មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​អតីត​CNRP ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃនេះ​

ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​អតីត​CNRP ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃនេះ​
10, Aug 2018 , 10:04 am         2970
រូបភាព
​ភ្នំពេញ​៖ មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ប្រឆាំង​ការសម្រេច​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ពាក់ព័ន្ធ​ករណី​ម្រាមដៃ​ស្អាត​។ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់ រង​ការផាកពិន័យ​ពី​៥ ទៅ​១០​លាន​រៀល​។​


​ដោយ​យល់ឃើញថា ការសម្រេច​របស់​គ​.​ជ​.​ប លើ​កូនក្តី​ខ្លួន​មិន​សម​ហេតុផល​នោះ លោក សំ សុ​គង់ បានរៀបចំ​បណ្ដឹង​ដាក់​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃទី​១០ សីហា​នេះ ដើម្បី​រក​យុត្តិធម៌​សម្រាប់​ពួកគេ​។ លោក សំ សុ​គង់ ដែល​ចាត់ទុក​ការសម្រេច​របស់​គ​.​ជ​.​ប មិន​ត្រឹមត្រូវ​នោះ បាន​ពន្យល់ថា ករណី​កូនក្តី​ខ្លួន ដែល​បាន​ថត​បង្ហោះ​រូបភាព​ម្រាមដៃ​ស្អាត​នេះ គឺជា​សិទ្ធិ​បញ្ចេញមតិ​របស់​ពួកគេ​ក្នុងនាម​ជា​ពលរដ្ឋ​ធម្មតា ប៉ុន្តែ​គ​.​ជ​.​ប បែរជា​សម្រេចយក​ករ​ណី​នេះ ភ្ជាប់​ទៅ​រឿង​នយោបាយ​ទៅវិញ​។​

​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៣​រូបនេះ បាន​បកស្រាយ​ដូច្នេះ​ថា​៖«​បើ​ពិនិត្យមើល​ក្តី​រំពឹង​ឈ្នះ​នោះ យើង​មាន​តិចតួច ព្រោះ​ទាក់ទង​ករណី​កូនក្តី​ទាំង​៣​នាក់​នេះ ត្រូវ​បានគ​.​ជ​.​ប សន្ម​ត់​ថា ពួកគេ​ជា​ក្រុម​បក្សប្រឆាំង ហើយ​ភ្ជាប់​ករណី​ពួកគេ ទៅ​យុទ្ធនាការ​ម្រាមដៃ​ស្អាត តាម​ការអំពាវនាវរ​បស់​ប្រធាន​បក្សប្រឆាំង​លោក សម រង្ស៊ី ដែល​គណបក្ស​ប្រជាជន ចាត់ទុកជា​ការប្រឆាំង​រារាំង​ការបោះឆ្នោត ដូច្នេះ​បើ​មើល​ការសម្រេច​នេះ វា​ភ្ជាប់​រឿង​នយោបាយ​ច្រើនជាង ដែល​នាំ​ឲ្យ​ប៉ះពាល់ និង​ពិបាក​ដោះស្រាយ​ដល់​កូនក្តី​យើង​។ តែ​យ៉ាងណា​យើង​ត្រូវ​ដាក់ពាក្យ​ប្ដឹង​បន្ត ដើម្បី​រក​យុត្តិធម៌​ឲ្យ​ពួកគេ​»​។​

​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​នាក់ ដែល​រង​ការផាកពិន័យ​នេះ រួមមាន​ឈ្មោះ ថោង សារឿន និង គ្រុយ គឹម​សាំង ដែល​ត្រូវ​បានគ​.​ជ​.​ប បន្ធូរបន្ថយ​ការផាកពិន័យ​ពី​១០​លាន​រៀល មក​នៅត្រឹម​៥​លាន​រៀល ខណៈ​លោក ជា ជីវ ដែលជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រក្សា​ការផាកពិន័យ​១០​លាន​រៀល​ដដែល តាម​ការសម្រេច​របស់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ខេត្តបាត់ដំបង​។ ចំណែក​ឈ្មោះ ម៉ាង ឈុន និង ពៅ តាំង រួច​ផុតពី​ការផាកពិន័យ​។ នេះ​ជាការ​សម្រេច​របស់​គ​.​ជ​.​ប កាលពី​ថ្ងៃទី​៨ សីហា​។​

