ជាតិ
លោក មឿន តុលា ត្រូវបានតុលាការទម្លាក់បទចោទ ទាក់ទងបុណ្យសពលោក កែម ឡី រូបពីហ្វេសប៊ុកលោក មឿន តុលា
× ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានទម្លាក់បទចោទលើលោក មឿន តុលា នាយកប្រតិបត្តិអង្គការ សង់ត្រាល់ (Central) ទាក់ទងករណីកិបកេងលុយបុណ្យសពលោកបណ្ឌិត កែម ឡី។ ការទម្លាក់បទចោទនេះ បន្ទាប់ពីតុលាការបានពិនិត្យចម្លើយរបស់លោក មឿង តុលា និងលោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី ដែលបំភ្លឺក្នុងនាមជាសាក្សី។
ព្រះរាជអាជ្ញារង គុជ គីមឡុង បានបញ្ជាក់ក្នុងដីកាលើកលែងទោសថា ការឆ្លើយបំភ្លឺរបស់លោក មឿង តុលា និងតំណាងគ្រួសារសពលោកបណ្ឌិត កែម ឡី គឺមានភាពស៊ីចង្វាក់គ្នា។ តាមរយៈចម្លើយរបស់ភាគីទាំងពីរនេះហើយ ទើបព្រះរាជអាជ្ញារងរូបនេះ សម្រេចកាលពីថ្ងៃទី១០ កក្កដា ថា លោក មឿន តុលា ពិតជាមិនបានពាក់ព័ន្ធនិងការកិបកេងលុយបុណ្យសព១០០ថ្ងៃ របស់លោកបណ្ឌិត កែម ឡី ឡើយ។
គួរបញ្ជាក់ថា ការចោទប្រកាន់លោក មឿន តុលា នេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។ លោក ពេជ្រ ស្រស់ បានប្ដឹងទៅកាន់បុគ្គល៣រូប ដែលជាប់ពាក់ព័ន្ធ និងបច្ច័យបុណ្យសព១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី។ បុគ្គលទាំង៣រូបនោះរួមមាន លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់,លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម៕
Tag:
មឿនតុលា
តុលាការ
កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com