អន្តរជាតិ
សហភាព​អឺរ៉ុប​គាំទ្រ រដ្ឋ​ក្រ​ជាងគេ​នៅ​អឺរ៉ុប​«​ប៊ុលហ្គារី​» ជា​សមាជិក​តំបន់​ចាយលុយ​អឺរ៉ូ​
13, Jul 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃ​ព្រហស្បតិ៍​ទី ១២ ខែកក្កដា តំណាង​សហភាព​អឺរ៉ុប​បានបង្ហាញ​ជំហរ​គាំទ្រ​ប្រទេស​ក្រខ្សត់​ជាងគេ​នៅក្នុង​តំបន់​«​ប៊ុលហ្គារី​»​ក្នុងការ​ចូលរួម​ជាមួយ​តំបន់​ចាយលុយ​អឺរ៉ូ (eurozone) ហើយ​នីតិវិធី​នេះ​ត្រូវការ​ពេល​ប្រហែល​មួយឆ្នាំ​ផងដែរ​។



​បន្ទាប់ពី​មាន​ជំនួប​រវាង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​សមាជិក​តំបន់​ចាយលុយ​អឺរ៉ូ​នៅ​ក្រុង​ព្រុ​ច​សែ​ល​ថ្ងៃ​ព្រហស្បតិ៍ គណៈកម្មការ​អឺរ៉ុប និង​ធនាគារកណ្តាល​អឺរ៉ុប​បានប្រកាសថា ខ្លួន​ស្វាគមន៍​ការចូលរួម​របស់​រដ្ឋ​បាល់​កង់ ប៊ុលហ្គារី ជា​សមាជិក​ថ្មី​នៃ​តំបន់​ចាយលុយ​អឺរ៉ូប​នេះ​។ ប៉ុន្តែ​ជារួម​ការវាយតម្លៃ​លើ​បេក្ខភាព​ប៊ុលហ្គារី​នេះ​ត្រូវការ​ពេលវេលា​ប្រហែល​មួយឆ្នាំ​ឯណោះ​។
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប​លោក  Valdis Dombrovskis បាន​និយាយថា​៖« គណៈកម្មការ​អឺរ៉ុប​ស្វាគមន៍​ការប្រឹងប្រែង​របស់​ប៊ុលហ្គារី​ក្នុងការ​ចូលរួម​ជាមួយ​តំបន់​ចាយលុយ​រួម​នេះ​»​។

​តាមពិតទៅ ថ្វីបើ​មាន​នាម​ជា​ប្រទេស​ក្រីក្រ​ផុត​គេ​នៅ​សហភាព​អឺរ៉ុប​ក្តី ប៊ុលហ្គារី​បាន​បំពេញ​លក្ខខណ្ឌ​ជំហាន​ដំបូង​ដោយ​ធានាបាន​អតិផរណា​ទាប ហិរញ្ញវត្ថុ​សាធារណៈ​មាន​ស្ថានភាព​ល្អប្រសើរ ហើយ​រូបី​យ​វត្ថុ​របស់​ប៊ុលហ្គារី​ក៏មាន​កម្រិត​ប្រាក់​ប្រហែល​នឹង​លុយ​អឺរ៉ូ​ដែរ​។​

​កាលពីដើមឆ្នាំ​កន្លងទៅ រដ្ឋមន្ត្រីក្រសួង​ហរិញ្ញវត្ថុ​ប៊ុលហ្គារី Vladislav Goranov បាន​អះអាង​ផងដែរ​ថា បំណុល​សាធារណៈ​ទាប គោលនយោបាយ​សារពើពន្ធ​ល្អ ហើយក៏​អតិផរណា​ស្ថិតក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន ធ្វើ​ឲ្យ​ប៊ុលហ្គារី​មានលទ្ធភាព​ពេញលេញ​ក្នុង​ចូលរួម​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​នេះ​។​

​យ៉ាងណាក៏ដោយ អឺរ៉ុប​នៅ​បារម្ភ​ខ្លាំង​ដែរ​ពី​ការទទួលយក​សមាជិក​ថ្មី​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ជាពិសេស​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​សាកល​កើតឡើង​កាលពី​ឆ្នាំ ២០០៨​នោះ​។ ថ្វីបើ​ប៊ុលហ្គារី​អះអាងថា ខ្លួន​ត្រៀមលក្ខណៈ​រួចរាល់​ក៏ដោយ រដ្ឋបាល់​កង់​នេះ​បន្ត​ប្រឈមមុខ​នឹង​បញ្ហា​ពុករលួយ​ធ្ងន់ធ្ងរ​នៅឡើយ​នៅពេល​បច្ចុប្បន្ន ដែល​វា​អាច​នឹង​បង្កបញ្ហា​ដល់​អឺរ៉ុប​ផងដែរ​៕


Tag:
 Eurozone
  ប៊ុលហ្គារី​
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com