អន្តរជាតិ
អាមេរិក​ប្តេជ្ញា​ជួយ​ពង្រឹង​សមត្ថភាព​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ដើម្បី​តតាំង​ជាមួយ​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង
18, Aug 2018 , 10:29 am        
រូបភាព
​រដ្ឋបាល​អាមេរិក​នឹង​បន្ត​ប្រើប្រាស់​សិទ្ធិ​ហោះហើរ​, ធ្វើ​នាវាចរណ៍​តាម​ការកំណត់​ក្នុង​ច្បាប់​អន្តរជាតិ និង ធានា​ទប់ស្កាត់​មិន​ឲ្យ​ចិន​កែប្រែ​ច្បាប់ទម្លាប់​តាម​អំពើ​ចិត្ត​ខ្លួន​ឡើយ​។ នេះ​ជាស​ម្តី​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អាមេរិក​ពី​ក្រុង​ម៉ានីល​ថ្ងៃ ១៦ ខែសីហា​ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន​។​


 
​ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​លោក Randall Schriver អះអាង អាមេរិក​មិន​ចុះ​ញ៉ម ហើយ​បណ្តោយ​ឲ្យ​ចិន​កែប្រែ​ច្បាប់​អន្តជាតិ​ដែល​គ្រប់គ្រង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​តាមចិត្ត​ខ្លួន​ឡើយ​។ 
 
«​យើង​មិន​អនុញ្ញាត​ឲ្យ​ចិន​សរសេរ​បទបញ្ញត្តិ​ថ្មី ឬ​ប្តូរ​ច្បាប់​អន្តរជាតិ​ឡើយ​។ យើង​នឹង​បន្ត​ហោះហើរ ធ្វើចរាចរ និង​បំពេញ​ប្រតិបត្តិការ​គ្រប់​ទីកន្លែង​ដែល​តាមច្បាប់​អន្តរជាតិ​អនុញ្ញាត​ឲ្យ​។ គោលការណ៍​របស់​យើង​គឺ ប្រសិនជា​យើង​បំពេញ​ប្រតិបត្តិការ​តាមច្បាប់​ចែង​ហើយ យើង​នឹង​បន្តធ្វើ​វា​តាមច្បាប់​ទៀត​»​។ សារព័ត៌មាន Rappler ស្រង់​សម្តី​លោក Schriver ដូច្នេះ​។ 
 
​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អាមេរិក​ថ្លែង​បែបនេះ​គឺ​ដើម្បី​ឆ្លើយតប​សំណួរ​ជុំវិញ​ករណី​ដែល​កងទ័ព​ចិន​បានទាមទារ​ឲ្យ​យន្តហោះ​កងទ័ពជើងទឹក​អាមេរិក​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ចាកចេញ​នោះ​។ លោក Schriver ទទួលស្គាល់ថា វា​មិនមែនជា​លើកទីមួយ ហើយក៏​មិនមែនជា​រឿង​ចម្លែក​ដែល​ចិន​បន្ត​រារាំង​អាមេរិក និង​សម្ព័ន្ធមិត្ត​ដែល​ឆ្លងកាត់​តាម​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។​
 
​លោក Schriver សង្កត់ធ្ងន់ថា ប្រទេស​ទាំងអស់​ចាំបាច់​រក្សា​ជំហរ​របស់ខ្លួន​ឲ្យ​ស្របគ្នា​ដើម្បី​តតាំង​ជាមួយ​ចិន ហើយ​ចិន​ក៏ត្រូវ​យល់​ដែរ​ថា ទង្វើ​របស់​ចិន​ក៏​មិន​អាចធ្វើ​ឲ្យ​អាមេរិក​និង​ភាគី​ឯទៀត​ខ្លាចរអា​ដែរ​។ 
 
​ពេល​សាកសួរ​ដល់​វិធាន​ការដែល​អាមេរិក​អាច​ដាក់ចេញ​ដើម្បី​តតាំង​ជាមួយ​ចិន មន្ត្រីជាន់ខ្ពស់​រូបនេះ​បង្ហើប​ថា អាមេរិក​នឹង​បន្តសកម្មភាព​ល្បាត​សមុទ្រ​ជា​ទម្លាប់​មាន​ស្រាប់ ហើយ​អ្វីដែល​សំខាន់​អាមេរិក​កំពុង​ស្វែងរក​លទ្ធភាព​ជួយ​ពង្រឹងសមត្ថភាព​ប្រទេស​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​។ អ្នកជំនាញ​រូបនេះ​មើលឃើញថា ប្រទេស​ក្នុង​តំបន់​ភាគច្រើន​ខ្វះខាត​ប្រព័ន្ធ​រ៉ា​ដា និង​យន្តហោះ​សម្រាប់​ប្រើប្រាស់​ក្នុង​គោលដៅ​ការពារ​សន្តិសុខ​សមុទ្រ​។​
 
​តាមពិតទៅ ការប្តេជ្ញាចិត្ត​ជាថ្មី​ថា​នឹង​តតាំង​ជាមួយ​ក្រុង​ប៉េកាំង​ពី​សំណាក់​ក្រុង​វ៉ាស៊ីនតោន កើតឡើង​ស្រប​ពេលដែល​ក្រសួងការបរទេស​ចិន​ចេញ​សេចក្តីថ្លែងការណ៍​ទាត់ចោល​សម្តី​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​បាន​និយាយថា ចិន​គ្មាន​សិទ្ធិ​កាន់កាប់ និង បង្ខំ​នាវា​និង​យន្តហោះ​ប្រទេស​ដទៃ​ឲ្យ​ចាក​ចេញពី​សមុទ្រ​ចិន​ខាងត្បូង​។ ចិន​បាន​បញ្ជាក់ថា កោះ​ស្ព្រា​ត់​លី​ជា​កម្មសិទ្ធិ​ខ្លួន​តាម​ប្រវត្តិសាស្ត្រ ហើយ​ខ្លួន​បន្ត​គោរព​សិទ្ធិ​របស់​ប្រទេស​ទាំងអស់​ក្នុងការ​ហោះហើរ និង​ធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។ ប៉ុន្តែ​ខ្លួន​ក៏មាន​សិទ្ធិ​ចាត់វិធានការ​តបរាល់​ភាគី​ដែល​ចង់​បង្ករឿង​ដូចគ្នា​៕
 

Tag:
 អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង​
  ចិន​
  ហ្វីលីពីន​
© រក្សាសិទ្ធិដោយ thmeythmey.com