អន្តរជាតិ
អាហ្វ្រិក​ខាងត្បូង​ថា លោក ត្រាំ ទទួល​ព័ត៌មាន​ខុស​ជុំវិញ​គោលនយោបាយ​រឹបអូស​ដី​ពី​ប្រជាជន​ស្បែ​កស​
24, Aug 2018 , 9:59 pm        
រូបភាព
​នៅ​សប្តាហ៍​នេះ អាហ្វ្រិក​ខាងត្បូង​ឆ្លើយតប​ទាំង​ខឹងសម្បារ​ចំពោះ​សម្តី​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​ចោទ​ប្រកាន់ខ្លួន​ខុស​គោលដៅ​ជុំវិញ​គម្រោង​រឹបអូស​ដី​ប្រជាជន​ស្បែក​ស​ដោយ​មិន​ផ្តល់​សំណង​។ រដ្ឋាភិបាល​ក្រុង Pretoria អះអាងថា សម្តី​លោក ត្រាំ កំពុង​បញ្ឆេះ​ភាព​តានតឹង​ក្នុងចំណោម​ប្រជាជន​អាហ្វ្រិក​ខាងត្បូង​។



​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​តាម​គណនី twitter ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ​ទី ២២ ខែសីហា​ថា លោក​បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិ​ក​តាមដាន​បញ្ហា​អាហ្វ្រិក​ខាងត្បូង​ព្រោះ​ប្រជាជន​អាហ្វ្រិក​ខាងត្បូង​ជា​ជនជាតិ​ស្បែក​សត្រូវ​បាន​គេ​រឹបអូស​ដីធ្លី និង​មាន​ខ្លះ​ត្រូវបាន​គេ​សម្លាប់​ថែមទៀត​។ សម្តី​ចោទប្រកាន់​នេះ​ធ្វើ​ឲ្យ​អាហ្វ្រិក​ខាងត្បូង​ខឹងសម្បារ និង​ចេញមុខ​បកស្រាយ​ផង​។​

 បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៣ ខែសីហា រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​ហៅ​សម្តី​របស់លោក ត្រាំ ថា​ជា​យោបល់​ដែល​កំពុង​បញ្ឆេះ​ការរើសអើង​ពូជសាសន៍​ក្នុងចំណោម​ប្រជាជន​អាហ្វ្រិក​ខាងត្បូង​ផង​។​

​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​បានបញ្ជាក់​តាម​គណនី twitter ផ្លូវការ​របស់ខ្លួន​ថា​៖«​អាហ្វ្រិក​ខាងត្បូង​បដិសេធ​គំនិត​យោបល់​ដ៏​ចង្អៀត​នេះ​យ៉ាង​ដាច់អហង្ការ​ព្រោះ វា​ត្រឹមតែ​បំបែកបំបាក់​ប្រជាជាតិ​យើង និង រំលឹក​យើង​ឲ្យ​ឃើញ​ពី​អតីតកាល​របស់​យើង​ដែល​ស្ថិតក្រោម​អាណានិគម​បរទេស​»​។​

​ដោយឡែក​ក្រសួងការបរទេស​អាហ្វ្រិក​ខាងត្បូង​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែរ​ដោយ​បញ្ជាក់ថា មន្ត្រី​ខ្លួន​បាន​ជួប​ជាមួយ​មន្ត្រី​ស្ថានទូត​អាមេរិក​រួចរាល់​ហើយ​។ លើសពីនេះ មន្ត្រី​ក្រសួងការបរទេស​អាហ្វ្រិក​ខាងត្បូង​បាន​ព្រមាន​មន្ត្រី​អាមេរិក​ផងដែរ​ថា សេចក្តីថ្លែងការណ៍​រប​ស់លោក ត្រាំ ជាការ​បំប៉ោង​ព័ត៌មាន​, មាន​ភាពមិន​ត្រឹមត្រូវ​, និង​ទទួលបាន​ព័ត៌មាន​ខុស ហើយ​អាច​និយាយបានថា វា​ជា​ចេតនា​នយោបាយ​ផង​។

​តាមពិតទៅ​គម្រោង​រឹបអូស​ដីធ្លី​ពី​ប្រជាជន​ស្បែ​កស​នេះ​ស្នើឡើង​ដោយ​លោក Cyril Ramaphosa ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង និង​ជា​ប្រធាន​បក្ស​កាន់អំណាច ANC ផង​ក្រោយ​ពេលដែល​លោក​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​កាលពី​ខែកុម្ភៈ​កន្លងមក​។ ផែនការ​នេះ​ត្រូវបាន​ដាក់​ស្នើ​ទៅ​សភា​ហើយ​ដើម្បី​អនុម័ត​ព្រោះ​វា​ចាំបាច់​ត្រូវមាន​ការកែប្រែ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​គេ​មិនដឹង​ច្បាស់​ទេ​ថា សភា​នឹង​ព្រម​អនុវត្ត​សំណើរ​នេះ​ដោយសារ​វា​ជា​រឿងចម្រូងចម្រាស​ខ្លាំង​ផង​។​

​បើតាម​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ការតស៊ូ​មតិ​ដើម្បី​កែ​រដ្ឋធម្មនុញ្ញ និង​រឹបអូស​ដី​កសិកម្ម​មកវិញ​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​លុបបំបាត់​វិសមភាព និង​អយុត្តិធម៌​សង្គម​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដីធ្លី​កសិកម្ម​នោះ​។ ថ្វីបើ​របប​រើសអើង Apartheid ត្រូវបាន​បញ្ចប់​តាំងពី​ឆ្នាំ ១៩៩៤ ក្តី សហគមន៍​ជនជាតិ​ស្បែក​ស​ដែលមាន​ត្រឹម ៨​ភាគរយ​ក្នុងចំណោម​ប្រជាជន​ទាំងអស់នោះ​បន្តកាន់កាប់​ដី​កសិកម្ម​សរុប ៧២​ភាគរយ​។ ប្រជាជន​ស្បែក​ខ្មៅ​ដែលមាន​រហូតដល់ ៤​ភាគ ៥​នៃ​ប្រជាជន​នោះ​មាន​ដី​កសិកម្ម​ត្រឹម ៤​ភាគរយ​ប៉ុណ្ណោះ​៕


Tag:
 អាហ្វ្រិក​ខាងត្បូង​
  ដីធ្លី​
  ដូ​ណា​ល់ ត្រាំ​
  Cyril Ramaphosa
© រក្សាសិទ្ធិដោយ thmeythmey.com