​ជុំវិញ​ការសម្រេច​នេះ​លោក សោម សូ​រី​ដា អគ្គលេខាធិការរង​គ​.​ជ​.​ប បាន​ពន្យល់ថា មូលហេតុ​ដែល​គ​.​ជ​.​ប សម្រេច​រក្សា​ការផាកពិន័យ​លោក ជា ជីវ ទឹកប្រាក់​១០​លាន​រៀល​នេះ ព្រោះតែ​គ​.​ជ​.​ប រក​ពិនិត្យឃើញ​បុគ្គល​នេះ ជា​មេខ្លោង​នៅក្នុង​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើការ​បោះឆ្នោត​កន្លងមក​។ ចំណែក​ឈ្មោះ ថោង សារឿន និង គ្រុយ គឹម​សាំង ដែល​ត្រូវបាន​បន្ធូរបន្ថយ​ការផាកពិន័យ​នេះ គឺជា​អ្នក​រង​អំពើ​(​ចូលរួម​ធ្វើតាម​គេ​)​ពី​លោក ជា ជីវ ខណៈដែល​បុគ្គល​ពីរ​ទៀត រួច​ផុតពី​ការផាកពិន័យ ដោយសារតែ​ពួកគេ​ទាំងពីរ​គ្មាន​សកម្មភាព​ធំដុំ ដូច​អ្នក​ទាំងបី​នោះ ពោលគឺ​មិន​ថតរូប​បង្ហោះ​ជា​សាធារណៈ លើ​បណ្ដាញ​សង្គម​។​

​មិនតែប៉ុណ្ណោះ​លោក សោម សូ​រី​ដា បាន​អះអាងថា សកម្មភាព​ម្រាមដៃ​ស្អាត​របស់លោក ជា ជីវ នេះហើយ ដែល​ធ្វើ​ឲ្យ​តួលេខ​សន្លឹកឆ្នោត​មិនបានការ កើនឡើង​៦០​ម៉ឺន​សន្លឹក ដែល​ស្មើនឹង​៩​ភាគរយ បើ​ធៀប​នឹង​ការបោះឆ្នោត​កន្លងមក ដែលមាន​សន្លឹកឆ្នោត​មិនបានការ​តែ​៣​ភាគរយ​ប៉ុណ្ណោះ​។ ដោយ​មិន​អស់ចិត្ត​លោក សោម សូ​រី​ដា បាន​បន្ត​បកស្រាយ​ដោយ​លើកយក​ការខកចិត្ត​របស់​ជប៉ុន និង​អន្តរជាតិ​នានា ជុំវិញ​ការបោះឆ្នោត​នេះ មក​ទម្លាក់​ឲ្យ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​របស់លោក ជា ជីវ នេះ​។​

​គួរ​បញ្ជាក់ថា បុគ្គល​ទាំង​៥​នាក់ ដែល​រង​បណ្តឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង​ខាងលើនេះ បាននាំគ្នា​ជួបជុំ​នៅផ្ទះ​លោក ជា ជីវ នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ កាលពី​ថ្ងៃទី​១៩​កក្កដា ដើម្បី​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​។ ការធ្វើ​យុទ្ធនាការ​នេះ ត្រូវបាន​គណបក្ស​ប្រជាជន ចាត់ទុកជា​ការរារាំង​ដល់​ដំណើរការ​បោះឆ្នោត ទើប​សម្រេច​ប្ដឹង​មក​គ​.​ជ​.​ប​៕


Tag:
 សំ សុ​គង់​
 ​ជា ជីវ
  CNRP
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next