ជាតិ
បោះឆ្នោត
ក្រុមប្រឆាំងនៅបរទេស ធ្វើយុទ្ធនាការរឹតតែខ្លាំង ដើម្បីអូសទាញពលរដ្ឋកុំឲ្យទៅបោះឆ្នោត
× ទាំងមន្ត្រីជាន់ខ្ពស់ ទាំងអ្នកគាំទ្រនៃអតីតគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស បានបង្ហាញឆន្ទៈកាន់តែខ្លាំងក្លា ដើម្បីប្រឆាំងនឹងការបោះឆ្នោតក្នុងអាណត្តិទី៦នេះ ខណៈការបោះឆ្នោត នៅសល់តែ១៨ថ្ងៃទៀត នឹងឈានមកដល់។ ពួកគេ បាននាំគ្នាបន្តធ្វើ «យុទ្ធនាការម្រាមដៃស្អាត» នៅលើបណ្តាញសង្គមនានា ជាពិសេសហ្វេសប៊ុក ដើម្បីបញ្ចុះបញ្ចូលប្រជាពលរដ្ឋកម្ពុជា ឲ្យសម្រេចចិត្តតាមពួកគេ ដោយបោះបង់ការបោះឆ្នោត។
លោក សម រង្ស៊ី អតីតប្រធានសង្គ្រោះជាតិទី១ បានសរសេរលើទំព័រហ្វេសប៊ុកថា «ថ្ងៃ២៩ កក្កដា សូមរក្សាម្រាមដៃឲ្យស្អាត»។ ពាក្យ «ដេកផ្ទះឈ្នះឯង» ដែលបង្កើតឡើងដោយអតីតប្រធានគណបក្សប្រឆាំងរូបនេះ នៅតែត្រូវបានអ្នកគាំទ្រ និងសកម្មជន ប្រើប្រាស់ជារៀងរាល់ថ្ងៃ។
លើសពីនេះ លោក សម រង្ស៊ី ប្រឹងអំពាវនាវឲ្យប្រជាពលរដ្ឋ ជួយចែកចាយ និងផ្សព្វផ្សាយតៗគ្នានូវខិត្តប័ណ្ណរបស់លោក។ ខិត្តបណ្ណនោះ បង្ហាញពីជម្រើសពីរយ៉ាង ដល់ប្រជាពលរដ្ឋ គឺទី១ ទៅបោះឆ្នោត និងទី២ មិនទៅបោះឆ្នោត។
ខ្លឹមសារក្នុងខិត្តប័ណ្ណរបស់លោក សម រង្ស៊ី បញ្ជាក់ថា អ្នកដែលជ្រើសរើសយកជម្រើសទី១ គឺបង្ហាញពីការគាំទ្រគណបក្សសង្គ្រោះជាតិក្នុងចិត្ត ហើយចង់ឲ្យគណបក្សនេះ ដឹកនាំប្រទេស ឯអ្នកដែលជ្រើសរើសយកជម្រើសទី២ គឺបង្ហាញពីការគាំទ្រគណបក្សប្រជាជនកម្ពុជា។
រូបជាច្រើន ដែលរួមមានទាំងថ្នាក់ដឹកកំពូល មន្ត្រីជាន់ខ្ពស់ និងអ្នកគាំទ្ររបស់អតីតគណបក្សប្រឆាំង ត្រូវបានប្រមូលយកទៅកាត់បញ្ចូលគ្នាជារូបតែមួយ ហើយរូបទាំងនោះ សុទ្ធតែលើកម្រាមដៃចង្អុល ដែលបញ្ជាក់ថា ពួកគេ នឹងរក្សា «ម្រាមដៃចង្អុលឲ្យស្អាត ក្នុថ្ងៃបោះឆ្នោត»។ ភាគច្រើន ជាអ្នកគាំទ្រអតីតគណបក្សប្រឆាំង ដែលបង្ហោះនិងចែកចាយរូបលើកម្រាមដៃ ដោយអមជាមួយនឹងសំណេរថា «ខ្ញុំគាំទ្រយុទ្ធនាការម្រាមដៃស្អាត»។
សូម្បីតែលោករូបលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិទី២ ក៏ត្រូវបានគេយកទៅកាត់បញ្ចូលក្នុងរូបលើកម្រាមដៃដែរ។ យ៉ាងណាក៏ដោយ លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ បានរក្សាស្ងៀមស្ងាត់ចំពោះការបោះឆ្នោត ដោយលោក មិនដែលធ្លាប់អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬក៏អំពាវនាវមិនឲ្យទៅបោះឆ្នោតនោះទេ។
