ជាតិ
បាក់ឌុប
លោក​ហង់ ជួនណា​រ៉ុ​ន​៖ ការ​រឹតបន្តឹង​ពេល​ប្រឡង​និង​កំណែទម្រង់​អប់រំ​នៅ​បន្ត
13, Aug 2018 , 7:59 pm        
រូបភាព
រូប​ឯកសារ៖ លោក​​ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អបរំ​​ត្រួតពិនិត្យ​វិញ្ញាសារ​នៃការប្រលង​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែសីហា ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)
រូប​ឯកសារ៖ លោក​​ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អបរំ​​ត្រួតពិនិត្យ​វិញ្ញាសារ​នៃការប្រលង​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែសីហា ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ស្ថិតក្រោម​ម្លប់​ដើមឈើ​យ៉ាង​ត្រឈឹងត្រឈៃ​ក្នុង​បរិវេណ​ដ៏​ចំណាស់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សារឿន សុធា​រដ្ឋ កំពុង​អង្គុយ សញ្ជប់សញ្ជឹង ស្វះ​ស្វែងរក​ភាព​ច្នៃប្រឌិត សម្រាប់ធ្វើ​កិច្ចការ​សាលា​របស់ខ្លួន​។



​សុធា​រដ្ឋ គឺជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​រាប់ពាន់​នាក់​ដែល​ពុំ​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រឡង​លើក​ទី​១​នៃ​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​ទេ បន្ទាប់ពី​ក្រសួង​បាន​អនុវត្ត​ការ​រឹតបន្តឹង​នានា​រួមទាំង​លុបបំបាត់​ការលួចចម្លង​ជាដើម​។​

​ក្នុង​ឆ្នាំ​ដំបូង​ដែលមាន​កំណែ​ទម្រង់ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​ដោយ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​មាន​អត្រា​សិស្ស​ប្រឡង​ធ្លាក់​រហូតដល់​៧០​ភាគរយ​នៃ​ចំនួន​សរុប​នៃ​សិស្ស​ថ្នាក់​ទី​១២​ទាំងអស់​។ មុន​មាន​កំណែទម្រង់​នេះ សិស្ស​ស្ទើរតែ​ទាំងអស់ អាច​លួច​ចម្លង សូក​សំណូក​មេ​ប្រយោគ​ជាដើម ដែលមាន​សិស្ស​ពី​ឆ្នាំ​កន្លងៗ​ទៅបាន​ធ្វើ​ដើម្បី​ជាប់​សញ្ញាប័ត្រ​នេះ​។​

​លោក ហង់ ជួន ណា​រ៉ុ​ន បាន​អះអាងថា «​អ្នកចេះ ទើប​ជាប់​»​។ ក្នុង​ឆ្នាំ​ដដែល​នោះ​ក្រសួង​បាន​បង្កើត​ការប្រឡង​លើក​ទី​ពីរ​ដើម្បី​ផ្តល់ឱកាស​ដល់​សិស្ស​ដែល​ប្រឡង​ធ្លាក់​។​

​សុធា​រដ្ឋ​និយាយថា​៖ «​ពេល​ហ្នុ​ង​ខ្ញុំ​គិតថា​គេ​និយាយ​ចោល​។ គេ​ធ្វើ​អីចឹង​ល្អ​តែ​គ្រាន់​វា​រាង​លឿន​ពេក​។ អត់​មាន​អ្នកណា​គេ​គិតថា វា​អីចឹង​ពេក ពេល​ខ្ញុំ​ធ្លាក់​ភ្លាម ខ្ញុំ​ដូច​ស្តាយ ស្តាយក្រោយ​អីចឹង​។ ពីព្រោះ​ខ្ញុំ​រំពឹង​ខ្ញុំ​ជាប់ ដល់​ពេលចេញ​លទ្ធផល​មក​ខ្ញុំ​ធ្លាក់​។ របៀប​ថា​ខ្ញុំ​ក៏​ជា​សិស្ស​ពូកែ​ដែរ​»​។​


ក្រុម​បេក្ខជន​ប្រឡង​បាក់​ឌុប សម្តែង​ការរីករាយ​ពេល​ចេញពី​ប្រឡង​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​រ​ប្រឡង នៅ​វិទ្យាល័យ​ព្រះ​យុគន្ធរ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៧​។ (​រិទ្ធី គីមហេង​/ VOA)​

