AFF U19៖ មី​យ៉ាន់​ម៉ា បាន​កៅអី​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ដោយសារ​កម្ពុជា​ឈ្នះ​ទី​ម័​រ​ខាងកើត​

កីឡាជាតិ
ជាតិ
AFF U19៖ មី​យ៉ាន់​ម៉ា បាន​កៅអី​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ដោយសារ​កម្ពុជា​ឈ្នះ​ទី​ម័​រ​ខាងកើត​
11, Jul 2018 , 10:19 pm         703
រូបភាព
រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​កម្រិត​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ រកឃើញ​ក្រុម​ខ្លាំង​ទាំង​៤​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​កាលពី​ថ្ងៃទី​១០ ខែកក្កដា​។ ក្រុម U19 កម្ពុជា​, ទី​ម័​រ​ខាងកើត​, ព្រុយ​ណេ​, វៀតណាម​, ឡាវ​, ហ្វីលីពីន និង​សិង្ហ​បុរី សុទ្ធតែ​ហាលអាវ​ក្នុង​ព្រឹត្តិការណ៍ AFF U19 Championship នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​



U19 មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី ក្រុម​តំណាង​ពូ​ល B សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U19 Championship ក្រោយ​ក្រុម​ទាំងពីរ​ទទួល​ពិន្ទុ​ខ្ពស់​ជាងគេ នា​ការប្រកួត​ជម្រុះ​តាម​ពូ​ល​។ ក្រុម​ទាំងពីរ​នេះ ត្រូវ​ប្រជែង​ជាមួយ ថៃ និង​ឥណ្ឌូណេស៊ី ជា​ក្រុម​តំណាង​ឲ្យ​ពូ​ល A ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​។ ក្នុងនោះ ក្រុម​លេខ​១​ពូ​ល A ថៃ ប្រជែង​ជាមួយ​ក្រុម​លេខ​២​ពូ​ល B មី​យ៉ាន់​ម៉ា ខណៈ​ក្រុម​លេខ​២​ពូ​ល A ឥណ្ឌូណេស៊ី តទល់​ជាមួយ​ក្រុម​លេខ​១​ពូ​ល B ម៉ាឡេស៊ី​។ ការប្រកួត​ទាំងពីរ​គូ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Gelora Delta Stadium ដូចគ្នា​។​



​ទោះបី U19 មី​យ៉ាន់​ម៉ា ឡើងទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​ក៏ដោយ តែ​ត្រូវ​ដឹងគុណ​ក្រុម U19 កម្ពុជា ដែល​បាន​ទម្លាក់​ទី​ម័​រ​ខាងកើត​ក្នុង​វគ្គ​ជម្រុះ​ពូ​ល B ជាមួយ​ជម្នះ​ចុងក្រោយ ២-១​។ បើ​កម្ពុជា​មិនអាច​យកឈ្នះ​ទី​ម័​រ​ខាងកើត ក្នុងជំនួប​បង្គ្រប់កិច្ច​របស់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែកក្កដា ម្សិលមិញ​ទេ នោះ​ឱកាស​ឡើងទៅ​វគ្គ​បន្ត​របស់​មី​យ៉ាន់​ម៉ា អាច​ប្រឈម​នឹង​បាត់បង់​។​

​គួរ​បញ្ជាក់ថា នា​ជំនួប​ចុងក្រោយ​ប្រចាំ​ពូ​ល B ក្រុម​មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី មាន​៧​ពិន្ទុ​ស្មើគ្នា ខណៈ​ទី​ម័​រ​ខាងកើត​មាន​៥​ពិន្ទុ​។ ម៉ាឡេស៊ី​បាន​យកឈ្នះ​មី​យ៉ាន់​ក្នុង​លទ្ធផល ១-០ តំណាលគ្នា​ជាមួយ​កម្ពុជា​យកឈ្នះ​ទី​ម័​រ​ខាងកើត ២-១​។ ក្នុងករណី កម្ពុជា បន្ធូរដៃ​ឲ្យ​ទី​ម័​រ​ខាងកើត​យកឈ្នះ​ខ្លួន នោះ​មី​យ៉ាន់​ម៉ា​នឹង​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​នេះ​។ ត្រង់ចំណុច​នេះហើយ ដែល​មី​យ៉ាន់​ម៉ា គួរ​ដឹងគុណ​ដល់​ក្រុម​កម្ពុជា ដែល​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​។



​មិនមែន​មានតែ​កម្ពុជា​នោះទេ សូម្បីតែ​វៀតណាម​, ហ្វីលីពីន​, ឡាវ​, សិង្ហ​បុរី​, ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ ក៏​ហាលអាវ​ផងដែរ​។ ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​នឹង​ចាក​ពី​ឥណ្ឌូណេស៊ី​មកដល់​មាតុប្រទេស​នៅ​ថ្ងៃទី​១៥ ខែកក្កដា ខាងមុខ​៕       


Tag:
 AFF U19
  មី​យ៉ាន់​ម៉ា​
  ទី​ម័​រ​ខាងកើត​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next