អន្តរជាតិ
រដ្ឋ​ប៉ាស៊ីហ្វិក​កោះ Cook មិន​ឯកភាព​រឿង​សុំ​ឲ្យ​ចិន​លុប​បំណុល​ឡើយ​
24, Aug 2018 , 2:09 pm        
រូបភាព
​រដ្ឋ​ប៉ាស៊ីហ្វិក​កោះ Cook បានប្រកាស​បដិសេធ​យោបល់​របស់​មេដឹកនាំ​តុង​ហ្កា​ដែល​ចង់​ស្នើ​ឲ្យ​ចិន​លុបចោល​បំណុល​ដែល​បណ្តា​ប្រទេស​ប៉ាស៊ីហ្វិក​ជំពាក់​។ កោះ​នេះ​អះអាងថា ខ្លួន​បាន​ព្យាយាម​គ្រប់គ្រង​បំណុល​ដែលមាន​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ​។



​ការស្នើសុំ​ឲ្យ​ចិន​លុបចោល​បំណុល​ចោល​នោះ​ក្លាយជា​ប្រធានបទ​ចម្រូងចម្រាស​នៅ​កោះ​ប៉ាស៊ីហ្វិក ក្រោយពេល​មេដឹកនាំ​តុង​ហ្កា​បំផុសគំនិត​ឲ្យ​រៀបចំ​សំណើ​រួម​សុំ​ឲ្យ​ចិន​លើកលែង​បំណុល​ចោល​។ ថ្ងៃ​សុក្រ​ទី ២៤ ខែសីហា​នេះ​រដ្ឋ​ប៉ាស៊ីហ្វិក​មួយទៀត​គឺ​កោះ Cook បានប្រកាស​ទាត់ចោល​គំនិត​នេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា តំណាង​រដ្ឋាភិបាល​កោះ Cook មិន​គាំទ្រ​គំនិត​សុំ​ឲ្យ​ចិន​លុប​បំណុល​ទេ ហើយ​រដ្ឋាភិបាល​នេះ​គាំទ្រ​ការលើកឡើង​របស់​នាយ​ក​រដ្ឋមន្ត្រី​សា​ម័​រដែ​ល​មិន​ចង់​ឲ្យ​មានការ​ស្នើសុំ​លុប​បំណុល​នេះដែរ​នោះ​។​

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កោះ Cook លោក Mark Brown បាន​និយាយ​ដូច្នេះ​៖ ខ្ញុំ​ជឿជាក់ថា នាយករដ្ឋមន្ត្រី​សា​ម័​រ​មានគំនិត​និង​ការយល់ឃើញ​ដូច​កោះ  Cook យើង​ដែរ ដោយ​យើង​មិន​ឯកភាព​នឹង​មតិយោបល់​ចង់​ស្នើ​ឲ្យ​ចិន​លើកលែង​បំណុល​ដល់​រដ្ឋ​ប៉ាស៊ីហ្វិក​យើង​ឡើយ​»​។​

​តាមពិតទៅ ប្រមុខ​រដ្ឋាភិបាល​កោះ​សា​ម័​រលោក Tuilaepa Sailele Malielegaoi  បាន​ថ្លែង​សារព័ត៌មាន Samoa Observer នា​ថ្ងៃ​ចន្ទ​ទី ២០ ខែសីហា​កន្លងទៅ​ថា គម្រោង​ស្នើសុំ​លុប​បំណុល​បរទេស​នេះ​មិនមែនជា​រូបភាព​វិជ្ជមាន​ឡើយ ហើយ​វា​ធ្វើ​ឲ្យ​បញ្ហា​កើតឡើង​ដូចគ្នា​ក្នុង​ទំនាក់ទំនង​រវាង​ម្ចាស់ជំនួយ និង​អ្នកទទួល​ជំនួយ​។

​លោក Malielegaoi និយាយ​ដូច្នេះ​«​ប្រទេស​ធំ​នឹង​ស្ទាក់ស្ទើរ​ក្នុងការ​ផ្តល់​កម្ចី​ទៀត​ព្រោះថា​បញ្ហា​ទាំងនេះ​នឹង​កើតឡើង​។ កម្ចី​នេះ​ផ្តល់​ឲ្យ​ដោយ​គិតការ​ប្រាក់​ទាប​បំផុត ហើយ​ប្រាំ​ឆ្នាំក្រោយ​មកវា​មាន​សំណើរ​សុំ​លុបចោល​បំណុល​។ វា​ជា​រឿង​មួយ​គួរ​ឲ្យ​អាម៉ាស​បំផុត​»​។​

