អន្តរជាតិ
សិង្ហ​បុរី​ជំរុញ​ឲ្យ​មាន​ពង្រឹង​សន្តិសុខ​អ៊ីនធឺណិត​តំបន់​រួមគ្នា ស្របពេល​អាស៊ាន​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​
13, Aug 2018 , 5:43 pm        
រូបភាព
រដ្ឋមន្ត្រីព័ត៌មានសិង្ហបុរីលោក S Iswaran ក្នុងជំនួបជាមួយអ្នកសារព័ត៌មានអាស៊ាន
រដ្ឋមន្ត្រីព័ត៌មានសិង្ហបុរីលោក S Iswaran ក្នុងជំនួបជាមួយអ្នកសារព័ត៌មានអាស៊ាន
​សិង្ហ​បុរី​៖ ខណៈដែល​សមាជិក​អាស៊ាន​បន្ត​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​សមាហរណកម្ម​សេដ្ឋកិច្ច​ឌីជីថល ការពង្រឹង​សមត្ថភាព​គ្រប់គ្រង​សន្តិសុខ​អ៊ី​ធឺ​ណិ​ត​ក្លាយជា​ចាំបាច់​បំផុត​សម្រាប់​តំបន់​ទាំងមូល​។ ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ សិង្ហ​បុរី​បន្ត​ជំរុញ​ឲ្យ​សមាជិក​អាស៊ាន​ទាំងអស់​ពង្រឹង​ភាព​ដៃគូ និង​គាំទ្រ​គ្នា​ទៅវិញទៅមក​ដើម្បី​កសាង​សមត្ថភាព​ការពារ​សន្តិសុខ​អ៊ីនធឺណិត​នេះ​។



​រដ្ឋមន្ត្រី​ព័ត៌មាន​សិង្ហ​បុរី​លោក  S. Iswaran  បាន​ទទូច​ឲ្យ​ប្រទេស​អាស៊ាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ចែករំលែក​បទពិសោធន៍​បន្ថែម​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត ស្រប​ពេលដែល​តំបន់​អាស៊ាន​កំពុង​ឆ្ពោះទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នោះ​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​អាស៊ាន​នៅ​ថ្ងៃ ៨ ខែសីហា រដ្ឋមន្ត្រី​សិង្ហ​បុរី​រូ​នេះ​អះអាង​ដូច្នេះ​៖ «​ខ្ញុំ​យល់ថា អ្នកបង្កើត​គោលនយោបាយ និង​មេដឹកនាំ​ប្រទេស​អាស៊ាន​បាន​យល់ដឹង​ពី​តម្លៃ​នៃ​សេដ្ឋកិច្ច​ឌីជីថល​នេះ​រួចហើយ​។ ដូច្នេះ គេ​មិនអាច​និយាយ​ពី​សេដ្ឋកិច្ច​ឌីជីថល ដោយ​មិន​និយាយ​ពី​សន្តិសុខ​អ៊ីនធឺណិត​ឡើយ​»​។​

​រដ្ឋមន្ត្រី​រូបនេះ​បាន​បង្ហើប​ដែរ​ថា ក្រៅពី​ក្របខណ្ឌ​អាស៊ាន រយៈពេល​ចុងក្រោយ​មកនេះ វា​មានការ​ពិភាក្សា​គ្នាច្រើន​ជុំវិញ​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត​នេះ​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) និង​នៅ​អឺរ៉ុប​ផង​។ ក្រៅពីនេះ វា​ក៏​ការអភិវឌ្ឍ​ស្តង់ដា​ពិភពលោក​សម្រាប់​ឆ្លើយតប​នឹង​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត ហើយ​វា​ក៏​ជាគោលការណ៍​ណែនាំ​ដែល​អាស៊ាន​អាច​រៀនសូត្រ​បានដែរ​។​

-​អាស៊ាន​មិនទាន់មាន​ក្រុមការងារ​សន្តិសុខ​អ៊ីនធឺណិត ប៉ុន្តែ​ប្រឹង​ចែករម្លែក​បទពិសោធន៍ និង​កសាង​សមត្ថភាព​
​ជុំវិញ​ការពង្រឹង​សន្តិសុខ​អ៊ីនធឺណិត​នេះ លោក  Iswaran បាន​លើកឡើងថា មកដល់​បច្ចុប្បន្ន វា​មិនមាន​ទាន់​មានការ​បង្កើត​ក្រុមការងារ​ពិសេស​អាស៊ាន​សម្រាប់​ដោះស្រាយ​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត​រួមគ្នា​នោះទេ​។ ប៉ុន្តែ​អ្វីដែល​ប្រធាន​អាស៊ាន​សិង្ហ​បុរី​ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​កំពុង​ធ្វើ​នោះ​គឺ បង្កើត​ភាពជា​ដៃគូ​ដែល​អាច​ស្វែងរក​ចំណុចរួម ចែករំលែក​បទពិសោធ​ន៍ គាំទ្រ​គ្នា​ទៅវិញទៅមក និង​បង្កើត​វិធីសាស្ត្រ​គ្រប់គ្រង​សន្តិសុខ​អ៊ីនធឺណិត​រួមគ្នា​តាមបែប​អាស៊ាន​តែម្តង​។​

«​អ្វីដែល​យើង​កំពុង​ធ្វើ គឺ​ព្យាយាម​ធ្វើការ​រួមគ្នា​ក្នុង​ភាពជា​ដៃគូ ហើយ​យើង​គួរ​ស្វែងរក​ចំណុច​រួមគ្នា​ដើម្បី កំណត់​គំនិត​ឲ្យ​ច្បាស់​ថា​យើង​ត្រូវ​ទៅ​ផ្លូវ​ណា​»​។ លោក Iswaran និយាយ​ដូច្នេះ​។​

