អន្តរជាតិ
ចិន និង​រុស្ស៊ី អាច​ការពារ​មី​យ៉ាន់​ម៉ា​មិន​ឲ្យ​តុលាការអន្តរជាតិ​កាត់ទោស​ពីបទ​ប្រល័យពូជសាសន៍​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​
29, Aug 2018 , 3:09 pm        
រូបភាព
​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក​បាន​ដឹកនាំ​ចលនា​ប្រទេស​មួយចំនួន​ដើម្បី​ស្នើ​ឲ្យ​មានដំណើរ​ការស៊ើបអង្កេត និង​ប្រមូល​ភស្តុតាង​បន្ថែម និង​ជំរុញ​ការកាត់ទោស​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ជុំវិញ​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ មហាអំណាច​ពីរ​មាន​ចិន និង​រុស្ស៊ី​ដែលជា​ខ្នងបង្អែក​ការទូត​មិន​ចង់​ឲ្យ​មានការ​បញ្ជូន​សំណុំ​រឿងនេះ​ទៅកាន់​តុលាការអន្តរជាតិ​ទេ តែ​ចង់​ឲ្យ​មានការ​សន្ទនា​គ្នា​ប៉ុណ្ណោះ​។​យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានប្រកាស​ទាត់ចោល​របា​យ​ការណ៍ និង​មិន​អនុញ្ញាត​ឲ្យ​មានការ​ស៊ើបអង្កេត​រប​ស់​អង្គការសហប្រជាជាតិ​រួចទៅហើយ​។


 
​សំណុំរឿង​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​កាន់តែ​ចម្រូងចម្រាស​នៅ​ដើម​សប្តាហ៍​នេះ​ពេល​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បញ្ចេញ​របាយការណ៍​ស្វែងរក​ការពិត​ថ្មី​ដែល​រកឃើញថា ក្រុម​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​មាន​ចេតនា​សម្លាប់​រង្គាល​បំបាត់​ពូជសាសន៍​ជនជាតិភាគតិច​មូស្លីម​នេះ​។ 
 
​អង្គការសហប្រជាជាតិ​ក្នុង​របាយការណ៍​ដដែល​នោះបាន​ស្នើ​ឲ្យ​មានការ​កាត់ទោស​មេទ័ព​មី​យ៉ាន់​ម៉ា​៦​រូប​លើ​ករណីនេះ​ក្នុងនោះ​មាន​អគ្គមេបញ្ជាការ​កងទ័ព​លោក ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង ។ ស្ថាប័ន​កំពូល​នេះ​ក៏​រិះគន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​បរាជ័យ​ក្នុងការ​ការពារ​ជនភាគតិច​នេះដែរ​។​
 
​ដល់​ថ្ងៃ​អង្គារ នា​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​សមាជិក​ជាច្រើន​ផ្សេងទៀត​បាន​លើកយក​សំណុំរឿង​បោសសម្អាត​ជនជាតិភាគតិច​នៅ​មី​យ៉ាន់​ម៉ា​មក​ជជែក​ដេញដោល​គ្នា​ដែរ​។ ក្នុងនោះ​តំណាង​សហរដ្ឋអាមេរិក​បានលើកឡើង​ជាថ្មី​ពី​ការទាមទារ​ឲ្យ​មានការ​កាត់ទោស​ជន​ដែល​ទទួលខុសត្រូវ​លើ​ករណី​បទឧក្រិដ្ឋ​អន្តរជាតិ​នេះ​នៅ​តុលាការអន្តរជាតិ​ដែរ ស្របតាម​របាយការណ៍​ស្វែងរក​ការពា​តិ​របស់​អង្គការ​សហ​ប្រជា​តិ​។​
 
​ប៉ុន្តែ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley និង​បណ្តា​ឯកអគ្គរដ្ឋទូត​ផ្សេងទៀត​មិន​ហ៊ាន​ប្រើប្រាស់​ពាក្យ​«​ប្រល័យពូជសាសន៍​»​សំដៅលើ​សកម្មភាព​យោធា​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដូច​របាយការណ៍​អង្គការសហប្រជាជាតិ​ឡើយ​។​
 
