ជាតិ
លោក ចម ប្រសិទ្ធ នៅតែ​ជាប់​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម
02, Aug 2018 , 4:53 pm        
រូបភាព
លោក ចម ប្រសិទ្ធ កាលនៅជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសម្តេច ហ៊ុន សែន នា​កិច្ច​ប្រជុំមួយនៅសៀមរាបកាលពីឆ្នាំ២០០១។ រូបថត AFP
លោក ចម ប្រសិទ្ធ កាលនៅជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសម្តេច ហ៊ុន សែន នា​កិច្ច​ប្រជុំមួយនៅសៀមរាបកាលពីឆ្នាំ២០០១។ រូបថត AFP
​ភ្នំពេញ​៖ លោក ចម ប្រសិទ្ធ នៅជាប់​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នៅក្នុង​គណៈរដ្ឋមន្ត្រី អាណត្តិ​ទី​៦ ។ នេះ​ជាការ​បង្ហើប​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។



​ថ្លែង​ចំពោះមុខ​កម្មករ​រោងចក្រ នៅ​ខណ្ឌមានជ័យ នៅ​ថ្ងៃទី​២ សីហា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា រដ្ឋាភិបាល​អាណត្តិ​ថ្មី នឹង​ដាក់ចេញ​គោលនយោបាយ ដោះស្រាយ​បញ្ហា​ទឹក​-​ភ្លើង ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និង​សម្រួល​ដល់​ការវិនិយោគ​បរទេស​ចូលមក​កម្ពុជាបន្តទៀត តាម​ផែន​ការដែល​រដ្ឋាភិបាល​បានកំណត់​។ និយាយ​ដល់​ចំណុច​នេះ សម្ដេច ហ៊ុន សែន ក៏បាន​រំឭក​ដល់​ឈ្មោះ​លោក ចម ប្រសិទ្ធ ដែល​នឹងត្រូវ​បន្ត​តំណែង​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម អាណត្តិ​ទី​៦​នេះ​។​

«​អំបាញ់មិញ​ខ្ញុំ​ក៏បាន​ប្រាប់​ឯកឧត្តម ចម ប្រសិទ្ធ ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​ហើយ​ទៅ (​ចម ប្រសិទ្ធិ​) ដែលជា​អនាគត និង​បន្ត​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ឲ្យ​ពិនិត្យ​រៀបចំ​អំពី​ការរៀបចំ​ទម្លាក់​ថ្លៃ​ទឹក ព្រោះតម្លៃ​អគ្គិសនី​ចុះ វា​ជា​ផ្នែក​មួយ​នៃ​តម្លៃ​ទឹក​…»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​

​វត្តមាន​លោក ចម ប្រសិទ្ធ នេះ ស្ថិតនៅក្នុង​ចំណោម​រដ្ឋ​មន្ត្រី​ក្រសួង​ចំនួន​២៦​រូប​ទៀត នៃ​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​នឹងត្រូវ​បង្កើតឡើង នៅ​ថ្ងៃទី​២០​កញ្ញា ខាងមុខ​។

​ទាក់ទង​នឹង​វត្តមាន​រដ្ឋមន្ត្រីក្រសួង​នីមួយៗ​នេះ សម្ដេច ហ៊ុន សែន ធ្លាប់បាន​ព្រលយ​នៅក្នុង​អាណត្តិ​ទី​៥​កន្លងមក​ថា រដ្ឋមន្ត្រី​អសកម្ម​ការងារ និង​មិនសូវមាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​នោះ នឹង​គ្មាន​វត្តមាន​នៅក្នុង​អាណត្តិ​ទី​៦ ទៀត​ទេ​។ សម្ដេច ហ៊ុន សែន ធ្លាប់​សន្យាថា រដ្ឋាភិបាល​អាណត្តិ​ថ្មី នឹង​ចុះ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​តាម​មូលដ្ឋាន​ភ្លាមៗ ដោយ​មិន​ឲ្យ​ពួកគេ​ឡើងមក​តវ៉ា​នៅ​ភ្នំពេញ ដូច​អាណត្តិ​មុនៗ​ឡើយ​៕


Tag:
 ហ៊ុន សែន​
  ចម ប្រសិទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com