«​ចំណែក​អ្វីដែល​យើង​ត្រូវធ្វើ គឺ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ការកសាង​សមត្ថភាព​, រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ជាពិសេស​ពី​ដៃគូ​របស់​អាស៊ាន​ពីបទ​ពិសោធន៍​ល្អៗ ហើយ​វា​ប្រាកដ​ណាស់​ថា ប្រទេស​អាស៊ាន​ចង់បាន​វិធីសាស្ត្រ​តាមបែប​អាស៊ាន​ស្របតាម​ស្តង់ដា​ពិភពលោក ហើយ​អាចធ្វើ​សុខដុម​រម​នីយកម្ម​ស្តង់ដា​នេះ​ផង​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​»​។​

​យ៉ាងណាមិញ លោក Iswaran សង្កត់ធ្ងន់ថា វា​មិនមែន​មានតែ​ប្រធាន​អាស៊ាន​ឆ្នាំនេះ ឬ​មានតែ​សិង្ហ​បុរី​ទេ​ដែល​ផ្តោត​ខ្លាំង​លើ​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត​នេះ​។  សិង្ហ​បុរី​គ្រាន់តែ​ចង់​ពង្រឹង​ការសហការ​ជាមួយ​ដៃគូ​ដើម្បី​បង្កើត​ក្របខណ្ឌ​គោល​ដែល​អនុញ្ញាត​ឲ្យ​ភាគី​ពាក់ព័ន្ធ​អាច​សម្រេច​ការងារ​រួមគ្នា​បាន​លើ​បញ្ហា​សន្តិសុខ​នេះ​ពេលអនាគត​ខាងមុខ​។

​នៅ​ខែកញ្ញា​ខាងមុខ សិង្ហ​បុរី​នឹង​រៀបចំ​សិក្ខាសាលា​សន្តិសុខ​អ៊ីនធឺណិត​អន្តរជាតិ ដើម្បី​ប្រមូលផ្តុំ​រាល់​មន្ត្រី​រដ្ឋាភិបាល អ្នកជំនាញ និង​តំណាង​វិស័យ​ឯកជន​ដែល​ដៃគូ​ទាំង​ពិភពលោក​ដើម្បី​ប្រមូល​គំនិត​យោបល់​និង​សិក្សា​លើ​ការបង្កើត​យន្តការ​រួម​គ្នា​ផង​។​

​ដោយឡែក លោក Ng Hoo Ming អនុប្រធាន​ទទួលបន្ទុក​ការងារ​ប្រតិបត្តិការ​នៃ​ទីភ្នាក់ងារ​សន្តិសុខ​អ៊ីនធឺណិត​សិង្ហ​បុរី (SCA) ក៏​ទទួលស្គាល់ថា សន្តិសុខ​អ៊ីនធឺណិត​ត្រូវការ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ ខណៈដែល​ការប្រើប្រាស់​បច្ចេកវិទ្យា​កា​ន់​តែ​ទូលំទូលាយ​។

​អ្នកជំនាញ​រូបនេះ​ជឿជាក់ថា បើ​មានការ​សហការគ្នា និង​រៀបចំ​វិធីសាស្ត្រ​ច្បាស់លាស់​និង​ត្រឹមត្រូវ គ្មាន​អ្នកណាម្នាក់​ក្លាយជា​ជនរងគ្រោះ​ដោយសារ​បទល្មើស​អ៊ីនធឺណិត​ឡើយ ហើយ​គ្រប់គ្នា​ក៏​អាច​ទាញ​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ដោយ​គ្មាន​បារម្ភ​ដែរ​។​

 យ៉ាងណាក៏ដោយ សិង្ហ​បុរី​ខ្លួនឯងបាន​ក្លាយជា​ប្រទេស​រងគ្រោះ​ដោយសារ​ការវាយប្រហារ​លើ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​សុខាភិបាល​ដែរ​កាលពី​ខែ​មុន ដោយ​ទិន្ន័យ​អ្នកជំងឺ​ប្រមាណ ១,៥ លាន​នាក់​ត្រូវបាន​គេ​លួច​(hack)​។ វា​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា សន្តិសុខ​អ៊ី​ធឺ​ណិ​ត​កាន់តែ​រង​ការគំរាមកំហែង​ខ្លាំង ដែល​ចាំបាច់​ត្រូវមាន​ការពារ និង​ឆ្លើយតបបាន​រាល់​ការវាយប្រហារ​នេះ​ផង​។​

​សូមបញ្ជាក់ថា ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ សិង្ហ​បុរី​បានកំណត់​យក «​និ​វា​នុ​វត្ត​ន៍​» (innovative) និង​«​ភាព​ធន់​» (Resilient) ជា​មូលបទ​នៃ​កិច្ចប្រជុំ​អាស៊ាន ហើយ​ការជំរុញ​សេដ្ឋកិច្ច​ឌីជីថល និង​ការពារ​សន្តិសុខ​អ៊ីនធឺណិត​ជា​ប្រធានបទ​សំខាន់​សម្រាប់​កិច្ចប្រជុំ​ឆ្នាំនេះ​។ កាលពី​ខែមេសា មេដឹកនាំ​អាស៊ាន​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​ផងដែរ​ជុំវិញ​ការអភិវឌ្ឍ​គោលនយោបាយ​សន្តិសុខ​អ៊ីនធឺណិត និង​កសាង​សមត្ថភាព​ពាក់ព័ន្ធ​ដែល​ធានា​ការផ្សាភ្ជាប់ និង​ការលូតលាស់​នៃ​សេដ្ឋកិច្ច​អាស៊ាន​ផង​៕


Tag:
 សិង្ហ​បុរី​
  អាស៊ាន​
  S. Iswaran
© រក្សាសិទ្ធិដោយ thmeythmey.com