​យើង​មើលឃើញថា លទ្ធផល​នៃ​ការប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ ក្រោយពី​មាន​កំណែទម្រង់​អស់​រយៈកាល​កន្លងទៅ​។ ការអនុវត្ត​របស់ លោក ហង់ ជួន ណា​រ៉ុ​ន មើលទៅ​ហាក់ដូចជា​ទទួលបាន​ជោគជ័យ គឺ​នៅ​ឆ្នាំ​ចុង​ក្រោយនេះ អត្រា​សិស្ស​ជាប់​សឹងតែ​ពីរភាគបី​នៃ​បេក្ខជន​ទាំងអស់​។​

​បើទោះបីជា​មានមតិ​វិជ្ជមាន​ពី​ក្រសួង​ក៏ដោយ លោក រ៉ុង ឈុន ដែល​សព្វថ្ងៃនេះ​ជា ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បានឱ្យដឹងថា ការ​រឹតបន្តឹង​ការប្រឡង​មិនអាច​ឆ្លុះ​បង្ហាញ​ពី​គុណភាព​វិស័យ​អប់រំ​បាន​នោះទេ​។​

​លោក​បន្តថា​៖ «​សិស្សានុសិស្ស​ឥឡូវ​ហ្នឹង​ឱ្យតែ​ថា គេ​មិន​ឱ្យមើល​ប្រ៉ុ​យ​យុង​[​សំណើ​ឯកសារ​]​មិនឱ្យ​ចម្លង​គ្នា​ថា​ការ​រឹតបន្តឹង​»​។​

​លោក​បាន​ពន្យល់​លម្អិត​បន្ថែមទៀតថា​៖ «​ប៉ុន្តែ​ដូច​កាលសម័យ​ខ្ញុំ​អីចឹង​ការប្រឡង​តឹង​ធូរ​គេ​សំដៅ​ទៅលើ​ប្រធាន​វិញ្ញាសា​តែ​វិញ្ញាសា​ឥឡូវ​ហ្នឹង​គេ​ងាយ​ឱ្យ​សិស្ស​ជាប់​។ ពីព្រោះ​គណិតវិទ្យា​ក្តី វា​មិនមែន​ប្រធាន​ដែល​ប្រទាក់ក្រឡា​គ្នា​។ ប្រធាន​ភាគច្រើន​ដាច់ៗ​ពីគ្នា​»​។​

​លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និយាយថា​៖ «​ប្រជាជន​កម្ពុជា​គួរ​ផ្តោតលើ​ចំណុច​វិជ្ជមាន​នៃ​កំណែទម្រង់​នេះ​។ ការណ៍​ដែលមាន​ចំនួន​សិស្ស​ជាប់​ពិន្ទុ​ខ្ពស់ៗ​កាន់តែ​ច្រើនឡើងៗ​ជាង​ឆ្នាំមុនៗ បាន​ឆ្លុះបញ្ចាំង​ពី «​ការកើនឡើង​នៃ គុណភាព​វិស័យ​អប់រំ ដូចជា​ការរៀន និង​ការបង្រៀន​»​។​

​មុន​ការដាក់ចេញ​កំណែទម្រង់​ថ្មី​នេះ មាន​សិស្ស​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ទទួលបាន​និទ្ទេស A ហើយ​សិស្ស​និទ្ទេស A ទាំង​តែងតែ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​រង្វាន់​សម្រាប់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​។ នាពេល​ថ្មី​នេះ​អ្នក​ដែល​ប្រឡង​ជាប់​និទ្ទេស A បាន​កើនឡើង​យ៉ាងច្រើន ហើយ​កាលពី​សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧​ចំនួន​សិស្ស​និទ្ទេស A សរុប​មាន​ដល់​៤០០​នាក់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួង​បាន​អះអាងថា ខ្លួន​មិនបាន​បន្ធូរបន្ថយ​ប្រធាន​វិញ្ញាសា​ប្រឡង​ដើម្បី​ធ្វើឱ្យ​សិស្ស​ងាយស្រួល​ក្នុងការ​ប្រឡង​ជាប់​នោះទេ​។​

