អន្តរជាតិ
មេដឹកនាំ​ម៉ិ​ក​ស៊ិ​ក​ទើប​ជាប់ឆ្នោត ចង់​លក់​«​យន្តហោះ​ប្រធានាធិបតី​ចោល​»​ព្រោះ​ខ្ជះខ្ជាយ​ខុស​ទំនង​
24, Aug 2018 , 9:19 pm        
រូបភាព
​ប្រធានាធិបតី​ជាប់ឆ្នោត​ម៉ិ​ក​ស៊ិ​ក​ដែលមាន​និន្នាការ​ឆ្វេងនិយម ចង់​លក់​យន្តហោះ​ប្រធានាធិបតី​ធុន​ប៊ូ​អ៊ីង ៧៨៧ ព្រោះ​លោក​នឹងមិន​ប្រើប្រាស់​វា​សម្រាប់​ការធ្វើដំណើរ​ឡើយ​។ ក្រោយ​លោក​ប្រកាស​លក់​ភ្លាម អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​បានស្នើ​សុំ​ទិញ​ក្នុងតម្លៃ ៩៩​លាន​ដុល្លារ​។



​ប្រធានាធិបតី​ជាប់ឆ្នោត​លោក អេ​ន​ត្រេ ម៉ា​នុយ​អែល ឡូ​ពេ អូ​ប្រា​ឌ័​រ អះអាងថា  វា​ជា​រឿង​ខ្ជះខ្ជាយ​លើ​ភាព​ហឺរ​ហារ​ខុស​ទំនង​ដែល​ចាំបាច់​ត្រូវមាន​យន្តហោះ​ផ្ទាល់ខ្លួន​សម្រាប់​ប្រធានាធិបតី​នេះ​។ លោក អូ​ប្រា​ឌ័​រ កន្លងមក​បានប្រកាស​បដិសេធ​ស្នាក់នៅ​វិមាន​ប្រធានាធិបតី និង​មិន​ទទួលយក​អង្គរក្ស​ផង​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ស្រង់​សម្តី​សារព័ត៌មាន​ម៉ិ​ក​ស៊ិ​ក Reforma បន្ទាប់ពី​ប្រធានាធិបតី​បង្ហាញ​ចេតនា​លក់​យន្តហោះ​ប្រធានាធិបតី​នេះ អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​គឺ​លោក  Gustavo Jimenez Pons បាន​ចេញមុខ​ផ្តល់​តម្លៃ ៩៩ លាន​ដុល្លារ​សម្រាប់​យន្តហោះ​ប្រធានាធិបតី​នេះ​។​

​យន្តហោះ​ប្រធានាធិបតី​ដែល​លោក អូ​ប្រា​ឌ័​រ​ជា​អ្នកនយោបាយ​ឆ្វេងនិយម​ចង់​លក់​ចេញ​នេះ​មាន​ម៉ាក ប៊ូ​អ៊ីង ៧៨៧ មាន​កៅអី​សរុប ៣០០​។ យ៉ាងណាក៏ដោយ​កាសែត Reforma បាន​អះអាងថា តាម​ទីផ្សារ យន្ត​ហោះ​នោះ​មានតម្លៃ ២២០​លាន​ដុល្លារ​ឯណោះ​។

​យន្តហោះ​ប្រធានាធិបតី​នេះដែរ​ត្រូវបាន​ប្រធានាធិបតី​ផុត​អាណត្តិ​លោក Enrique Pena Nieto បញ្ជា​ទិញ​កាលពី​ឆ្នាំ ២០១៦ ហើយ​លោក​បាន​ចំណាយលុយ​ច្រើន​ដែរ​ដើម្បី​តុបតែង និង​កែកុន​កន្លែង​សម្រាក​របស់​ប្រធានាធិបតី និង​ដំឡើង​ឧបករណ៍​ទំនាក់ទំនង​ទំនើបៗ​ជាច្រើន​ផង​។​

​ដោយឡែក លោក Jimenez Pons បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក​ចង់​ទិញ​យន្តហោះ​គឺ​ដោយសារ​លោក​ចង់យក​យន្តហោះ​នោះមក​ជួល​ឲ្យ​បណ្តា​មេដឹកនាំ​ប្រទេស​ដទៃ​ផ្សេងទៀត​ដែល​មិនមាន​យន្តហោះ​ឯកជន​ប្រើប្រាស់​សម្រាប់ធ្វើ​ដំណើរ​នោះ​។ លោក Jimenez Pons ធ្លាប់​ឈរឈ្មោះ​ធ្វើជា​អភិបាលក្រុង​ម៉ិ​ក​ស៊ិ​ក​ដែរ​កាលពី​ឆ្នាំ ២០១៦ ហើយ​នៅ​ក្នុងការ​ដំណើរការ​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​ចាប់ពី​ឆ្នាំមុន​មក លោក​ក៏បាន​ព្យាយាម​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​នេះដែរ​ក្នុងនាម​ជា​បេក្ខជន​ឯករាជ្យ​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ លោក​មិនអាច​ប្រមែរ​ប្រមូល​ហត្ថលេខា​ពី​អ្នកគាំទ្រ​គ្រប់គ្រាន់​ដើម្បី​មានឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នោះ​។​

​ត្រឡប់មកវិញ លោក អូ​ប្រា​ឌ័​រ បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ភ្លូកទឹកភ្លូកដី​កាលពី​ខែកក្កដា​កន្លងទៅ ហើយ​លោក​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ខែធ្នូ​ខាងមុខ​។ លោក​បានប្រកាស​ច្បាស់​ថា លោក​មិន​ប្រើប្រាស់​យន្តហោះ​ប្រធានាធិបតី​នេះ​ជាដាច់ខាត​។ ដូច្នេះ​បានជា​លោក​ចង់ល​ក់វា​ចេញ​នោះ​។​

​ជា​អ្នកនយោបាយ​ឆ្វេងនិយម លោក អូ​ប្រា​ឌ័​រ មាន​គោលនយោបាយ​តឹងរ៉ឹង​លើ​ការប្រឆាំង​អំពើពុករលួយ​ដែល​កំពុង​រីកដុះដាល​ខ្លាំង​ក្នុងសង្គម​ម៉ិ​ក​ស៊ិ​ក​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​ពីរ​នៅ​អាមេរិក​ឡាទីន​ផងដែរ​បច្ចុប្បន្ន​។ ក្រៅពី​ពុករលួយ បញ្ហា​គ្រឿងញៀន និង​បទឧក្រិដ្ឋ​ក៏​ជា​បញ្ហា​ធំ​សម្រាប់​អ្នកនយោបាយ​នេះ​ដោះស្រាយ​ដែរ​៕



Tag:
 ឡូ​ពេ អូ​ប្រា​ឌ័​រ​
 ​ម៉ិ​ក​ស៊ិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com