ជាតិ
នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​ទៅ​ទទួល​ពានរង្វាន់​ដ៏​ឆ្នើម​ក្នុង​តំបន់​អាស៊ី​ចំពោះ​ស្នាដៃ​អភិរក្ស​ការចងចាំ​សម្រាប់​មនុស្សជាតិ​
27, Aug 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន ៖ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​ទៅ​ទទួល​ពានរង្វាន់ Ramon Magsaysay ក្នុង​ទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន​នៅ​សប្ដាហ៍​នេះ ចំពោះ​ស្នាដៃ​រក្សា​ការចងចាំ​ប្រវត្តិសាស្ត្រ​សម្រាប់​ការ​សះស្បើយ​ផ្លូវចិត្ត និង​យុត្តិធម៌​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​មជ្ឈមណ្ឌល​ឯកសារ​តាម​សារ​អេឡិចត្រូនិក​ដែល VOA ទទួលបាន​កាលពី​ថ្ងៃអាទិត្យ​។​

 
​លោក ឆាំង យុ គឺជា​ជ័យលាភី​ម្នាក់​មកពី​ប្រទេស​កម្ពុជា ក្នុងចំណោម​ជ័យលាភី​៦​នាក់​ដែល​ទទួលបាន​ពានរង្វាន់ ដែល​គេ​ចាត់ទុកថា​ជា​រង្វាន់​សន្តិភាព​ប្រចាំ​ទ្វីបអាស៊ី ក្នុង​ឆ្នាំ​២០១៨​នេះ​។ ជ័យលាភី​៥​នាក់​ទៀត គឺ​មកពី​ប្រទេស​ទី​ម័​រ​ខាងកើត វៀតណាម ហ្វីលីពីន និង​ពីរ​នាក់​ទៀត​មកពី​ប្រទេស​ឥណ្ឌា​។​
 
​លោក ឆាំង យុ ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ ក្នុង​ទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន នៅ​ថ្ងៃទី​៣ ខែកញ្ញា ផងដែរ​។ នេះ​បើ​យោងតាម​គណៈកម្មការ​ផ្ដល់​ពានរង្វាន់ Ramon Magsaysay នេះ​។​
 
​លោក ឆាំង យុ បាន​ដឹកនាំ​កិច្ចការ​អភិរក្ស​ការចងចាំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​ស្វែងរក​យុត្តិធម៌ ការផ្សះផ្សា និង​ការ​ជាសះស្បើយ​ផ្លូវចិត្ត​សម្រាប់​ជនរងគ្រោះ​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដែល​បាន​ឆក់យក​ជីវិត​ប្រជាជន​ខ្មែរ​អស់​ប្រមាណ​ជិត​២​លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់​១៩៧៩​។​
 
​លោក ឆាំង យុ ត្រូវបាន​ទទួលស្គាល់​ចំពោះ «​‍​ការងារ​ដ៏​អស្ចារ្យ​ឥត​ងាក​រា​របស់លោក ក្នុងការ​អភិរក្ស​ការចងចាំ​នៃ​របប​ប្រល័យពូជសាសន៍​ខ្មែរ ហើយ​និង​ភាពជា​អ្នកដឹកនាំ​និង​ទស្សនវិស័យ​របស់លោក ក្នុងការ​ផ្លាស់ប្ដូរ​ការ​ចងចាំ​អំពី​ភាព​ដ៏​គួរឱ្យ​រន្ធត់ ទៅជា​ដំណើរការ​នៃ​ការទទួលបាន​និង​ការអភិរក្ស​យុត្តិធម៌​ក្នុងប្រទេស​របស់លោក​និង​នៅក្នុង​ពិភពលោក​»​។ នេះ​បើ​ផ្នែក​តាម​គណៈកម្មការ​ផ្ដល់​ពានរង្វាន់ Ramon Magsaysay ដដែល​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com