ជាតិ
សង្គមជាតិ
ផ្ទះជិត៦០០ខ្នងនៅបណ្តោយផ្លូវជាតិលេខ៤ កំពុងជួបនឹងការលិចលង់ រូបភាពបានពីហ្វេសប៊ុកអភិបាលខេត្តកំពងស្ពឺ
× ផ្ទះប្រជាពលរដ្ឋចំនួន៥៥៦ខ្នង នៅបណ្តោយផ្លូវជាតិលេខ៤ បានលិចលង់ដោយសារភ្លៀងធា្លក់ប៉ុន្មានថ្ងៃជាប់គ្នានេះ។
លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា បានប្រាប់សារព័ត៌មានថ្មីៗពីស្ថានភាពជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ ថា ផ្ទះ៤១០ខ្នង នៅឃុំអូរបាក់រទេះ និង៨៦ខ្នង នៅឃុំកំពង់សីលា ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ កំពុងលិចលង់នឹងជំនន់ទឹកភ្លៀង។
ជាមួយគ្នានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពងស្ពឺ បានប្រាប់ឲ្យដឹងផងដែរថា មានផ្ទះប្រមាណ៦០ខ្នង នៅឃុំព្រៃរំដួល និងឃុំតាំងខ្យា នៅស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ កំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀង ខណៈកម្ពស់ទឹកបានកើនឡើង១ម៉ែត្រទៀត។
អភិបាលខេត្តរូបនេះ បានអះអាងថា នៅវេលានេះភ្លៀងនៅតែធ្លាក់ខ្លាំង នឹងបន្តឲ្យមានជន់លិចដល់ស្រុកសំរោងទងទៀត ដែលជាតំបន់មួយនៃខេត្តកំពង់ស្ពឺ។
ដើម្បីដោះស្រោយគ្រោះថ្នាក់ដោយសារទឹកជំនន់នេះ អាជ្ញាធរនៃខេត្តទាំងពីរ បានត្រៀមកម្លាំង និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ ដែលរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព៕
Tag:
ទឹកជំនន់
ភ្លៀង
ផ្លូវជាតិលេខ៤
© រក្សាសិទ្ធិដោយ thmeythmey.com