អន្តរជាតិ
វៀតណាម មិន​សុខចិត្ត​ដែល​ចិន​បន្ត​ប្រារព្ធ​ពិធី​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
13, Aug 2018 , 10:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​សម្តែង​ការខកចិត្ត និង​ជំទាស់​ខ្លាំង​ទៅនឹង​សកម្មភាព​ចុងក្រោយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​តំបន់​ប្រជុំ​កោះ​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុង​ហាណូយ ដែល​អះអាងថា​ខ្លួន​មាន​សិទ្ធិ​គ្រប់គ្រង​នៅ​តំបន់​នោះដែរ ចាត់ទុក​សកម្មភាពរ​បស់​ក្រុង​ប៉េកាំង ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព​ក្នុង​តំបន់ និង​បំពាន​ស្មារតី​ទំនាក់ទំនង​ទ្វេភាគី​។



​នា​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​ក្រសួងការបរទេស​វៀត​ណា​ម​នៅ​ថ្ងៃ​១០ សីហា អ្នកសារព័ត៌មាន​បាន​ចោទសួរ​អ្នកនាំពាក្យ​របស់​អង្គភាព​ការបរទេស​មួយ​នេះ​ថា​តើ​វៀតណាម គិត​បែបណា​ដែរ​ចំពោះ​សកម្មភាព​ថ្មីៗ​របស់​ចិន ដែល​បាន​រៀប​ពិធី​ខួប​ប្រាំ​មួយឆ្នាំ​នៃ​ការបង្កើត​ក្រុង Sansha និង​ការបំពាក់​ឧបករណ៍​តាមដាន​រលក​នៅលើ​កោះ Phu Lam ដែល​សុទ្ធសឹងតែ​ជា​ផ្នែក​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​

«​សកម្មភាព​របស់​ចិន​ទាំងនេះ មិន​ត្រឹមតែ​បំពាន​អធិបតេយ្យ​របស់​វៀតណាម​នៅក្នុង​តំបន់​ប្រជុំ​កោះ Paracel Islands និង​តំបន់​ប្រជុំ​កោះ Sprately Islands ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​វា ក៏​ដើរ​បញ្ច្រាស​នឹង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​ដែនសមុទ្រ ក៏ដូចជា​ស្មារតី​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ​ផងដែរ​»​។ នេះ​គឺជា​ការឆ្លើយតប​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី Lê Thị Thu Hằng ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន Viet Nam​។​

​លោកស្រី​អ្នកនាំពាក្យ​ខាងលើ​បាន​បន្តទៀតថា សកម្មភាព​របស់​ចិន​ទាំងនេះ ក៏បាន​ដើរ​ផ្ទុយទៅនឹង​ស្មារតី និង​គោលការណ៍​របស់​សេចក្តី​ថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​សមុទ្រ​ចិន​ខាងត្បូង​របស់​អាស៊ាន ហើយ​វា ក៏​មិន​ផ្តល់​ផលចំណេញ​អ្វី​ឡើយ​សម្រាប់​ការចរចា​រវាង​អាស៊ាន និង​ចិន​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​ការរក្សា​បរិ​យា​កា​សន្តិភាព ស្ថិរភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ក្នុង​តំបន់​។

​លោកស្រី ក៏​សង្កត់ធ្ងន់​ទៀតថា វៀតណាម ជំទាស់​ដាច់ខាត​ចំពោះ​សកម្មភាព​ចិន​ទាំងនេះ ហើយ ក៏​ទទូច​ឲ្យ​ចិន​បញ្ឈប់​ជាបន្ទាន់ ដោយ​ត្រូវគោរព​អធិបតេយ្យ​របស់​វៀតណាម និង​អនុវត្តតាម​កិច្ចព្រមព្រៀង​ឲ្យ​បាន​ខ្ជាប់ខ្ជួន​និង​មិនត្រូវ​បន្ត​បង្ក​សកម្មភាព​នានា​ដែល​ធ្វើ​ស្ថានភាព​ក្នុង​តំបន់​កាន់តែ​ស្មុគស្មាញ​ឡើយ​។​

​សូម​ជម្រាប​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​វិវាទ​អធិបតេយ្យ ដែលមាន​ភាគី​ពាក់ព័ន្ធ​ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ កន្លងមក មានតែ​វៀតណាម​នោះទេ ដែល​តែងតែ​ចេញមុខ​ខ្លាំង​ក្នុង​ការតវ៉ា​ជាមួយនឹង​ចិន ដែល​វៀតណាម​មើលឃើញ​ថា នៅតែមាន​បន្តសកម្មភាព​ទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការចរចា​ដើម្បី​បង្កើត​ក្រឹត្យក្រម​សម្រាប់​គ្រប់គ្រង​នៅក្នុង​តំបន់​មាន​វិវាទ​នោះ​៕ 


Tag:
 វៀតណាម​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com