ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ប្រចាំថ្ងៃ​ដែល​អាចធ្វើ​ឲ្យ​អ្នក​ចេះតែ​ឈឺក្បាល​មិន​ឈប់
23, Aug 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​​តើ​អ្នកជា​មនុស្ស​ងាយ​នឹង​ឈឺក្បាល​ណាស់​មែន​ទេ​? មុនពេល​អ្នក​ចាប់ផ្តើម​ភ័យខ្លាច​ដោយ​គិតថា អ្នក​អាចមាន​ជំងឺរលាកស្រោមខួរ​ក្បាល ឬ​ដុំ​សាច់​ក្នុង​ខួរក្បាល​នោះ យក​ល្អ​គួរតែ​អាន​អត្ថបទ​នេះ​សិន​ទៅ​។ ខាងក្រោម​នេះ អ្នកនឹង​ដឹង​អំពី​ទម្លាប់​ប្រចាំថ្ងៃ ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​អះអាងថា ធ្វើ​ឲ្យ​ឈឺក្បាល​ជា​ញឹក​ញ៉ាប់​។ ដូច្នេះ​នៅពេលដែល​ដឹងថា អ្នកមាន​ទម្លាប់​នេះហើយ យក​ល្អ​គួរតែ​ព្យាយាម​បញ្ឈប់​វា​ឲ្យ​បាន​លឿន​តាមតែ​អាចធ្វើ​ទៅបាន​។



​ការប្រើប្រាស់​កុំព្យូទ័រ​ច្រើន​ម៉ោង​

​មិន​ខ្វល់​ថា​អ្នក​អង្គុយ​នៅមុខ​កុំព្យូទ័រ​ច្រើន​ម៉ោង​ដោយសារតែ​ធ្វើការ ឬ​ការលេង​សប្បាយ​ឡើយ វា​គឺជា​រឿង​ដែល​អាចធ្វើ​ឲ្យ​អ្នក​មានការ​ឈឺក្បាល​គ្រប់ពេល​។ អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា ការប្រើប្រាស់​កុំព្យូទ័រ​រយៈពេល​ចាប់ពី ៥​ម៉ោង​ឡើងទៅ អាចធ្វើ​ឲ្យ​ឈឺក្បាល ដោយសារតែ​ភ្នែកមាន​សម្ពាធ​ពេក ព្រមទាំង​មាន​សម្ពាធ​នៅលើ​សាច់ដុំ​ក និង​ស្មា​ផង​។ ដំណោះស្រាយ គឺ​ត្រូវការ​សម្រាក​រយៈពេល ៥​នាទី​។

​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​

​តើ​អ្នកមាន​ញ៉ាំ​ទឹកបាន​ប្រហែល​២​លីត្រ​ក្នុង​មួយថ្ងៃ និង​ជា​រៀងរាល់ថ្ងៃ​ទេ​? បើសិនជា​អត់  ហើយ​អ្នកមាន​អាកា​រៈ​ឈឺក្បាល​ទៀងទាត់​ទៀត​នោះ វា​ប្រហែលជា​រឿង​ដែល​អ្នក​ត្រូវ​បន្ទោស​ហើយ​។ ជាធម្មតា ខួរក្បាល​មាន​ជាតិ​ទឹក​យ៉ាងហោចណាស់ ៧៥​ភាគរយ​។ បើសិនជា​អ្នក​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃ​ទេ ខួរក្បាល​អាច​នឹង​ស្វិត និង​ធ្វើការ​កាន់តែខ្លាំង ហើយក៏​ជាហេតុ​ផល​នាំ​ឲ្យ​ឈឺក្បាល​ដែរ​។ និយាយ​ឲ្យ​ខ្លី​ទៅ​គឺថា ការដែល​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់ អាចជួយ​កាត់បន្ថយ​ការឈឺ​ក្បាល​បាន​យ៉ាង​ល្អ​។

​កំពុងតែ​ស្ត្រេ​ស​

​វា​គ្មាន​អ្វីដែល​ត្រូវ​ភ្ញាក់ផ្អើល​ឡើយ​ក្នុង​ការជួប​បញ្ហា​ឈឺក្បាល​ដោយសារតែ​ស្ត្រេ​ស​ខ្លាំង​។ គ្រូពេទ្យ​និយាយថា ការឈឺ​ក្បាល​បែប Tension ជាធម្មតា​កើតចេញពី​មនុស្ស​ដែល​ស្ត្រេ​ស​ច្រើន​។ ការឈឺ​ក្បាល​បែប Tension នេះដែរ​ក៏​អាចធ្វើ​ឲ្យ​ឈឺចាប់​នៅ​កញ្ចឹងក និង​ស្មា​ដែរ​។ ដូច្នេះ ដើម្បី​កុំ​ឲ្យ​មានការ​ឈឺក្បាល​បែបនេះ យក​ល្អ​គួរតែ​កាត់បន្ថយ​ភាព​ស្ត្រេ​ស​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​។

​មានការ​ថប់​អារម្មណ៍​គ្រប់ពេល​

​បើសិនជា​អ្នក​ត្រូវបាន​រកឃើញថា មាន​ជំងឺ​ថប់​អារម្មណ៍​ខុសធម្មតា នោះ វា​ទំនងជា​រោគសញ្ញា​រាងកាយ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ហើយ​ក្នុងការ​ឈឺក្បាល​ខ្លាំង​គ្រប់ពេល​។ អ្នកជំនាញ​ខាង​សុខភាព​ផ្លូវចិត្ត​និយាយថា ការដែល​មិនអាច​គ្រប់គ្រង​ភាព​តានតឹង​បាន អាច​នាំ​ឲ្យ​មាន​ផលវិបាក​ច្រើន ហើយ​វា​ក៏​មិនមែនជា​រឿង​ធម្មតា​ក្នុង​ជីវិត​ដែរ​។

​គេង​មិនបាន​គ្រប់គ្រាន់​

​តើ​អ្នក​ចូលចិត្ត​ចូលរួម​កម្មវិធី​ជប់លៀង​រាល់​យប់​ដែរ​ទេ​? តើ​អ្នក​ចូលចិត្ត​ចំណាយពេល​ច្រើនៗ​ម៉ោង​លេង​បណ្តាញ​សង្គម​ដាច់​យប់​ដែរ​ទេ​? តើ​អ្នកមាន​បញ្ហា​គេង​មិន​លក់​ដោយសារតែ​ស្ត្រេ​ស ឬ​ថប់​អារម្មណ៍​ដែរ​ទេ​? បើសិនជា​ចម្លើយ​ថា ពិតមែន​ទាំងអស់នោះ មានន័យថា អ្នក​អាច​នឹងរង​ការឈឺ​ក្បាល​ជា​ញឹកញាប់​ហើយ​។ នេះ​ដោយសារតែ​ការ​គេង​មិនបាន​គ្រប់គ្រាន់​។ ចូរ​ប្រាកដថា អ្នក​គេង​បាន ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com