ជាតិ
អាជ្ញាធរ នឹងត្រៀមថវិកាស្តាការខូចខាតនៃគ្រោះទឹកជំនន់ក្នុងខេត្តស្ទឹងត្រែង រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
× ស្ទឹងត្រែង៖ អាជ្ញាធរ នឹងរៀបចំកញ្ចប់ថវិកាសម្រាប់ស្តាឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅដ្ឋាន និងស្រែចម្ការរបស់ប្រជាពលរដ្ឋរងគ្រោះ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ បច្ចុប្បន្នប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ កំពុងស្នាក់នៅទីទួលសុវត្ថិភាព។
លោក ម៉ែន គង់ នាយករងរដ្ឋបាលខេត្តស្ទឹងត្រែង បានប្រាប់សារព័ត៌មានថ្មីៗថា ទឹកជំនន់ដែលបានកើតឡើងនេះ បានបណ្ដាឲ្យភូមិចំនួន១៧ ក្នុងឃុំ៤ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានជន់លិច ដែលតម្រូវឲ្យប្រជាពលរដ្ឋ១២៨៨គ្រួសារ បង្ខំចិត្តចាកចេញពីលំនៅដ្ឋានទៅកាន់ទីទួលមានសុវត្ថិភាព។ ទឹកជំនន់នេះ បានធ្វើឲ្យផលដំណាំជាង១០០០ហិកតា ស្ថិតក្នុងការខូចខាតដែលមានដំណាំស្រូវមាន៨៧៨ហិកតា និងចម្ការដំណាំផ្សេងមាន២៥៩ហិកតា។
បន្ទាប់ពីមានផលប៉ះពាល់ដោយសារទឹកជំនន់ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្លាំងចំពោះការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំ ពិសេសស្រូវដែលបានខូចខាត។ ចំពោះផលដំណាំស្រូវ អាជ្ញាធរនឹងសហការជាមួយមន្ទីរកសិកម្មថ្នាក់ខេត្ត ក្នុងការផ្តល់ពូជស្រូវថ្មីជូនប្រជាពលរដ្ឋដែលរងគ្រោះ។ នេះបើតាមលោក ម៉ែន គង់។
នាយករងរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ដូច្នេះថា ៖«កញ្ចប់ថវិកាសម្រាប់ស្តាការខូចខាតឡើងវិញនៅតំបន់រងគ្រោះទឹកជំនន់ក្នុងស្រុកសៀមប៉ាង គឺមិនមានរូបរាងនៅឡើយទេ។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងសិក្សា និងធ្វើការវាយតម្លៃតាមបច្ចេកទេសឲ្យបានជាក់លាក់ពីការខូចខាត ទើបរៀបចំគម្រោងចំណាយជូនអាជ្ញាធរខេត្ត។ បន្ទាប់ពីបានទទួលគម្រោងចំណាយហើយ អាជ្ញាធរខេត្តនឹងស្នើសុំថវិកាពីរដ្ឋាភិបាល ក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ»។
សូមបញ្ជាក់ថា ឃុំចំនួន៤ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មាន ឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ ដែលបានរងគ្រោះ ដោយសារការបាក់ទំនប់វារីអគ្គិសនី ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ៕
Tag:
ទឹកជំនន់
ម៉ែន គង់
អាជ្ញាធរ
ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com