ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កម្ពុជា​មិនមាន​គម្រោង​បង្កើត​ច្បាប់​ប្រឆាំង Fake News ឡើយ​
21, Aug 2018 , 8:19 am        
រូបភាព
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​អះអាងថា កម្ពុជា​ពុំមាន​គម្រោង​តាក់តែង​ច្បាប់​ដើម្បី​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ (Fake News) នោះឡើយ​។ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​យ៉ាងនេះ​នៅក្នុង​បទ​សម្ភាស​រួមគ្នា​មួយ​ដែល​លោក​ផ្តល់​ឲ្យ​សារព័ត៌មាន​អន​ឡាញ​ថ្មីៗ និង​វិទ្យុ​FM១០២ កាលពីពេល​ថ្មីៗ​នេះ​។ ជាងនេះទៅទៀត លោក ខៀវ កាញារីទ្ធ ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា លោក​ក៏​ពុំមាន​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥ ដែល​លោក​អះអាងថា​ជា​ច្បាប់​មួយ​ដែលមាន​លក្ខណៈ​បើកចំហរ​រួចហើយ​ដែរ​។



​សូម​លោកអ្នក​ស្តាប់​បទ​សម្ភាស​របស់លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ខាងក្រោម​នេះ​៖




​នៅក្នុង​បទ​សម្ភាស​នេះ លោក​រដ្ឋមន្ត្រី​ព័ត៌មាន​បាន​បកប្រែ​ពាក្យ​អង់គ្លេស  Fake News ដែល​មនុស្ស​ទូទៅ​និយាយ​ជាប់មាត់​នោះ​ថា​ជា​ប្រភេទ​«​ព័ត៌មាន​ក្លែងបន្លំ​» ជា​ភាសា​ខ្មែរ​។ លោក​រដ្ឋមន្ត្រី​បាន​ចែកដាច់​ពីគ្នា​រវាង​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ពិត ទៀតផង​។​

​បើតាម​ការអះអាង​រប​ស់លោក​រដ្ឋមន្ត្រី រហូតដល់​ពេលនេះ រដ្ឋាភិបាល​កម្ពុជា​ពុំមាន​គម្រោង​តាក់តែង​ច្បាប់​ស្តីពី​ការប្រឆាំង ឬ​គ្រប់គ្រង​ព័ត៌មាន​ក្លែងបន្លំ ឬ Fake News នោះឡើយ​។ ដោយ​រំ​ឮ​ក​អំពី​រដ្ឋាភិបាល​ថ្មី​ម៉ាឡេស៊ី​ដែល​បាន​លុបចោល​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នេះ លោក ខៀវ កាញារីទ្ធ បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖«​ការបង្កើត​ច្បាប់​ប្រឆាំង Fake News គឺ​ដូច​យើង​ធាក់​ទ្វារ​ដែល​របើក​រួច​ស្រាប់​ហើយ​អ៊ីចឹង​។ វា​មិនមាន​ផលប្រយោជន៍​អ្វី ព្រោះ​ច្បាប់​មួយចំនួន​មាន​គ្រប់គ្រាន់ ដូចជា​ការបោក​បន្លំ ក្លែង​ឯកសារ​… យើង​អាច​យក​ច្បាប់​ទាំង​នោះមក​ប្រើ​ក៏បាន​។ មិនមែន​ឲ្យ​តែមាន​បញ្ហា​អ្វីមួយ​កើតឡើង យើង​ត្រូវតែ​បង្កើត​ច្បាប់​នោះទេ​»​។​

​មកដល់​ត្រង់ចំណុច​នេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ឆ្លៀត​ពន្យល់​បន្ថែម​អំពី​គោលដៅ​នៃ​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង​កន្លងមក​ដែល​ត្រូវ​តាមដាន និង​គ្រប់គ្រង​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​។​

​ទាក់ទង​នឹង​វិស័យ​សារព័ត៌មាន​ដដែល លោក ខៀវ កាញារីទ្ធ ក៏បាន​មានប្រសាសន៍ប្រាប់​អ្នកកាសែត​ផងដែរ​ថា​លោក​មិន​មានបំណង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ដែល​ត្រូវបាន​អនុម័ត​កាលពី​ឆ្នាំ​១៩៩៥​នោះឡើយ ដោយ​លោក​អះអាងថា​ច្បាប់​នោះ​មាន​លក្ខណៈ​សេរី​ច្រើន​។ ប៉ុន្តែ​ផ្ទុយទៅវិញ អ្វីដែល​លោក​ត្រូវធ្វើ​ឲ្យ​បាន​នោះ គឺ​ការជំរុញ​ដល់​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ទៅវិញ ដែល​លោក​យល់ថា វា​ជា​ច្បាប់​ដ៏​សំខាន់​មួយ​សម្រាប់​សង្គម​ប្រជាធិបតេយ្យ​៕







Tag:
 ខៀវ កាញារីទ្ធ​
  Fake News
© រក្សាសិទ្ធិដោយ thmeythmey.com