«​ការពិត​ជុំវិញ​ការ​បោសសម្អាត​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ត្រូវតែ​បាន​និយាយ ហើយ​វា​ត្រូវតែ​បានលឺ​ដែរ​។ ទីនេះ​ជា​ក្រុមប្រឹក្សាសន្តិសុខ យើង​ត្រូវ​ឲ្យ​អ្នកទទួលខុសត្រូវ​ចំពោះ​អំពើហិង្សា​ទាំងនោះ​ទទួលទោស​ដែរ​»​។ លោកស្រី Haley និយាយ​បែបនេះ​ក្នុង​កិច្ចប្រជុំ​។ 
 
​ក្រុមប្រឹក្សាសន្តិសុខ​ត្រូវបញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប៉ុន្តែ​ចិន និង​រុស្ស៊ី​ទំនង​វេតូ​
​តាមពិតទៅ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា បាន​ផ្ទុះឡើង​តាំងពី​ខែសីហា​ឆ្នាំមុន ក្រោយ​យោធា​មី​យ៉ាន់​ម៉ា​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នៅ​រដ្ឋ Rakhine បោសសម្អាត​ក្រុម​ឧទ្ទាម​ដែល​វាយប្រហារ​ទីតាំង​សន្តិសុខ​នៅក្បែរ​ព្រំដែន​បង់​ក្លា​ដែ​ស​។ ជន​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល ៧ សែន​នាក់​បាន​ភៀសខ្លួន​ពី​យុទ្ធនាការ​ហិង្សា​របស់​យោធា​មី​យ៉ាន់​ម៉ា​ដែល​បានសម្លាប់​មនុស្ស រំលោភ​ផ្លូវភេទ និង​ដុត​ផ្ទះសម្បែង​របស់​ពួកគេ​។ ទាំង​យោធា ទាំង​រដ្ឋាភិបាល​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បដិសេធ​ការចោទប្រកាន់​ពាក់ព័ន្ធ​ការ​បោសសម្អាត​ពូជសាសន៍​។​
 
​ជុំវិញ​សំណុំរឿង​ដែល​អង្គការសហប្រជាជាតិ​ចាត់ទុកជា​អំពើ​ប្រល័យពូជសាសន៍​នេះ ក្រុម​អ្នកស៊ើប​អង្កេត​ចងក្រង​របាយការណ៍​ស្វែងរក​ការពិត​នេះដែរ​ក៏បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​បញ្ជូន​សំណុំរឿង​មី​យ៉ាន់​ម៉ា​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) មាន​ទីតាំងនៅ​ក្រុងឡាអេ​ដើម្បី​កាត់ទោស​ជនបង្ក​។ ក្រុម​នេះ​ក៏​ស្នើ​ឲ្យ​មានការ​ពិចារណា​ស្វែងរក​លទ្ធភាព​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​បណ្តោះអាសន្ន​ដើម្បី​ចាត់ការ​សំណុំ​រឿងនេះ​ដូច​នៅ​យូ​ហ្គោ​ស្លា​វី​ដែរ​។​
 
​ថ្វីបើ​មាន​ភស្តុតាង​ដែល​បញ្ជាក់ថា បទ​ប្រល័យពូជសាសន៍​បានកើត​ឡើង​នៅ​មី​យ៉ាន់​ម៉ា និង​បង្កឡើង​ដោយ​យោធា​មី​យ៉ាន់​ម៉ា​ក៏ដោយ មី​យ៉ាន់​ម៉ា​មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ​ដែល​វា​មានន័យថា តុលាការ​គ្មាន​យុត្តាធិការ​ចាត់ការ​សំណុំ​រឿងនេះ​ទេ​។​
 
​ក្នុងករណី​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​គ្មាន​យុត្តាធិការ​ដើម្បី​នាំខ្លួន​ជនបង្ក​យកមក​កាត់ទោស ដោយសារ​ប្រទេស​នោះ​មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​ស្តី គេ​អាច​ស្នើសុំ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ ត្រូវ​ចេញ​ដំណោះស្រាយ​ដើម្បី​ផ្តល់នូវ​យុ​ត្តិ​ធិ​ការ​មួយ​ដល់​តុលាការ​នេះ ដើម្បី​ធ្វើ​ប្រតិបត្តិការ នាំយក​ឧក្រិដ្ឋជន​ទាំង​នោះមក​កាត់ទោស​តាមច្បាប់​។ 
 
