ជាតិ
បាក់ឌុប
បាក់ឌុប៖ តើអ្នកណាខ្លះមាន និងគ្មានសិទ្ធិប្រើប្រាស់ទូរសព្ទ ក្នុងមណ្ឌលប្រឡង?
× ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៨នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ សីហាខាងមុខ។ ក្រសួងអប់រំ បានជូនដំណឹងទាក់ទងនឹងការប្រើប្រាស់ទូរសព្ទ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទក្នុងមណ្ឌលប្រឡង របស់បុគ្គលិកអប់រំ និងបេក្ខជន។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ។
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានកែទម្រង់ការប្រឡង ដោយមិនអនុញ្ញាតឲ្យបេក្ខជនលួចចម្លងសំណៅឯកសារផ្សេងៗឡើយ។ ម្យ៉ាងទៀត ដំណើរប្រឡងនេះ ក៏មិនអនុញ្ញាតឲ្យបេក្ខជន និងបុគ្គលិកអប់រំមួយចំនួន យកគ្រឿងអេឡិចត្រូនិក និងទូរសព្ទចូលមណ្ឌលប្រឡងផងដែរ។
បើតាមក្រសួងអប់រំ បុគ្គលដែលមានសិទ្ធិយកចូល និងប្រើប្រាស់ទូរសព្ទ រួមមាន គណៈមេប្រយោគទូទាំងប្រទេស, អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ, ប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល, ប្រធានមណ្ឌល និងប្រធានសន្តិសុខប្រចាំមណ្ឌល។ ចំណែកបុគ្គលដែលមិនអនុញ្ញាតឲ្យយកចូលរួមមាន បេក្ខជនប្រឡង, អនុប្រធាន និងសមាជិកអប្បមាទ, អនុប្រធានមណ្ឌល, គណៈកម្មការកណ្ដាល អ្នកត្រួតពិនិត្យអគារ អនុរក្ស សមាជិកសន្តិសុខ និងបុគ្គលិកសុខាភិបាលប្រចាំមណ្ឌលជាដើម។
សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២០ សីហាខាងមុខនេះ ដោយមានបេក្ខជនប្រឡងចំនួន ១១៧.០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦បន្ទប់ នៅរាជធានីខេត្តទាំង២៥ទូទាំងប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com