ជាតិ
ងៀតសាច់ពស់ៈ ទិញពស់ស្រស់ចូលតម្លៃ ៤.០០០ រៀល ធ្វើងៀតពស់លក់ចេញវិញ តម្លៃ ៥៥.០០០ ទៅ ១០០.០០០ រៀល ក្នុងមួយគីឡូក្រាម នេះជាប្រភេទពស់គ្មានពិស ដែលគេនិយមយកទៅធ្វើជាងៀតសាច់ពស់ ដួចជាពស់ព្រលិតដែរ។ រូបភាព៖ ឈុត ឈាណា
× ពោធិសាត់៖ អ្នកស្រី ឌិន យឹម អាយុ ៤៨ឆ្នាំ ជាអាជីវករធ្វើងៀតសាច់ពស់ ដោយអ្នកស្រីទិញពស់ស្រស់ពីអ្នកនេសាទផង ព្រមទាំងបី្ត និងកូនប្រុសរបស់អ្នកស្រី ទៅនេសាទដោយខ្លួនឯងផង។ ស្ថិតនៅក្នុងបឹងទន្លេសាប ក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ ស្រុកក្រគរ ខេត្តពោធិសាត់ អ្នកស្រីទិញពស់ស្រស់ចម្រុះពីអ្នកនេសាទ មានដូចជា ពស់ព្រលិតដូង ពស់ព្រលិតខ្មៅ ពស់ចាន់ល្មម ពស់សម្លាប់កង្កែប ពស់ឈើ ពស់ដែកទឹកជាដើម។ល។ ពស់ងាប់ អ្នកស្រីទិញក្នុងតម្លៃមួយគីឡូ ៣០០០ (បីពាន់) រៀល ឯពស់រស់ពី ៣.៥០០ ទៅ ៤.០០០ (បីពាន់ប្រាំរយ ទៅបួនពាន់) រៀល។ បន្ទាប់មក អ្នកស្រីយកវាទៅព្រលាត់ស្បែក រូចលាងជម្រះឈាម បន្ទាប់មក លើយព្រលះសាច់ យកទៅប្រឡាក់គ្រឿងទុកមួយយប់ ព្រឹកឡើងចាប់ជារាងដូចចង្វាយនំបញ្ចុក ដូចមានបង្ហាញក្នុងរូបភាពខាងក្រោម រួចដាក់ហាលថ្ងៃជាការស្រេច។ ចំពោះស្បែកពស់ អ្នកស្រីយកវាទៅស្ងោរឲ្យឆ្អិន សម្រាប់ធ្វើជាចំណីត្រី។
អ្នកស្រី ឌិន យឹម លើកបង្ហាញងៀតសាច់ពស់ដែលហាលស្ងួត។ រូបភាព៖ បណ្ឌិត ហ្សេប ហូហ្គេន
អ្នកស្រី ឌិន យឹម មានប្រសាសន៍ថា៖ «ខ្ញុំប្រមូលទិញពស់ស្រស់ពីអ្នកនេសាទ ដោយដាក់មង។ ចំពោះពស់ងាប់ ខ្ញុំទិញក្នុងតម្លៃ ៣.០០០ (បីពាន់) រៀល ឯពស់រស់ តម្លៃពី ៣.៥០០ ទៅ ៤.០០០ (បីពាន់ប្រាំរយ ទៅបួនពាន់) រៀល ក្នុងមួយគីឡូក្រាម។ ក្នុងនោះ ប្តីព្រមទាំងកូនប្រុសរបស់ខ្ញុំពីរនាក់ ក៏ចេញទៅនេសាទដោយខ្លួនឯងផងដែរ ពីរបីថ្ងៃ ទើបត្រឡប់មកផ្ទះម្តង។
ពេលធ្វើវាឲ្យក្លាយជាសាច់ពស់ងៀតហើយ ខ្ញុំយកទៅបោះដុំឲ្យម៉ូយលក់បន្តនៅផ្សារក្រគរ ខេត្តពោធិសាត់ បានតម្លៃ ៥៥.០០០ (ប្រាំម៉ឺនប្រាំពាន់) រៀលក្នុងមួយគីឡូក្រាម។ តែបើខ្ញុំដាក់ទៅលក់ឲ្យអ្នកដំណើរនៅលើផ្លូវជាតិលេខ៥ គឺបានតម្លៃរហូតដល់ ១០០.០០០ (ដប់ម៉ឺនរៀល) ក្នុងមួយគីឡូក្រាម »។
អ្នកស្រីមានប្រសាសន៍បន្តទៀតថា៖ «ក្នុងពស់ស្រស់ជាង ១០០ក្បាល ដាក់ថ្លឹង បានតែមួយគីឡូក្រាមប៉ុណ្ណោះ។ បើពស់ធំៗ ជាពិសេសក្នុងខែវស្សាសម្បូរចំណី អាចបានមួយគីឡូក្រាម កន្លះ (១.៥០)។ ក្នុងមួយថ្ងៃ អ្នកនេសាទអាចចាប់ពស់បានពី ១០០ ទៅ ២០០ក្បាល។ នៅក្នុងខែសម្បូរពស់ ពួកគាត់អាចចាប់បាន ២០០ ទៅ ៥០០ក្បាល។ ក្នុងពស់ស្រស់ចំនួន ១០ ទៅ ១២ គីឡូក្រាម ក្រោយធ្វើជាងៀតសាច់ពស់សម្រេច បានតែមួយគីឡូក្រាមប៉ុណ្ណោះ»។
ក្នុងឆ្នាំនេះ ដោយសារមានភ្លើងឆេះព្រៃលិចទឹក បណ្តាលឲ្យជីវចម្រុះជាច្រើនប្រភេទ ត្រូវបានបាត់បង់។ ក្នុងនោះ ពស់គ្រប់ប្រភេទ ក៏មានចំនួនធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។ អ្នកស្រី ឌិន យឹម បានឲ្យដឹងទៀតថា៖ «បើប្រៀបធៀបកាលពីម្ភៃឆ្នាំមុន ពស់គ្រប់ប្រភេទមាននិន្នាការធ្លាក់ចុះជាលំដាប់។ ក្នុងឆ្នាំនេះ ពស់គ្រប់ប្រភេទបានធ្លាក់ចុះយ៉ាងគំហុកជាងឆ្នាំមុនៗ ដោយសារភ្លើងឆេះព្រៃលិចទឹកកាលពីរដូវប្រាំងកន្លងទៅនេះ»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការទន្ទ្រានកាប់ឆ្ការ ដុតបំផ្លាញព្រៃលិចទឹក ដើម្បីយកធ្វើជាដីកសិកម្ម ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់គ្រប់ប្រភេទនៅក្នុងបឹងទន្លេសាប ពិសេសក្នុងរដូវត្រីពង-កូន និងធំធាត់ បានធ្វើឲ្យមច្ឆជាតិគ្រប់ប្រភេទ មាននិន្នាការធ្លាក់យ៉ាងខ្លាំង និងមានប្រភេទខ្លះ ឈានទៅផុតពូជតែម្តង។
© រក្សាសិទ្ធិដោយ thmeythmey.com