បុរស​ម្នាក់​ស្ពឹក​មុខ​ក្នុង​ហាង​មួយ​នៅ Venice ដោយ​កាហ្វេ​២​កែវ និង​ទឹក​២​ដប ថ្លៃ​ជិត​៥០​ដុល្លារ​

អន្តរជាតិ
បុរស​ម្នាក់​ស្ពឹក​មុខ​ក្នុង​ហាង​មួយ​នៅ Venice ដោយ​កាហ្វេ​២​កែវ និង​ទឹក​២​ដប ថ្លៃ​ជិត​៥០​ដុល្លារ​
11, Aug 2018 , 1:45 pm         16797
រូបភាព
ដោយ: ធីតា
​បុរស​ជនជាតិ​ស៊ី​លី​ឈ្មោះ Juan Carlos Bustamente មាន​អនុស្សាវរីយ៍​ដ៏​ជូរចត់​មួយ​នៅ​ដំណើរ​កម្សាន្ត​លំហែរ​កាយ​នៅ​ក្រុង Venice ប្រទេស​អ៊ីតាលី​។ លោក​សឹងតែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួនឯង ដោយ​កាហ្វេ​២​កែវ និង​ទឹក​២​ដប ដែល​លោក​បាន​ផឹក​នៅ​ហាង​មួយ​មានតម្លៃ​រហូតដល់​ទៅ​៤៣​អឺរ៉ូ (​ជិត​៥០​ដុល្លារ អាមេរិក​)​។​
 
​លោក Juan Carlos Bustamente បាន​លំហែរ​កាយ​នៅ​ក្រុង​បណ្តែត​ទឹក Venice កាលពី​សប្តាហ៍​កន្លងមក​។ គាត់​បាន​ចូលទៅ​ហាង​កាហ្វេ Caffe Lavena ដែល​ស្ថិតនៅ​អគារ​ប្រវត្តិសាស្ត្រ​នៅ​ទីតាំង Saint-Marc ដ៏​ល្បីល្បាញ​។ «​ខ្ញុំ​មិនដឹងថា អ្នក​ទាំងអស់គ្នា​គិត​យ៉ាងម៉េច​នោះឡើយ ចំពោះ​តម្លៃ​៤៣​អឺរ៉ូ​សម្រាប់​កាហ្វេ​២​កែវ និង​ទឹក​២​ដប​»​។ លោក​បាន​ចោទ​ជា​សំណួរ​បែបនេះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អមដោយ​វិ​ក្ក័​យ​ប​ត្រ​។​
 
​បន្ទាប់មក លោក Juan បាន​បង្ហោះ​រូបថត​នេះ នៅលើ​គេហទំព័រ TripAdvisor ដើម្បី​កុំ​ឲ្យ​ភ្ញៀវ​ផ្សេងទៀត​លង់ខ្លួន​ដូចជា​រូបលោក​ក្នុង​ដំណើរ​កម្សាន្ត​នៅ​តំបន់ Saint-Marc​។ យោងតាម​ការបញ្ចេញមតិ ភ្ញៀវ​មួយចំនួន​ក៏​ធ្លាប់​ជួប​រឿងរ៉ាវ​ខកចិត្ត​យ៉ាង​ដូច្នេះ​ដែរ​។​
 
​ក្រោយ​ការរិះគន់​យ៉ាងខ្លាំង​ក្លា បុគ្គលិក​ម្នាក់​នៅ​ហាង Caffe Lavena បាន​បកស្រាយ​ថា តម្លៃ​ដ៏​ខ្ពស់​នោះ គឺ​ដោយសារតែ​ភ្ញៀវ​អង្គុយ​នៅ​ទីតាំង​បរិវេណ​ខាងក្រៅ​ដែលមាន​ការ​រចនា​យ៉ាង​ល្អ អមដោយ​ការប្រគំ​តន្ត្រី និង​ការសម្តែង​ផ្សេងៗ ។​
 
​យោងតាម​ការផ្សាយ​រប​ស់ www.7sur7.be បុគ្គលិក​ហាង Caffe Lavena បាន​បញ្ជាក់ថា​៖ «​យើង​តែងតែ​បញ្ជាក់ប្រាប់​ភ្ញៀវ​នៅពេល​បង្ហាញ​បញ្ជី​រាយ​មុខម្ហូប ប៉ុន្តែ​ពួកគាត់​មិន​ចាប់អារម្មណ៍​។ ទីតាំង​ខាងក្រៅ​មានតម្លៃ​ខ្ពស់ ប៉ុន្តែ​សម្រាប់​ទីតាំង​ខាងក្នុង កាហ្វេ​មួយ​កែវ​មានតម្លៃ​ជាធម្មតា ១,២៥​អឺរ៉ូ​»៕

Tag:
 កាហ្វេ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង