​ដូចគ្នា​ដែរនោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Robert Lighthizer បេសកជន​ពាណិជ្ជកម្ម​របស់​អាមេរិក​អះអាងថា ផែនការ​ដាក់​ពន្ធ​ថ្មី​នេះ គឺជា​ឆ្លើយតប​ទៅនឹង​វិធានការ​របស់​ចិន​ដែល​ដាក់​ពន្ធ​លើ​ទំនិញ​អាមេរិក ក្រោយ​អាមេរិក​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​នោះ​។ ដោយ​ចាត់ទុក​ទង្វើ​របស់​ចិន​ជា​រឿង​ខុសច្បាប់ លោក Lighthizer អះអាងថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​បញ្ជា​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ចាប់ផ្ដើម​ដំណើរការ​អនុវត្ត​ពន្ធ​២០០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​ចិន​តែម្ដង​។​

​តាម​ផែនការ អាមេរិក​នឹង​សវនាការ​សាធារណៈ​មួយ​នៅ​ខែសីហា​លើ​បញ្ជី​ឈ្មោះ​ទំនិញ​ដែល​ត្រូវ​រង​ពន្ធ មុននឹង​រៀបចំ​បញ្ជី​ជា​ចុងក្រោយ រួច​បញ្ជូនទៅ​ឲ្យ​លោក ត្រាំ សម្រេច​ជា​ចុងក្រោយ​។ តាម​បញ្ជី​ដំបូង​នេះ ទំនិញ​ចិន​ដែល​ត្រូវ​ជាប់ពន្ធ​ថ្មី​មានដូចជា​សាច់​កក ត្រី​ស្រស់ គ្រឿង​សមុទ្រ បន្លែ ផ្លែឈើ និង​ដែកថែប​ជាដើម​។ លើសពីនោះ ទំនិញប្រើប្រាស់​ជាច្រើន​មុខ​ទៀត​ជាអាទិ៍ គ្រឿង​គីមី សម្បក​កង់ ក្រដាស ក៏ដូចជា​ផលិតផល​ស្បែក ដែល​អាមេរិក​អះអាងថា ប៉ះពាល់​ដល់​ផលិតកម្ម​ក្នុងស្រុក​។​

​ទោះជា​មាន​ផែនការ​ដាក់​ពន្ធ​ក្ដី មន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​ខាងលើ​នៅតែ​ប្រកាស​ជំហរ​ថា អាមេរិក​បន្ត​ចំហ​ទ្វារ​ចរចា​ជាមួយ​ចិន​ដដែល ប៉ុន្តែ​ការឆ្លើយតប​របស់​ចិន​ហាក់​មិន​សម​ស្របតាម​ការចង់​បាន​សោះ​។ លោក Lighthizer សង្កត់ធ្ងន់ថា ច្រើនជាង​មួយឆ្នាំ​មកនេះ រដ្ឋបាល​លោក ត្រាំ បាន​ទទូច​ដោយ​ការអត់ធ្មត់​ឲ្យ​ចិន​បញ្ឈប់​វិធានការ​ពាណិជ្ជកម្ម​ដែល​អយុត្តិធម៌ បើកចំហ​ទីផ្សារ និង​ចូលរួម​ក្នុង​ទីផ្សារ​ប្រកួតប្រជែង​ដ៏​ពិតប្រាកដ​។​

​ចំណាត់ការ​របស់​អាមេរិក មិនបាន​ធ្វើ​ឲ្យ​ចិន​រអា​ឡើយ​។ ក្រោយ​ឮដំណឹង​អាមេរិក​ចង់​ដាក់​ពន្ធ​ទំហំ​២០០​ពាន់​លាន​ដុល្លារ​ទៀត ក្រសួងពាណិជ្ជកម្ម​ចិន​បានចេញ​មុខ​តប​វិញ​ថា នេះ​ជា​រឿង​មិនអាច​ទទួលយកបាន​ដាច់ខាត​។ ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​១១ ខែកក្កដា ក្រសួងពាណិជ្ជកម្ម​ចិន​បញ្ជាក់ថា ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​របស់ខ្លួន ចិន​នឹង​ចាត់វិធានការ​ចាំបាច់​ត​បត​វិញ​ដូចដែល​ធ្លាប់​បានធ្វើ​នាពេល​កន្លងមក​៕
 

Tag:
 ចិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next