អន្តរជាតិ
ស្វា​ស៊ី​ឡង់​ប្រកាសថា ខ្លួន​មិន​រត់ចោល​មិត្ត​ល្អ​តៃវ៉ាន់ ព្រោះតែ​លុយ​ចិន​ឡើយ​
23, Aug 2018 , 9:39 pm        
រូបភាព
​អ៊ី​ស្វា​ទី​នី ឬ​ស្វា​ស៊ី​ឡង់​ជា​សម្ព័ន្ធមិត្ត​តែមួយ​ចុងក្រោយ​របស់​តៃវ៉ាន់​នៅ​ទ្វីបអាហ្វ្រិក ហើយ​ចិន​កំពុង​ព្យាយាម​ប្រើប្រាស់​លុយ​ដើម្បី​ចែរ​ចូ​វ​ផង​។ ប៉ុន្តែ​រដ្ឋ​មួយ​នេះ​បានប្រកាស​ដាច់អហង្ការ​ហើយ​ថា ខ្លួន​មិន​ឱនក្បាល​ទៅរក​លុយ​ចិន ហើយ​បោះបង់ចោល​មិត្ត​តៃវ៉ាន់​ឡើយ​។



​តំណាង​ប្រទេស​អាហ្វ្រិក​ទាំងអស់​លើកលែងតែ​អ៊ី​ស្វា​ទី​នី នឹង​ទៅ​ចូលរួម​ក្នុង​វេទិកា​កិច្ចប្រជុំ​កំពូល​ចិន អាហ្វ្រិក​ដែល​ចាប់ផ្តើម​ឡើង​នៅ​ដើមខែ​ក្រោយ​។ ឆ្លៀត​ក្នុងឱកាស​នោះ តំណាង​ក្រុង​ប៉េកាំង​បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​អ៊ី​ស្វា​ទី​នី​ពិចារណា​បោះបង់​តៃវ៉ាន​ដែលជា​អាណាខេត្ត​ខ្លួន ហើយ​មក​បង្កើត​ទំនាក់ទំនង​ជាមួយ​ខ្លួន​វិញ​។​

​បើតាម​សារព័ត៌មាន South China Morning Post ជំនួយការ​រដ្ឋមន្ត្រីការបរទេស​ចិន Chen Xiaodong និយាយថា ចិន​សង្ឃឹមថា​បណ្តា​រដ្ឋ​អាហ្វ្រិក​ទាំងអស់​អាច​ចូលរួម​ក្នុង​វេទិកា​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក​នេះ​។

​លោក Chen និយាយ​ដូច្នេះ​« យើង​រង់ចាំ និង​សង្ឃឹមថា គ្មាន​ប្រទេស​ណាមួយ​នៅ​អាហ្វ្រិក​មិន​ចូលរួម​ក្នុង​វេទិកា​កិច្ចសហប្រតិបត្តិការ​ដ៏​ធំ​អា​ហ្រិ្វ​ក​-​ចិន  និង​ក្លាយជា​ក្រុមគ្រួសារ​តែមួយ​ឡើយ​។ ខ្ញុំ​ជឿជាក់ថា វា​មិន​ត្រឹមតែ​ក្តីសង្ឃឹម​របស់​ចិន​ទេ តែ​វា​ក៏​ជាការ​ចែករំលែក​ក្តី​រំពឹង​រួម​របស់​បណ្តា​រដ្ឋ​អាហ្វ្រិក​ដែរ​។ ខ្ញុំ​ជឿជាក់ថា វា​ជា​ក្តី​រំពឹង​ដែល​យើង​អាច​សម្រេចបាន ហើយ​វា​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​អនាគត​ឡើយ​។​

​តាមពិតទៅ​ការលើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ចិន​នេះ​ធ្វើឡើង​មួយថ្ងៃ​ក្រោយ​សម្ព័ន្ធមិត្ត​តៃវ៉ាន់​នៅ​អាមេរិក​កណ្តាល អែល​សាល់​វ៉ា​ឌ័​រ បានប្រកាស​ផ្តាច់ចំណង​ការទូត​ជាមួយ​តៃវ៉ាន់​និង​ភ្ជាប់​ចំណង​ការទូត​ជាមួយ​ចិន​វិញ​។ ដូច្នេះហើយ​តៃវ៉ាន់​នៅសល់​សម្ព័ន្ធមិត្ត​តែ ១៧ ប៉ុណ្ណោះ​ទូទាំង​ពិភពលោក ហើយ​នៅ​អាហ្វ្រិក​គឺ មានតែ​អ៊ី​ស្វា​ទី​នីមួយ​នេះឯង​។​