​លោក​រដ្ឋមន្ត្រី​បាន​និយាយថា​៖«​ដើម្បី​ធានាបាន​នៅ​ការប្រឡង​មួយ​ដែលមាន​គុណភាព​ខ្ពស់ យើង​បានរៀបចំ​ជា​ស្តង់ដា​ប្រធាន​វិញ្ញាសា​»​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​៖ «​ហើយ​ស្តង់ដា​ប្រធាន​វិញ្ញាសា​នេះ​គឺ​ទៅតាម​គេ​ហៅថា​កម្រិត​នៃ​ការគិត កម្រិត​នៃ​ចំណេះដឹង មានន័យថា តើ​ប្រធាន​វិញ្ញាសា​អី​ដែល​ទាមទារ​ត្រឹមតែ​ការចងចាំ​ទន្ទេញ​ចាំមាត់ ប្រធាន​វិញ្ញាសា​អី​គឺ​ត្រូវ​ទាមទារ​មិន​ត្រឹម​ទន្ទេញ​ចាំមាត់​ទេ ប៉ុន្តែ​ត្រូវ​យល់​។ ប្រធាន​វិញ្ញាសា​អី​មិន​ត្រឹមតែ​យល់​ទេ គឺ​ត្រូវ​ចេះ​អនុវត្ត​បន្ថែមទៀត ចេះ​វិភាគ ចេះ​បង្កើត​ថ្មី ទៅតាម​កម្រិត​នៃ​ចំណេះដឹង​នៃ​ប្រធាន​វិញ្ញាសា​នោះ​។ ដូច្នេះ​គឺ​យើង​រៀបចំ​យ៉ាង​ហ្មត់ចត់​នូវ​ប្រធាន​វិញ្ញាសា​ដើម្បី​បង្ហាញឱ្យឃើញថា​យើង​មិន​បន្ធូរ​ទេ​នៅ​ប្រធាន​វិញ្ញាសា​នោះទេ​»​។​

​ឈរ រតនៈ​ទេពី សព្វ​ថ្ងៃជា​និស្សិត​ទើបតែ​បញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែក​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​សរសេរ​ប្រាប់ VOA ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​កាលពី​សម័យ​កំណែទម្រង់​ដំបូង តាម​សារ​អេឡិចត្រូនិក​ថា​៖

«​កាលពី​ឆ្នាំ​២០១៤ វិញ្ញាសា​ប្រឡង​មានដូចជា​ការចងចាំ​ដែល​ផ្អែកលើ​ការគិត​។ ប៉ុន្តែ​ប្រធាន​វិញ្ញាសា​នៅ​ខ្វះ​កម្រិតស្តង់ដា​រួមមួយ​ត្រង់​ថា គ្រូ​នីមួយៗ​តែងមាន​របៀប​ប្រើពាក្យ​ឬ ការតាក់តែង​ពាក្យ​លំ​ហាត់​ផ្សេងៗ​ពីគ្នា​ហើយ​កត្តា​នេះ​អាច​ប៉ះពាល់​ដល់​ការយល់ដឹង​របស់​សិស្ស​ចំពោះ​លំ​ហាត់​តែមួយ​»​។​

​នាង​បន្តថា​៖ «​ជា​បន្ថែម​ខ្ញុំ​គិតថា ប្រធាន​វិញ្ញាសា​ប្រឡង​គួរ​រួមបញ្ចូល​បន្តិច​ម្តងៗ​នូវ​ការគិត​បែប​ស៊ីជម្រៅ​ក្នុង​គោលបំណង​បង្កើន​ឲ្យ​បាន​កាន់តែច្រើន​នូវ​ការ​បំប៉ន​ដល់​ការអប់រំ​និង​ចំណេះដឹង​របស់​សិស្ស​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​គិតថា​រាល់​ប្រធាន​វិញ្ញាសា​ប្រឡង​ទាំងអស់​គួរតែ​អាច​ឲ្យ​សិស្ស​គិត​ទៅរក​ចំណេះដឹង​ដែល​ខ្លួន​ធ្លាប់បាន​រៀន​ក្នុង​ថ្នាក់​»​។​

​បើ​យោងតាម សៀ វុត្ថា ដែល​បច្ចុប្បន្ន​ជា​សិស្ស​ឆ្នាំ​ទី​បួន​ផ្នែក​ភាសា​អង់គ្លេស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បានឱ្យដឹងថា វិធីសាស្ត្រ​កំណែទម្រង់​នេះ​មាន​លក្ខណៈ​លឿន​ពេក​។​

​គាត់​និយាយថា​៖ «​ចង់​និយាយថា បើ​គាត់​ដូរ គាត់​ដូរ​ពីក្រោម​មក​។ បើ​នៅពេល​ហ្នឹង វា​រាង​៩០​ដឺ​ក្រេ​ពេក​ពីព្រោះ​អី ចង់​និយាយថា គាត់​អត់​ព្រម​កែ curriculum [​កម្មវិធីសិក្សា​] សិន ហើយ​ចាំ​កែ​ការប្រឡង​ហ្នឹង​ក្រោយ​។ តែ​នេះ​គាត់​កែ​ប្រឡង​ហ្នឹង​ហ្មង អីចឹង​វា​អត់​សូវ​ស្តង់ដា​រ‍​»​។​

