អន្តរជាតិ
ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង ត្រៀមខ្លួន​បង្កើត​រដ្ឋាភិបាល​ថ្មី​ដោយមាន​អនុ​ប្រ​ធានា​ធិ​ប​ប្រាំ​រូប​
22, Jul 2018 , 8:59 am        
រូបភាព
ប្រធានាធិបតីស៊ូដង់ខាងត្បូង Salva Kiir (រូបភាព AFP)
ប្រធានាធិបតីស៊ូដង់ខាងត្បូង Salva Kiir (រូបភាព AFP)
ដោយ:
​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង លោក Salva Kiir នៅ​ថ្ងៃទី​១៩ ខែកក្កដា បាន​ឲ្យ​ដឹងថា លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​សម្រាប់​ការរៀបចំ​រដ្ឋាភិបាលចម្រុះ​មួយ ដែលមាន​ការចូលរួម​ពី​គ្រប់ភាគី​។ លោក ថ្លែងថា លោក​មិន​ស្ទាក់ស្ទើរ​ឡើយ ប្រសិនបើ​ការណ៍​ធ្វើបែបនេះ អាចធ្វើ​ឲ្យ​រដ្ឋ​ក្មេង​បំផុត​របស់​ពិភពលោក​មាន​សន្តិភាព នឹង​បញ្ចប់​សង្គ្រាមស៊ីវិល​បាន​មែន​។



​គឺ​រយៈពេល​៧​ឆ្នាំ​មកហើយ ដែល​ស៊ូដង់​ខាងត្បូង បានប្រកាស​ឯករាជ្យ​ជា​ផ្លូវការ និង​ត្រូវបាន​ទទួលស្គាល់​ជា​រដ្ឋ​សមាជិក​ចុងក្រោយ​របស់​អង្គការសហប្រជាជាតិ​។ ក៏ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មកនេះ រដ្ឋ​ក្មេងខ្ចី​បំផុត​របស់​ពិភពលោក​មួយ​នេះ នៅ​មិនទាន់​អា​ចរក​សុខសន្តិភាព​ជូន​ប្រជាជន​ខ្លួន​បានឡើយ​។

​គិត​ចាប់ពី​ឆ្នាំ​២០១៣​មក ប្រទេស​បាន​ធ្លាក់​ចូលក្នុង​សង្គ្រាមស៊ីវិល ដោយសារតែ​ភាពមិន​ត្រូវ​រូ​វ​គ្នា​របស់​អ្នកនយោបាយ ដែលមាន​ម្ខាង​ជា​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង លោក Salva Kiir និង​ម្ខាង​ទៀត​ជា​អតីត​អនុ​ប្រធានាធិបតី​របស់លោក​។ ភាគី​ទាំងពីរ ដែល​សុទ្ធ​តែមាន​អ្នកគាំទ្រ​ដូចគ្នា បាន​ប៉ះទង្គិច​គ្នា​ទាំង​ផ្នែក​ប្រដាប់អាវុធ ដែល​បានសម្លាប់​ប្រជាជន​ស៊ីវិល​រាប់ពាន់នាក់​មកហើយ​។​

​ភាគី​ទាំងពីរ ក៏បាន​មានការ​ចរចា​បទ​ឈប់​បាញ់​ជា​ហូរហែរ ក៏ប៉ុន្តែ​ត្រូវ​បរាជ័យ​ជា​បន្តបន្ទាប់​ដូចគ្នា​។ បើ​ការចុះផ្សាយ​តាម​ប្រភពព័ត៌មាន Africa News នៅ​ថ្ងៃ​១៩ កក្កដា បច្ចុបន្ន​ភាគី​ពាក់ព័ន្ធ​របស់​ស៊ូដង់​ខាងត្បូង កំពុងតែ​ចរចា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ដែល​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង ក៏បាន​បញ្ជាក់​ពី​ការបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ដោយមាន​អនុ​ប្រធានាធិបតី​ពី​គ្រប់ភាគី​ចំនួន​ប្រាំ​រូប​ផងដែរ​។​

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​ប្រធានាធិបតី Salva Kiir ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក មិន​បដិសេធ​ឡើយ បើ​នេះ ជា​ដំណោះស្រាយ​សន្តិភាព​ពិតប្រាកដ​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាជន​ស៊ូដង់​ខាងត្បូង កំពុងតែ​ទន្ទឹងរង់ចាំ​សន្តិភាព ហើយ​ប្រសិន​ការរៀបចំ (​កិច្ចព្រមព្រៀង​បែងចែក​អំណាច​) អាច​នាំ​សន្តិភាព​សម្រាប់​ប្រជាជន​មែន​នោះ ខ្ញុំ នឹង​អនុវត្ត​»​។​

​លោក​ប្រធានាធិបតី បន្ថែមថា​៖« ប្រជាជន​បាន​ជជែក​ពី​ការចូល​រួមគ្នា ហើយ មិនត្រូវ​ឲ្យ​នរណាម្នាក់ (​ភាគី​ពាក់ព័ន្ធ​ក្នុង​នយោបាយ​) ស្ថិត​នៅក្រៅ​រដ្ឋាភិបាល​នោះទេ​។ ខ្ញុំ យល់ព្រម​ទទួល​។​» នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​។​

​គួរ​រម្លឹក​បន្តិច​ផងដែរ​ថា ថ្មីៗ​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏​ទើបតែ​ដាក់ទណ្ឌកម្ម​ហ៊ុមព័ទ្ធ​ការជួយ​ដូរ​អាវុធ​ទៅកាន់​ស៊ូដង់​ខាងត្បូង​ផងដែរ​។ ការដាក់ទណ្ឌកម្ម​នេះ ស្រប​ជាមួយនឹង​របាយការណ៍​របស់​បេសកកម្ម​អង្គការសហប្រជាជាតិ​ប្រចាំ​ស៊ូដង់​ខាងត្បូង បាន​រកឃើញ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​រួមមាន​ការសម្លាប់​ជន​ស៊ីវិល ដោយ​ភាគី​មាន​ឥទ្ធិពល​ក្នុងប្រទេស​ទាំងសងខាង​៕


Tag:
 ស៊ូដង់​ខាងត្បូង​
  អាហ្វ្រិក​
© រក្សាសិទ្ធិដោយ thmeythmey.com