​យ៉ាងណាក៏ដោយ បន្ទាប់ពី​បានលឺ​សម្តី​របស់​មន្ត្រីជាន់ខ្ពស់​ក្រុង​ប៉េកាំង រដ្ឋមន្ត្រីការបរទេស​អ៊ី​ស្វា​ទី​នី​លោក Mgwagwa Gamedze ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​នោះបាន​ឆ្លើយតប​វិញ​ភ្លាម ហើយ​ប្រកាស​ជំហរ​របស់ខ្លួន​ច្បាស់លាស់​ក្នុងការ​រក្សា​សម្ព័ន្ធភាព​ជាមួយ​តៃវ៉ាន់​។ រដ្ឋាភិបាល​រដ្ឋ​អាហ្វ្រិក​មួយ​នេះ​ប្រកាស​ពេញៗ​មាត់​ប្រាប់​ទៅ​ចិន​វិញ​ថា កុំ​ស្មាន​មាន​លុយ ធ្វើ​ឲ្យ​ខ្លួន​ឱនក្បាល​ទៅរក​ដោយ​ក្បត់​មិត្តភាព​ឲ្យ​សោះ​។

​ប្រមុខ​ការទូត​អ៊ី​ស្វា​ទី​នី និយាយ​បែបនេះ​៖« គេ​មិនត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​គេឯង​ភាន់ច្រឡំ​ឡើយ​ព្រោះ​សម្ព័ន្ធភាព​រវាង​យើង​ជាមួយ​តៃវ៉ាន់​មាន​អាយុ​ច្រើនជាង ៥០​ឆ្នាំ​។ ដូច្នេះ​យើង​នឹងមិន​បោះបង់ចោល​ឡើយ​។ យើង​គ្មាន​ចេតនា​ចង់​ប្តូរ​ទំនាក់ទំនង​ទេ​ព្រោះ​តៃវ៉ាន់​តែងតែ​ជា​មិត្ត​ល្អ​សម្រាប់​យើង​»​។

​កន្លងមក គេ​វាយតម្លៃថា អ៊ី​ស្វា​ទី​នី​នេះ​នឹង​រត់ទៅរក​ចិន​នៅពេល​ខាងមុខ​ដែរ​ព្រោះ​ចិន​មាន​លុយ​ច្រើន​។ ក្រុង​តៃប៉ិ​ធ្លាប់​ចោទប្រកាន់ថា ចិន​កំពុង​ប្រើប្រាស់​គោលនយោបាយ​ការទូត​ដុល្លារ​ដើម្បី​អូសទាញ​សម្ព័ន្ធមិត្ត​ខ្លួន​ជា​បន្តបន្ទាប់ និង​ធ្វើ​ឲ្យ​តៃវ៉ាន់​កាន់តែ​ឯកោ​ខ្លាំង​លើ​ឆាក​អន្តរជាតិ​។ ប៉ុន្តែ​ក្រុង​ប៉េកាំង​តែងតែ​បដិសេធ​ចំពោះ​ការចោទប្រកាន់​លើ​ខ្លួន​ដូច្នេះ​។ 

 កាលពី​ខែមេសា​កន្លងទៅ លោកស្រី Tsai Ing-wen បាន​បំពេញ​ទស្សនកិច្ច​នៅ​ស្វា​ស៊ី​ឡង់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ព្រោះ​តៃវ៉ាន់​ខ្លាច​ស្វា​ស៊ី​ឡង់​ងាក​ទៅរក​លុយ​ចិន​ដូចគ្នា​។ រដ្ឋាភិបាល​នេះ​កន្លងមក​ក៏​ចំណាយលុយ​ច្រើន​ដែរ​ដើម្បី​ឧបត្ថម្ភ​ដល់​ក្សត្រ​ស្វា​ស៊ី​ឡង់​ជាពិសេស​ផ្តល់​អំ​ណាយ​ជា​រថយន្ត​ដល់​ក្សត្រ​ប្រទេស​នេះ​ក្នុងពេល​ខួបកំណើត​ដែរ​។​

​សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០១៧ ប៉ា​ណា​ម៉ា​ដែលជា​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​តៃវ៉ាន់ បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន ហើយ​ចុងឆ្នាំ​២០១៦ រដ្ឋ​អាហ្វ្រិក​សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប ក៏​បោះបង់​តៃវ៉ាន់ និង​ទទួលស្គាល់​ចិន​ដែរ​៕


Tag:
 អ៊ី​ស្វា​ទី​នី​
 ​ចិន​
  តៃវ៉ាន
© រក្សាសិទ្ធិដោយ thmeythmey.com