អន្តរជាតិ
សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​កាន់តែ​ឃ្លាត​ពីគ្នា​អំពី​របៀប​ធ្វើឱ្យ​កូរ៉េខាងជើង​លែងមាន​អាវុធ​នុយក្លេអ៊ែរ
25, Aug 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​នៅពេលដែល​កូរ៉េខាងត្បូង​កាន់តែ​ពង្រីក​សកម្មភាព​ចូលរួម​របស់ខ្លួន​ជាមួយ​កូរ៉េខាងជើង​នោះ ហាក់ដូច​ជាមាន​ភាព​ប្រេះស្រាំ​កាន់តែ​ធំ​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល អំពី​របៀប​ធ្វើឱ្យ​កូរ៉េខាងជើង​លែងមាន​អាវុធ​នុយក្លេអ៊ែរ​។



​ក្រុមអ្នកវិភាគ​និយាយថា កូរ៉េខាងត្បូង​កំពុង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​ជាមួយ​កូរ៉េខាងជើង ដោយមាន​គោលបំណង​ធ្វើឱ្យ​ទំនាក់ទំនង​អន្តរ​កូរ៉េ កាន់តែ​ប្រសើរឡើង ខណៈដែល​សហរដ្ឋអាមេរិក​កំពុងតែ​សង្កត់ធ្ងន់​ទៅលើ​តម្រូវការ​សម្រាប់​បន្ត​យុទ្ធនាការ​ដាក់ទណ្ឌកម្ម​ជា​អន្តរជាតិ​ដើម្បី​ដាក់​សម្ពាធ​ជា​អតិបរមា​ទៅលើ​កូរ៉េខាងជើង​។​

​នៅក្នុង​សុន្ទរកថា​ដ៏​រស់​រវើក​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ក្នុង​ពិធី​រំលឹក​ខួប​ទី​៧៣​ឆ្នាំ​នៃ​ការរំដោះ​ប្រទេស​កូរ៉េ​ពី​ការក្ដោបក្ដាប់​របស់​ជប៉ុន​អស់​រយៈពេល ៣៥​ឆ្នាំ នោះ ប្រធានាធិបតី​កូរ៉េខាងត្បូង​គឺ​លោក មូ​ន ជេ​អ៊ី​ន (Moon Jae-in) បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ផែនការ​របស់​រដ្ឋាភិបាល ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​តាមរយៈ​ការផ្សះផ្សា​និង​គម្រោង​សេដ្ឋកិច្ច​នានា​។​

​លោក មូ​ន ជេ​អ៊ី​ន មានប្រសាសន៍ថា​៖ «​‍​ការវិវត្តន៍​ថ្មីៗ​ខាង​ទំនាក់ទំនង​អន្តរ​កូរ៉េ គឺ​មិនមែនជា​ផល​ដោយ​ប្រយោល​នៃ​ការរីកចម្រើន​ខាង​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​នោះទេ ប៉ុន្តែ​ការរីកចម្រើន​ខាង​ទំនាក់ទំនង​អន្តរ​កូរ៉េ​នេះ គឺជា​កម្លាំង​ជំរុញ​នៅ​ពីក្រោយ​ការធ្វើឱ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​»​។​

​លោក មូ​ន បាន​សង្កត់​បញ្ជា​ក់ដោយ​លើកយក​របាយការណ៍​ស្រាវជ្រាវ​ដោយ​អង្គការ​មួយ​របស់​រដ្ឋ​មក​សំអាងថា ចំណូល​ពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរ​កូរ៉េ​នេះ ត្រូវគេ​ប៉ាន់​ស្មានថា បាន​កើន​ឡើងដល់​៧០០​សែន​លាន វ៉ុ​ន ឬ​ស្មើនឹង​ប្រមាណ​ជាង​៦២​ពាន់​លាន​ដុល្លារ​អាមេរិក យ៉ាងតិច​ក្នុង​រយៈពេល​៣០​ឆ្នាំ​ទៅមុខទៀត​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com