ជាតិ
​​​ន​យោ​បាយ​ជាតិ​
បុត្រ​ច្បង​របស់​សម្តេចក្រុមព្រះ ក្លាយជា​ប្រធានស្តីទី​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​
11, Aug 2018 , 3:50 pm        
រូបភាព
 សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បានសម្រេច​ព្រះទ័យ​តែងតាំង​បុត្រា​ច្បង នរោត្តម ច​ក្រា​វុ​ឌ្ឍ ឲ្យ​គង់​ជា​ប្រធានស្តីទី​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាន​បញ្ជាក់ថា នេះ​ជា​ព័ត៌មាន​ពិត ប៉ុន្តែ​ថា​លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​មូលហេតុ​នៃ​សេចក្តីសម្រេច​នេះ​នៅឡើយ​ទេ​។​

 
​បុត្រា​ច្បង នរោត្តម ច​ក្រា​វុ​ឌ្ឍ របស់​សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ ជាមួយ​ម្ចាស់​ក្ស​ត្រី ម៉ា​រី ដែល​ពលរដ្ឋ​ខ្មែរ​ពុំ​សូវ​ស្គាល់ ត្រូវបានតែងតាំង​ជា​ប្រធានស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ការតែងតាំង​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​សេចក្តីសម្រេច​មួយ​របស់​សម្តេចក្រុមព្រះ​កាលពី​ថ្ងៃទី​៨​ខែសីហា ហើយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាល​ល្ងាច​ថ្ងៃទី​១០​សីហា​នេះ​។​
 
​ការតែងតាំង​នេះ​បានកើត​ឡើង​នៅពេលដែល​សម្តេចក្រុមព្រះ​ត្រូវបាន​គេ​ដឹងថា ព្រះអង្គ​កំពុង​សម្រាក​ព្យាបាល​នៅក្រៅ​ប្រទេស ក្រោយពី​ព្រះអង្គ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពាក់កណ្តាល​ខែមិថុនា​កន្ល​ង​ទៅ​។ គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​ធ្វើ​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព​។ តាំងពី​ពេលនោះ​មក សម្តេចក្រុមព្រះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ហើយ​ព្រះអង្គ​ក៏​មិនមាន​ព្រះ​វត្តមាន​នៅក្នុង​ថ្ងៃ​បោះឆ្នោត​នៅ​កម្ពុជា​ឡើយ​។​
 
​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១១​ខែសីហា​នេះ​ថា លោក​មិនទាន់​ដឹង​អំពី​មូលហេតុ​នៅ​ពីក្រោយ​ការសម្រេច​ព្រះទ័យ​របស់​ព្រះប្រធាន​របស់លោក​នៅឡើយ​ទេ ប៉ុន្តែ​លោក​អះអាងថា ថ្នាក់ដឹកនាំ​គណបក្ស​គោរព​តាម​សេចក្តីសម្រេចចិត្ត​របស់​សម្តេច​ក្រុមព្រះ​។ លោក ញ៉េប ប៊ុនជិន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​នេះ​ជា​ព្រះរាជតម្រិះ​របស់​ព្រះអង្គ​។ ប្រហែល​ព្រះអង្គ​ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​ព្យាបាល​ព្រះរោគ​។ យើង​នៅ​រង់ចាំ​ការកោះប្រជុំ​ពី​ព្រះប្រធាន​ស្តីទី​ទាក់ទង​នឹង​ផែនការ​ការងារ​ថ្ងៃមុខ​»​។​
 
​មិនមាន​ការតែងតាំង​តែមួយ​នោះទេ​។ បើ​គេ​ឃើញ​សេចក្តីសម្រេច​នោះ សម្តេចក្រុមព្រះ​ក៏បាន​តែងតាំង​លោក ពេជ្រ សុ​ជេ​ថ្ថា ជា​អគ្គលេខាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផងដែរ​។ ក្នុងនាម​ជា​ព្រះប្រធាន សម្តេចក្រុមព្រះ​បាន​បង្គាប់​ឲ្យ​ប្រធានស្តីទី និង​អគ្គលេខាធិការ​ប្រតិបត្តិ ចាត់ចែង និង​សម្រេច​រាល់​ការងារ រួមទាំង​ផ្លាស់ប្តូរ តែងតាំង​សមាសភាព​នៅក្នុង​គណបក្ស​ផង ឲ្យ​មាន​ប្រសិទ្ធភាព​។​ នេះបើយោងតាមសេចក្តីសម្រេច​របស់​ព្រះអង្គម្ចាស់​ នរោត្តម រណឬទ្ធិ។
 
​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលជា​កេរដំណែល​នយោបាយ​មួយ​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​ធ្លាប់​ឈ្នះ​នៅក្នុង​ការបោះឆ្នោត​នីតិកាល​ទីមួយ​ក្នុង​ឆ្នាំ​១៩៩៣ បាន​ថមថយ​ប្រជាប្រិយភាព និង​ការគាំទ្រ​ពី​ការបោះឆ្នោត​មួយ​ទៅ​ការបោះឆ្នោត​មួយ ហើយ​ក៏បាន​ឆ្លងកាត់​ការបែកបាក់​ផ្ទៃក្នុង​យ៉ាងដំណំ​ផងដែរ​។​
 
​ទោះ​យ៉ាងនេះ​ក៏ដោយ នៅក្នុង​ការបោះឆ្នោត​នីតិកាល​ទី​៦​នេះ ទោះបី​ទទួលបាន​សំឡេង​ទាប​ដាច់​ឆ្ងាយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច ហ៊ុន សែន ដែលជា​អតីត​ដៃគូ​ក្នុង​រដ្ឋាភិបាលចម្រុះ​នោះ ក៏​ហ្វ៊ុនស៊ិនប៉ិច ជា​គណបក្ស​ដែល​ទទួលបាន​ការគាំទ្រ​លំដាប់ថ្នាក់​ទី​២​ជាមួយនឹង​សំឡេងគាំទ្រ ៣៧៤៥១០ សំឡេង​។​
 
​នៅពេលនេះ ក្រោម​ការដឹកនាំ​របស់​ប្រធានស្តីទី នរោត្តម ច​ក្រា​វុ​ឌ្ឍ ដែលជា​បុត្រា​ច្បង​របស់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ តើ​ហ្វ៊ុនស៊ិនប៉ិច នឹងមាន​អ្វី​ថ្មី​?
 

Tag:
 ​ហ្វ៊ុនស៊ិនប៉ិច​
  ច​ក្រា​វុ​ឌ្ឍ
© រក្សាសិទ្ធិដោយ thmeythmey.com