ជាតិ
អ្នកស្រី សួង គឹមលាង មានវិប្បដិសារីជាពន់ពេក ដែលទុកកូនប្រុសចោល រហូតត្រូវភ្លើងឆេះសុសខ្លួន
× សៀមរាប៖ កុមារ សង ដេវីត មានអាយុជាង២ ឆ្នាំ។ កុមារនេះជាជនរងគ្រោះ ដោយសារភ្លើងឆេះ។ ដេវីត ត្រូវបានម្ដាយ គឺអ្នកស្រី សួង គឹមលាង ទុកនៅផ្ទះជាមួយជីតាជរា ងងឹតភ្នែក ព្រោះត្រូវទៅស៊ីឈ្នួលគេនៅទីឆ្ងាយ។ ដេវីត ត្រូវបានភ្លើងពំនូកចំបើងឆេះស្ទើរសុសខ្លួនប្រាណ ខណៈគេកំពុងរត់លេងនៅទីនោះជាមួយបងប្អូនរបស់គេ។
អ្នកស្រី សួង គឹមលាង បានរម្លឹកពីហេតុការណ៍នៅពេលនោះថា វាបានកើតឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ពេលដែលអ្នកស្រី ចេញទៅធ្វើការនៅឆ្ងាយ។ អ្នកស្រីថា កូនរបស់អ្នកស្រីម្នាក់ទៀត បានដុតដំឡូងហូបនៅក្បែរពំនូកចំបើងនោះ ហើយមិនយូរប៉ុន្មាន ភ្លើងក៏បានរាលដាលដល់ពំនូកចំបើងធំ ដែលកូនទី៣របស់អ្នកស្រី កំពុងរត់លេងយ៉ាងសប្បាយ។ អ្នកស្រីបន្ថែមថា ជាសំណាងល្អ ដេវីត ត្រូវបានជីតាដែលងងឹតភ្នែកនៅក្បែរនោះ រត់ស្រវាចាប់ទាញដៃមកទាន់ពេលវេលា កុំអីគេអាចនឹងស្លាប់។
អ្នកស្រី បានពោលបន្ថែមថា៖« ពេលនោះ កូនខ្ញុំ (ដេវីត) នៅក្នុងពំនូកភ្លើងចំបើង ហើយជីតាបានស្ទុះលូកដៃទៅក្នុងពំនូកភ្លើងនោះ និងបានរងរបួងរលាកដៃគាត់ទាំងសងខាងផងដែរ»។
ភ្លាមៗ កុមារ ដេវីត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនមួយកន្លែង តែដោយអាការៈធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាប។ នៅទីនោះ គេស្នាក់នៅព្យាបាលរយៈពេលពេញ ៣ខែ ហើយត្រូវឡើងទៅលាងរបួងមួយសប្ដាហ៍ម្ដងរយៈពេលជាង ២ខែទៀត។ បច្ចុប្បន្នអាការៈជំងឺរបស់កុមារ ដេវីត ដែលមានទីលំនៅក្នុងភូមិព្រះត្រពាំង ឃុំដំដែក ស្រុកដំដែក ខេត្តសៀមរាប បានសះស្បើយហើយ តែគេនៅមានអាការៈរមាស់នៅលើរបួសស្នាម ជើងទាំងសងខាងដើរមិនត្រង់ដូចមុន និងមានស្នាមរលាកធ្ងន់ធ្ងរនៅលើស្បែក និងសាច់។ តាមការបញ្ជាក់របស់អ្នកស្រី គឹមលាង ដែលជាម្ដាយ ខាងមន្ទីរពេទ្យនឹងធ្វើការវះកាត់ស្បែកកូនអ្នកស្រីម្ដងទៀត នៅអំឡុងខែ វិច្ឆិកាខាងមុខ។
អ្នកស្រី គឹមលាង មានកូនចំនួន៣នាក់ ហើយកុមារ ដេវីត ជាកូនទី៣។ ស្ថានភាពគ្រួសារអ្នកស្រី គឹមលាង មានសភាពលំបាកខ្លាំង ដោយបច្ចុប្បន្នប្ដីអ្នកស្រីធ្វើការស៊ីឈ្នួលគេនៅខេត្ដកំពតឯណោះ។ ក្រោយពេលកើតហេតុមក អ្នកស្រី គឹមលាង មិនបានចេញធ្វើការអ្វីទេ ដោយត្រូវមើលថែរក្សាកូននៅក្រោមដំបូលផ្ទះខ្នមស្បូវទ្រុឌទ្រោម ដោយមានការជួយឧបត្ថម្ភពីសប្បុរសជន និងអ្នកជិតខាងដែលអាណិតស្រឡាញ់គ្រួសារអ្នកស្រី។
ចំពោះហេតុការណ៍ដ៏អាក្រក់នេះ អ្នកស្រី គឹមលាង បានប្រាប់ថា ពិតជាមានវិប្បដិសារីជាខ្លាំង និងមានអារម្មណ៍ថាអ្នកស្រីខុសធ្ងន់ធ្ងរណាស់។ អ្នកស្រីផ្ដាំទៅអាណាព្យាបាលឯទៀត ត្រូវយកចិត្តទុកដាក់ទៅកូនៗ ដោយមិនត្រូវទុកពួកគេចោលឡើយ ទោះបីហេតុការណ៍នេះយើងមិនបានដឹងមុនក៏ដោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com