លោក សម រង្ស៊ី នៅតែចោទរដ្ឋាភិបាល ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ថារៀបចំការបោះឆ្នោតក្លែងក្លាយ។ មិនត្រឹមតែវាយប្រហាររដ្ឋាភិបាល និងគណបក្សកាន់អំណាចរបស់សម្តេច ហ៊ុន សែន ប៉ុណ្ណោះទេ សូម្បីតែគណបក្សទាំង១៩ ដែលចូលរួមក្នុងការបោះឆ្នោត ក៏ត្រូវបានលោក សម រង្ស៊ី បន្តុះបង្អាប់ដែរ។
លោក បានដាក់ឈ្មោះច្រើនយ៉ាង ឲ្យគណបក្សទាំងនោះ ដូចជា គណបក្សតូច គណបក្សអំពិលអំពែក និងគណបក្សអាប ជាដើម។ សម្រាប់លោក គណបក្សទាំង១៩ មិនមែនជាគូប្រកួតរបស់គណបក្សកាន់អំណាចឡើយ។
លោក ថែមទាំងហៅការចូលរួមក្នុងការបោះឆ្នោតរបស់គណបក្សទាំង១៩ ថាគ្រាន់តែជាការចូលរួមបង្គ្រប់កិច្ច ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា បានបន្តកាន់អំណាចប៉ុណ្តោះ។ លោកលើកឡើងថា មានតែអតីតគណបក្សសង្គ្រោះជាតិទេ ដែលជាគូប្រកួតរបស់គណបក្សប្រជាជនកម្ពុជា។
អតីតក្រុមអ្នកប្រឆាំង ប្រឹងអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត តែគណបក្សកាន់អំណាច ប្រឹងអំពាវនាវឲ្យទៅបោះឆ្នោត។ សម្តេច ហ៊ុន សែន បានហៅការអំពាវនាវរបស់អតីតក្រុមអ្នកប្រឆាំង ថាជាការរំលោភសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានចោទអតីតក្រុមអ្នកប្រឆាំង ថាបង្កើតឧបាយកលថ្មីៗ ដើម្បីបំផ្លាញការបោះឆ្នោត។ លោក បានសរសេរសារក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម បែបនេះថា៖«ពួកបណ្តាញទាំងក្រៅស្រុក ទាំងក្នុងស្រុកនៅបន្តសកម្មភាពយ៉ាងមមាញឹក ក្នុងចេតនារារាំង និងបំផ្លាញការបោះឆ្នោត»។
សូមបញ្ជាក់ថា បច្ចុប្បន្ន គណបក្សទាំង២០ កំពុងនាំគ្នាឃោសនារកសំឡេងឆ្នោតរៀងៗខ្លួន។ ការឃោសនា នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ នៅថ្ងៃទី២៨ ខែកក្កដា គឺជា «ថ្ងៃស» ដែលតម្រូវឲ្យគ្រប់គណបក្ស រក្សារភាពស្ងៀមស្ងាត់។ ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា។ ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានជាង៨លាន ៣សែននាក់៕
Tag:
បោះឆ្នោត
ម្រាមដៃស្អាត
CPP
CNRP
© រក្សាសិទ្ធិដោយ thmeythmey.com