អន្តរជាតិ
រដ្ឋាភិបាល​ចិន​បបួល​អូស្ត្រាលី​ជាថ្មី​ឲ្យ​ចូល​ជា​សមាជិក​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់​មួយ​វិថី​មួយ​»​របស់ខ្លួន​
11, Jul 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សប្តាហ៍​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រាប់​ឲ្យ​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​ចូលរួម​ក្នុង​«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​»​របស់ខ្លួន​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ច្រើន​។ ការទទូច​ឲ្យ​អូស្ត្រាលី​ចូលរួម​ជាមួយ​ខ្លួន​នេះ​ធ្វើឡើង​ស្របពេល​ដែល​អូស្ត្រាលី​បន្ត​បង្ហាញ​មន្ទិលសង្ស័យ​ចំពោះ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​សម្បើម​ផ្តួចផ្តើម​ដោយ​ចិន​នេះ​នៅឡើយ​។​



​នា​វេទិកា​សន្និសីទ​ស្តីពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​(OBOR) នៅ​ទីក្រុង Darwin ប្រទេស​អូស្ត្រាលី ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អូស្ត្រាលី​លោក Cheng Jinye បានប្រកាស​អញ្ជើញ​រដ្ឋាភិបាល​អូស្ត្រាលី​ជា​ថ្ម្យី្ឲ​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ វិថី​មួយ​ដែលមាន​គោលដៅ​ជំរុញ​ការផ្សាភ្ជាប់​ពាណិជ្ជកម្ម​នោះ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua  លោក Jingye បាន​និយាយថា ចិន​សា្វគ​មន៍​ការចូលរួម​របស់​អូស្ត្រាលី​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្លួន ហើយ​ចិន​ក៏​ត្រៀមខ្លួន​សហការ​ជាមួយ​ប្រទេស​ដទៃ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ពាណិជ្ជកម្ម​សេរី​លើ​ពិភពលោក​ដែរ​។ លោក​បញ្ជាក់​ថែមទៀត​ថា អូស្ត្រាលី​នឹង​បាន​ប្រយោជន៍​ច្រើន​ពី​ការចូលរួម​នេះ​ថែមទៀត​។

«​យើង​ព្យាយាម​សហការ​ជាមួយ​ប្រទេស​ដទៃ​ជុំវិញ​ពិភពលោក​រួមទាំង​អូស្ត្រាលី​ផង​ដើម្បី​ការពារ​ពាណិជ្ជកម្ម​សេរី និង​ប្រព័ន្ធ​សេដ្ឋកិច្ច​ពហុ​និយម​ដូច​ពេលបច្ចុប្បន្ន​»​។ លោក Jingye បាន​និយាយ​ដូច្នេះ​។​

​ខណៈដែល​ប្រទេស​ជាច្រើន​ក្នុង​តំបន់​រួមទាំង​ប្រទេស​នូ​វែ​ល​សេ​ឡង់​បានសម្រេច​ចូលរួម​ជាមួយ​គំនិត​ផ្តួចផ្តើម​ធំ​សម្បើម​របស់​ចិន​ខ្សែក្រវាត់​មួយ វិថី​មួយ​នេះ អូស្ត្រាលី​នៅតែ​ស្ទាក់​ស្ទើង និង​មាន​មន្ទិលសង្ស័យ​ខ្លាំង​ដែរ​ជាពិសេស​ប្រយោជន៍​ដែល​ខ្លួន​នឹង​ទទួលបាន​នោះ​។

​យ៉ាងណាមិញ លោក Jingye បាន​ច្រានចោល​រាល់​ក្តីបារម្ភ​របស់​អូស្ត្រាលី ក៏ដូចជា​បណ្តា​រដ្ឋ​មួយចំនួនទៀត​ដែល​មើលឃើញ​ចិន​ក្នុង​ផ្លូវ​អវិជ្ជមាន​នោះ​។ លោក​អះអាងថា គម្រោង​ដែល​ផ្តោតលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជំរុញ​ពាណិជ្ជកម្ម​ដែល​ស្នើឡើង​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នេះ​គ្មាន​ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ​ឡើយ​។ ផ្ទុយទៅវិញ​វា​ជា​គំនិត​ផ្តួចផ្តើម​ដែល​ពិភាក្សា សម្រេច និង​អនុវត្ត​រួមគ្នា​រវាង​ភាគី​ទាំងអស់​ទោះ​តូចក្តី ធំក្តី​ដោយ​ស្មើភាព​គ្នា​។ គោលដៅ​សំខាន់​មាន​គោលដៅ​ចម្បង​ជំរុញ​ពាណិជ្ជកម្ម​ដើម្បី​ប្រយោជន៍​ទាំងអស់គ្នា​។​

«​គំនិត​ផ្តួចផ្តើម​យើង​គ្មានអ្វី​ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ​ឡើយ តែ​វា​ជា​គម្រោង​ដែល​ជំរុញ​លទ្ធផល​ឈ្នះៗ​ទាំងអស់គ្នា​ទោះបីជា​ប្រទេស​នោះ​តូចក្តី ឬ​ធំក្តី​។ ភាគី​ទាំងអស់​គឺ​ស្មើគ្នា​។ ពាណិជ្ជកម្ម និង​ការវិនិយោគ​ដែល​ជិតស្និទ្ធ​និង​រឹងមាំ រួមជាមួយ​ការផ្សាភ្ជាប់​រវាង​ប្រជាជន​អូស្ត្រាលី និង​ប្រជាជន​ចិន​នោះ​នឹង​ផ្តល់​លក្ខខណ្ឌ​ល្អប្រសើរ​សម្រាប់​យើង​ក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត​ក្រោម​គំនិត​ផ្តួចផ្តើម​នេះ​»​។
 
​សូមបញ្ជាក់ថា​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ វិថី​មួយ​ត្រូវបាន​ស្នើឡើង​ដោយ​ប្រមុខរដ្ឋ​ចិន​នៅក្នុង​ឆ្នាំ ២០១៣ ដែល​គំនិត​នេះ​សំដៅលើ​កសាង​ឡើងវិញ​ផ្លូវ​សូត្រ​បុរាណ​ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សាភ្ជាប់​ពី​តំបន់​អាស៊ី​ដល់​អឺរ៉ុប​ដល់​អាហ្វ្រិក​ថែម​ទៀតផង​។ គំនិត​ផ្តួចផ្តើម​នេះ​មាន​រួមបញ្ចូល​ទាំង​វិថី​សូត្រ​ខ្សែក្រវាត់​សេដ្ឋកិច្ច និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី​២១​ផងដែរ​៕


Tag:
 អូស្ត្រាលី​
  ចិន​
  OBOR
© រក្សាសិទ្ធិដោយ thmeythmey.com