អន្តរជាតិ
ជំនួប​កំពូល​មេដឹកនាំ​កូរ៉េ​លើក​ទី​៤ នឹងធ្វើ​នៅ​ព្យុងយ៉ាង​ក្នុង​ខែកញ្ញា
13, Aug 2018 , 9:59 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នាជំនួបមេដឹកនាំកូរ៉េលើកទីបី (រូបភាព AFP)
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នាជំនួបមេដឹកនាំកូរ៉េលើកទីបី (រូបភាព AFP)
​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង និង​ខាងជើង នៅ​ថ្ងៃទី​១៣ ខែសីហា បាន​ព្រមព្រៀងគ្នា​ដើម្បី​រៀបចំ​ជំនួប​កំពូល​មេដឹកនាំ​អន្តរ​កូរ៉េ​នៅ​អំឡុង​ខែកញ្ញា​ខាងមុខ​នៅ​ទឹកដី​កូរ៉េខាងជើង​។ ជំនួប​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​រដ្ឋធានី​ព្យុងយ៉ាង នឹង​ក្លាយជា​ជំនួប​តទល់​លើក​ទី​បួន​រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ​។ វា​ក៏​ជាការ​ជួប​តទល់​លើក​ទី​បី​រវាង​លោក មូ​ន និង​លោក គីម ដែរ​។​



​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​ព្យុងយ៉ាង​នៅ​ខែកញ្ញា​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នា​ជំនួប​កំពូល​អន្តរ​កូរ៉េ​លើក​ទី​៤ ។ កូរ៉េ​ទាំង​ពីរបាន​ឯកភាពគ្នា​ដើម្បី​រៀបចំ​មេដឹកនាំ​នា​ជំនួប​ថ្នាក់​មន្ត្រីជាន់ខ្ពស់​នៅ​ថ្ងៃទី​១៣ ខែសីហា នៅ​ប៉ែក​ខាងជើង​ភូមិ​ប៉ាន់​មុន​ជុម ដែលជា​ខ្សែបន្ទាត់​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​ជាង​៦០​ឆ្នាំ​មកនេះ​។ តាមពិត​ថ្ងៃ​ជំនួប​បានកំណត់​រួចហើយ តែ​ភាគី​ទាំងពីរ​មិនទាន់​បញ្ចេញ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​

​បើ​កើតឡើង​តាម​ការព្រមព្រៀង​មែន​នោះ ជំនួប​លោក មូ​ន និង​លោក គីម គឺជា​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ខាង ដែល​ចែកដាច់​ជា​ពីរ​ផ្លូវ​ក្រោយ​ចប់​សង្គ្រាម​កូរ៉េ​នៅ​ឆ្នាំ​១៩៥៣ ។ ប៉ុន្តែ​វា​ជា​ជំនួប​តទល់​លើក​ទី​៣ រវាង​លោក មូ​ន និង​លោក គីម ផ្ទាល់​។ ជំនួប​លើក​ទី​១ ធ្វើឡើង​កាលពី​ខែមេសា ដែល​ពេលនោះ លោក គីម ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង​ទីមួយ​ជាន់​ទឹកដី​កូរ៉េខាងត្បូង​បន្ទាប់ពី​ចប់​សង្គ្រាម និង​លើក​ទី​ពីរ​នៅ​ខែឧសភា នៅ​ភូមិ​ប៉ាន់​មុន​ជុម​ខាង​ទឹកដី​កូរ៉េខាងជើង​។​

​លោក មូ​ន ដែល​គេ​មើលឃើញថា មាន​នយោបាយ​ទន់ភ្លន់​ដាក់​កូរ៉េខាងជើង ក៏​នឹង​ក្លាយជា​មេដឹកនាំ​កូរ៉េខាងត្បូង​ទី​បី ដែលមាន​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​នៅ​ទីក្រុង​ព្យុងយ៉ាង​។ អតីត​ប្រធានាធិបតី គីម ដេ​ជុង ជា​មេដឹកនាំ​កូរ៉េខាងត្បូង​ដំបូង​គេ​ជួប​ថ្នាក់​កំពូល​កូរ៉េខាងជើង គីម ជុងអ៊ីល នៅ​ឆ្នាំ​២០០០ ហើយ​ដល់​ឆ្នាំ​២០០៧ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង រ៉ូ មូ​យុន ក៏​ទៅ​ជួប​លោក គីម ជុងអ៊ីល ដល់ទី​ក្រុង​ព្យុងយ៉ាង​ដែរ​។​

​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ក្រោយ​ការ​ក្លាយជា​ប្រធានាធិបតី​របស់លោក មូ​ន មាន​ភាពល្អប្រសើរ​ច្រើន ហើយក៏​ធ្វើ​ឲ្យ​ស្ថានភាព​ឧបទ្វីប​កូរ៉េ​ដែល​ធ្លាប់​តានតឹង​ខ្លាំង​នោះ បាន​ធូរស្រាល​ខ្លះ​ដែរ​។ ដោយសារ​ការរីកចម្រើន​បែបនេះ វា​ក៏​នាំ​ការ​កាន់​ខិតជិត​គ្នា​រវាង​អាមេរិក និង​កូ​រ៉​ខាងជើង​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ផង​។ ក្រោម​ការសម្របសម្រួល​របស់​កូរ៉េខាងត្បូង លោក គីម ក៏បាន​ជួប​លោក ដូ​ណា​ល់ ត្រាំ ក្នុង​ខែមិថុនា​នៅ​សិង្ហ​បុរី​ផង​។​

​ជុំវិញ​ជំនួប​មន្ត្រី​នេះដែរ ភាគី​ទាំងសងខាង​ក៏​ជជែក​ពី​ការវិវត្ត​នានា​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ផង​។ ក្នុង​សេចក្ដីថ្លែងការណ៍​ក្រោយ​កិច្ចប្រជុំ កូរ៉េ​ទាំង​ពីរបាន​ត្រួតពិនិត្យ​ការអនុវត្ត​សេចក្ដីថ្លែងការណ៍​ប៉ាន់​មុន​ជុម​ខែមេសា និង​បាន​ផ្លាស់ប្ដូរ​គំនិត​គ្នា​ដោយស្មោះ​ត្រង់​ដើម្បី​អនុវត្ត​ឲ្យ​បាន​សកម្ម​នូវ​អ្វីដែល​មេដឹកនាំ​បាន​ព្រមព្រៀងគ្នា​រួចហើយ​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com