​កត្តា​មួយ​ដែល​ជំរុញឱ្យមាន​ការ​សូកប៉ាន់ និង​ការលួចបន្លំ​នា​សម័យមុនៗ​គឺអាច មកពី​គ្រូបង្រៀន​ពុំ​ទទួលបាន​ប្រាក់បៀវត្ស​គ្រប់គ្រាន់​។ គឺ​គ្រូ​ត្រូវ​បង្ខំ​បើក​ថ្នាក់​បង្រៀន​គួរ ហើយ​ផ្តល់​ចម្លើយ​មុនពេល​ប្រឡង​ក្នុង​ថ្នាក់​ដើម្បី​រកលុយ​ផ្គត់ផ្គង់​គ្រួសារ​។​

​ដោយហេតុថា គ្រូបង្រៀន​ទទួលបាន​កម្រៃ​តិចពេក​ពី​ប្រាក់បៀវត្ស​ខ្លួន ពួកគេ​ពុំ​គិតថា​អាជីព​ខ្លួន​ត្រូវបាន​គេ​ផ្តល់​សិទ្ធិ​អាទិភាព​នោះទេ ហើយ​ប្រាក់ខែ​របស់​គ្រូ​ពុំ​អាច​ទប់​ទល់នឹង​ការកើនឡើង​នៃ​អតិផរណា​បានទេ​។​

​លោក រ៉ុង ឈុន ក៏មាន​ប្រសាសន៍​បន្ថែម​ថា​៖ «​ប្រាក់ខែ​របស់គាត់​ហ្នឹង​វា​តិចតួច ដូច​ឥឡូវ​ហ្នឹង ក្រសួង​អប់រំ​និង​រដ្ឋាភិបាល​គេ​ថា គ្រូបង្រៀន​ឥឡូវ​ប្រាក់ខែ​ជាង​៣០០​ជា​មធ្យម​។ រឿង​អី​ដែល​នៅ​ធ្វើ​អីចឹង​ទៀត តែ​គុយទាវ​មួយ​ចាន​ប៉ុន្មាន​? យើង​ត្រូវ​មើល​អាហ្នឹង​។ ជាង​៣០០ ទឹក​សុទ្ធ​មួយ​ដប​ប៉ុន្មាន សាំង​មួយ​លីត្រ​ប៉ុន្មាន​។ អីចឹង​បាន​គេ​ប្រើពាក្យ​មួយ​ថា គ្រូបង្រៀន​នៅតែ​ប្រាក់ខែ​ជាង​មួយ​ជីរ​ហូ​ត‍​»​។​

​បើ​យោងតាម​របាយការណ៍​ឆ្នាំ​២០១៨ របស់​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​ឈ្មោះថា «Growing Smarter Learning and Equitable Development in East Asia and Pacific» គ្រូបង្រៀន​នៅ​កម្ពុជា​ទទួលបាន​ប្រាក់ខែ​តិច​ហើយ​តែងតែ​យឺតយ៉ាវ ហើយ​កត្តា​នេះ​ជំរុញ​ឲ្យ​មាន​ការបើក​បង្រៀន​គួរ​ក្រៅ​ម៉ោង​ដើម្បី​រកប្រាក់​បន្ថែម​សម្រាប់​ផ្ត​ត់​ផ្គង់​ជីវភាព​។​

​តែ​ទោះបី​ជាមាន​លទ្ធផល​បែបនេះ​ក៏ដោយ ការស្ទង់មតិ​មួយ​បន្ទាប់ពី​ការដាក់ចេញ​កំណែទម្រង់​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​មូលនិធិ​អាស៊ី​លើ​ប្រធានបទ ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៤ បាន​បង្ហាញថា​មានមតិ​ភាគច្រើន​គាំទ្រ​ការកែប្រែ​នេះ​ដែល​ក្នុងនោះ​មាន​ទៅដល់​៩៦​ភាគរយ​នៃ​ចំនួន​៥០០​នាក់​នៃ​អ្នកផ្តល់​មតិ​ទាំងអស់ គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការសម្រេចចិត្ត​របស់​ក្រសួង​ក្នុងការ​បង្កើន​ការ​រឹង​បន្តឹង​ការប្រឡង​នេះ​។​

​វុត្ថា និស្សិត​ភាសា​អង់គ្លេស​មួយរូប​នេះ យល់ឃើញថា​ប្រសិទ្ធភាព​នៃ​កំណែទម្រង់​នេះ​នៅ​មិនទាន់​អាច​ជឿជាក់​នៅឡើយ​។​

​គាត់​ពុំបាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​កំណែទម្រង់​នេះ​ទេ ដោយ​យល់ឃើញថា ចលនា​ការអប់រំ​ដទៃ​ជាច្រើន​ទៀត​ដូចជា គុណភាព ការបង្រៀន បរិក្ខារ​សិក្សា និង​កម្មវិធីសិក្សា​នៅមានកម្រិត​នៅឡើយ​៕

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com