ពីនេះ ពីនោះ
ត្រី​កា​បស និង​កាប​ក្បាល​ធំ​៖ ជា​ប្រភេទ​ត្រី​ឈ្លានពាន​ដ៏​ស្ងាត់ស្ងៀម​នៅ​ទឹកដី​សហរដ្ឋអាមេរិក (​មាន​វីដេអូ​)
30, Jul 2018 , 8:39 am        
រូបភាព
   ត្រី​កា​បស​។  រូបភាព​៖ Dinh D. Tran
ត្រី​កា​បស​។ រូបភាព​៖ Dinh D. Tran
ដោយ:
​ប៉ុន្មាន​សប្តាហ៍​មុន គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) បាន​លើកយក​ត្រី​មួយ​ប្រភេទ​មក​បង្ហាញ​ជួន ដែលជា​ប្រភេទ​ត្រី​ទឹកសាប មាន​រស់ក្នុង​ក្នង​តំបន់​អាស៊ី នោះ​គឺ​ត្រី​កា​បស​។ ក្នុង​សប្តាហ៍​នេះ គម្រោង​សូម​លើកយក​ត្រី​មួយ​ប្រភេទ​ថែមទៀត គឺ​កាប​ក្បាល​ធំ ដែលជា​ប្រភេទ​ត្រី​កំពុង​ឈ្លានពាន​ផ្ទៃ​ទឹកទន្លេ​នៅ​សហរដ្ឋអាមេរិក រួមជាមួយ​កា​បស​ផងដែរ​នោះ មក​បង្ហាញ​ជួន​។​



​ត្រី​កា​បស មានឈ្មោះ​វិទ្យាសាស្ត្រ (Hypophthalmichthys molitrix) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Asian Carp​។ ចំណែក​ត្រី​កាប​ក្បាល​ធំ មានឈ្មោះ​វិទ្យាសាស្ត្រ (Hypophthalmichthys nobilis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Bighead carp​។ ត្រី​ទាំងពីរ​ប្រភេទ​នេះ មាន​ដើមកំណើត​ក្នុង​តំបន់​អាស៊ី ជាពិសេស​នៅ​ហី​ឡុង​ជាំ​ង ទន្លេ​យ៉ាង​សេ និង​ទន្លេ​ភៀ​ល (Heilongjiang, Yangtze and Pearl) ក្នុងប្រទេស​ចិន​។ មិនតែប៉ុណ្ណោះ វា​ក៏មាន​រស់នៅក្នុង​ទន្លេ​អា​មើ (Amur River) ក្នុងប្រទេស​រុស្សី​ភាគ​ខាងកើត និង​ប្រទេស​ម៉ុង​ហ្គោ​លី​ផងដែរ​។


 ត្រី​កា​បស​។  រូបភាព​៖ ថាច់ ផា​ណ្ណា​រ៉ា​

​ត្រី​កាប​ទាំងពីរ​ប្រភេទ​នេះ ត្រូវបាន​គេ​ជឿថា បាន​នាំ​ពី​តំបន់​អាស៊ី​ចូលទៅ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក ក្នុង​ទសវត្សរ៍ ៧០​។ ក្រោយមក ត្រី​ទាំងពី​ប្រភេទ​នេះ​មួយចំនួន ត្រូវបាន​រួច​ចេញពី​កសិដ្ឋាន ហើយក៏​ចូលទៅក្នុង​ទន្លេ​ធម្មជាតិ ពិសេស​ទន្លេ អ៊ី​លីណ​យ និង​មី​ស៊ី​ស​ស៊ី​ពី (Illinois and Mississippi Rivers)​។ ដោយសារ​ប្រជាជន​អាមេរិក មិន​ចូលចិត្ត​ទទួលទាន​ត្រី​ប្រភេទ​នេះ ព្រោះតែ​វា​មាន​ឆ្អឹង​តូចៗ​ច្រើន បានធ្វើ​ឲ្យ​កំណើន​របស់​វា​កើនឡើង​យ៉ាង​ឆាប់រហ័ស​។ ត្រី​កា​បស និង​កាប​ក្បាល​ធំ បាន​ក្លាយជា​បន្ទុក​ដ៏​ធ្ងន់​មួយ​របស់​រដ្ឋាភិបាល​អាមេរិក ដែល​ត្រូវ​ចំណាយ​ប្រាក់​អស់​រាប់លាន​ដុល្លា ជា​រៀងរាល់ឆ្នាំ ដើម្បី​យក​វា​ចេញ​ទន្លេ​ទាំងពីរ​នេះ​។ បច្ចុប្បន្ន ត្រី​កាប​ទាំងពីរ​ប្រភេទ​នេះ បាន​កំពុង​ក្លាយជា​ប្រភេទ​ត្រី​ឈ្លានពាន​ដ៏​ខ្លាំងក្លា​នៅក្នុង​សហរដ្ឋអាមេរិក​។

សូម​អញ្ជើញ​ទស្សនា​វីដេអូ​៖



© រក្សាសិទ្ធិដោយ thmeythmey.com