កីឡាជាតិ
ជាតិ
Asian Games៖ សូ​ហ្វ​តិ​ន្នី​ស​រំពឹង​ធ្វើ​បានល្អ និង​ឈានដល់​តំបន់​មេដាយ​
28, Aug 2018 , 6:32 am        
រូបភាព
ដោយ:
លោក ជា ប៊ុនហេង អនុប្រធាន​ទី​១​នៃ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា មានការ​ជឿជាក់​ខ្ពស់​លើ​សមត្ថភាព​របស់​អត្ត​ព​លិ​ក​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍ Asian Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ប៉ុន្តែ​វត្តមាន​ប្រទេស​ខ្លាំងៗ​មួយចំនួន​នៅ​តំបន់​អាស៊ី បាន​ក្លាយជា​ក្តីបារម្ភ​សម្រាប់​កម្ពុជា​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​។ សូ​ហ្វ​តិ​ន្នី​ស ដែលជា​កីឡា​ក្តី​រំពឹង​ក្នុងការ​ដណ្តើម​មេដាយ​របស់​កម្ពុជា ត្រូវ​ប្រកួត​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨​។​



​ក្រោយ​ទទួលបាន​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​មួយរយៈ​នៅ​ប្រទេស​ជប៉ុន បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា មាន​ក្តី​រំពឹង​ខ្ពស់ សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ Asian Games លើក​ទី​១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ការជឿជាក់​បែបនេះ ក៏​ព្រោះតែ​អត្ត​ព​លិ​ក​ទាំងអស់​បាន​ហ្វឹកហាត់​ត្រៀម​យ៉ាង​ល្អ សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​។

​មុន​ចេញដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក ជា ប៊ុនហេង បាន​រៀបរាប់ថា​៖«​យើង​មានសង្ឃឹម​ច្រើន​សម្រាប់​ការចូលរួម​លើកដំបូង​នេះ ព្រោះ​អត្ត​ព​លិ​ក​យើង​បាន​ហ្វឹកហាត់​ពង្រឹងសមត្ថភាព បច្ចេកទេស និង​យុទ្ធសាស្ត្រ​យ៉ាង​ល្អ ពិសេស​ហ្វឹកហាត់​នៅ​ជប៉ុន​តែម្តង​។ ម្យ៉ាង​អត្ត​ព​លិ​ក​យើង​ទាំងអស់​សុទ្ធតែ​ប្តេជ្ញា​ថា នឹង​ប្រឺ​ង​ប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​»​។

​អនុប្រធាន​ទី​១​រូបនេះ​អះអាងថា លោក​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ស្គាល់​ថា កម្ពុជា​ជា​ប្រទេសមួយ​ខ្លាំង​ក្នុងចំណោម​ប្រទេស​ទាំង​១០​ក្នុង​តំបន់​អាស៊ាន​។ ទោះបី​យ៉ាងនេះ​ក្តី វត្តមាន​ជប៉ុន ចិន ម៉ុង​ហ្គោ​លី ថៃ ហ្វីលីពីន កូរ៉េ និង​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី អាចជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​កម្ពុជា​ក្នុងការ​ស្វែងរក​មេដាយ​។ ព្រោះ​ប្រទេស​ទាំងនេះ មាន​សមត្ថភាព​ខ្ពស់ បើ​ធៀប​នឹង​កម្ពុជា ហើយ​ចំណាត់ថ្នាក់​ក្នុង​តារាង​ពិភពលោក​របស់​ពួកគេ ក៏​ខ្ពស់ជាង​កម្ពុជា​ដែរ​។

​ក្រុម​អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​ហ្វឹកហាត់​សម​នៅលើ​ទីលាន​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨​។ កីឡាករ​ដែល​ត្រូវ​ប្រកួត​បើកឆាក​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ រួម​កីឡាករ ឌឹ​ម សុជា​ភា​រុណ និង​កីឡាករ កាន់ សោ​ភ័​ណ្ឌ​៕


Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង​
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com