​ជំនួយ​ហិរញ្ញវត្ថុ​របស់​ចិន​ផ្តល់​ឲ្យ​កោះ​ប៉ាស៊ីហ្វិក​កន្លងមក​រីក​ធំ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ជំនួយ​ទាំងនោះ​ត្រូវបាន​ផ្តល់​ឲ្យ​ក្រោម​ជា​រូបភាព​កម្ចី​។ ដោយសារ​មូលហេតុ​នេះហើយ ប្រមុខ​រដ្ឋាភិបាល​តុង​ហ្កា Akalisi Pohiva ចេញមុខ​បង្ហាញ​កង្វល់ និង​លើក​យោបល់​ឲ្យ​គេឯង​រួមគ្នា​សុំ​ឲ្យ​ចិន​លុបចោល​បំណុល​បែបនេះ​។

​ទន្ទឹមនឹង​បដិសេធ​គំនិត​មេដឹកនាំ​តុង​ហ្កា តំណាង​រដ្ឋាភិបាល​កោះ Cook ខាងលើ​បាន​អះអាងថា មកដល់​ពេលបច្ចុប្បន្ន​វា​មិនទាន់​មានការ​វេទិកា​ជ​ជែក​គ្នា​ថ្នាក់​តំបន់​ជុំវិញ​គម្រោង​ស្នើសុំ​ឲ្យ​ចិន​លុប​បំណុល​ឡើយ មុនពេល​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​ប៉ាស៊ីហ្វិក​នៅ​កោះ Nauru ដើមខែ​កញ្ញា​ខាងមុខនេះ​។ ចំណែក​រដ្ឋាភិបាល​លោក​វិញ​ប្រុងប្រយ័ត្ន​ខ្លាំង​បំផុត​ចំពោះ​បញ្ហា​បំណុល​សាធារណៈ​នេះ និង​ព្យាយាម​គ្រប់គ្រង​បំណុល​នេះ​ដើម្បី​ទប់ស្កាត់​វិបត្តិ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ផង​។​

​យ៉ាងណាក៏ដោយ បើតាម​របាយការណ៍​វិទ្យា​ស្ថាន Lowy កោះ Cook ដែលជា រដ្ឋ​ប៉ាស៊ីហ្វិក​មាន​ប្រជាជន ១៣០០០​នាក់​នោះបាន​ទទួល​ជំនួយ​ប្រមាណ ៤៨ លាន​ដុល្លារ​ពី​ចិន​ចន្លោះ​ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១៦​។ ៦០​ភាគរយ​នៃ​ជំនួយ​ទាំងនោះ​ជា​កម្ចីសម្បទាន​។​

​គួរ​បញ្ជាក់ថា ការលើកឡើង​ពី​កង្វល់​រឿង​បំណុល​របស់​រដ្ឋ​ប៉ាស៊ីហ្វិក​នេះ ក៏​កើតឡើង​ចំ​ពេលដែល​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ព្រមាន​ពី​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ចិន​នៅក្បែរ​ព្រំដែន​ខ្លួន​ដែរ​។ ប្រទេស​មហាអំណាច​គីឡូ​មធ្យម​នេះ​ក៏​ចាប់ផ្តើម​ផ្តោតលើ​នយោបាយ​ផ្តល់ជំនួយ​អភិវឌ្ឍ​ដល់​កោះ​ប៉ាស៊ីហ្វិក​ដើម្បី​ប្រជែង​ឥទ្ធិពល​ចិន​ផង​។ វា​ទំនងជា​ឱកាសល្អ​ដែរ​សម្រាប់​កោះ​ប៉ាស៊ីហ្វិក ព្រោះ​ប្រទេស​ទាំងនេះ​អាច​ទទួល​ជំនួយ​ពី​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ដើម្បី​អភិវឌ្ឍ​ប្រទេស​ខ្លួន កាត់បន្ថយ​ការពឹង​ផ្អែកលើ​លុយ​របស់​ចិន​៕


Tag:
 កោះ Cook
  ប៉ាស៊ីហ្វិក​
  បំណុល​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com