 នីតិ​វិធិ​ដែល​បញ្ជូន​សំណុំរឿង និង​ផ្តល់​យុត្តាធិការ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ត្រូវបាន​គេ​ធ្វើឡើង​តែ​ពីរដង​ប៉ុណ្ណោះ​តាំងពី​ពេលដែល​តុលាការ​នេះ​បង្កើត​មក ទីមួយ​នៅក្នុង​វិបត្តិ​នៅ Darfur ប្រទេស​ស៊ូដង់​កាលពី​ឆ្នាំ ២០០៥ ហើយ​លើក​ទី​២ នៅក្នុង​ជម្លោះ​នៅ​ប្រទេស​លី​ប៊ី នៅក្នុង​ឆ្នាំ ២០១១​។ ហើយ​គេ​ក៏​មិន​សង្ឃឹមថា វា​នឹង​កើតឡើង​ក្នុង​សំណុំរឿង​ប្រល័យពូជសាសន៍​នៅ​មី​យ៉ាន់​ម៉ា​ដែរ​។​
 
​មិន​សង្ឃឹម​ដោយសារ​មូលហេតុ​ថា មហាអំណាច​ពីរ​ធំៗ​មាន​ចិន និង​រុស្ស៊ី​នឹង​ជំទាស់​ដំណោះស្រាយ​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ បើទោះជា​អាមេរិក​និង​សមាជិក​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍​ឯទៀត​យល់ស្រប​ក៏ដោយចុះ​។ ចិន និង​រុស្ស៊ី​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​ខ្នងបង្អែក​ការទូត​របស់​មី​យ៉ាន់​ម៉ា​តាំងពី​ប្រទេស​នេះ​ស្ថិតនៅក្រោម​របប​សឹក​ម្លេះ​។ ដូច្នេះ​គ្មាន​លក្ខខណ្ឌ​ណា​ដែល​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ​បណ្តោយ​ឲ្យ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ទាញយក​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ទៅកាន់​ទោស​ឲ្យ​ខាត​ប្រយោជន៍​ខ្លួន​ឡើយ​។​
 
​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃ​អង្គារ​ទី ២៨ ខែសីហា​ម្សិលមិញ តំណាង​ក្រុង​ម៉ូស្គូ និង​ប៉េកាំង​បានបញ្ជាក់​ច្បាស់​ថា ខ្លួន​មិន​គាំទ្រ​ឡើយ​ការបញ្ជូន​សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះ​។ មហាអំណាច​ទាំងពីរ​ចង់​មាន​កិច្ចសន្ទនា​ជាមួយ​របប​ដឹកនាំ​មី​យ៉ាន់​ម៉ា​វិញ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជាក់ស្តែង​។​
 
​ដោយឡែក ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ក៏​មិនមាន​ទំនោរ​គាំទ្រ​ការនាំ​ជនបង្ក​ទៅ​តុលាការអន្តរជាតិ​ដែរ ដោយសារ​ហេតុផល​ច្រើន​ជាពិសេស​លទ្ធភាព​នៃ​ការសម្រេច​ជោគជ័យ​នោះ​។ លោក​បាន​សង្កត់ធ្ងន់ថា វា​ចាំបាច់​ត្រូវមាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដែលមាន​ប្រសិទ្ធភាព​ដែលមាន​សារសំខាន់​ក្នុងការ​ធានាថា ដំណើរការ​នេះ​មាន​តម្លាភាព មិន​លម្អៀង ឯករាជ្យ ត្រឹមត្រូវ និង​ស្របច្បាប់​កាតព្វកិច្ច​មី​យ៉ាន់​ម៉ា​ក្រោម​ច្បាប់​អន្តរជាតិ​។ 
 
​មី​យ៉ាន់​ម៉ា ទាត់ចោល​របាយការណ៍​អង្គការ​សហ​ប្រជា​តិ​
​ដោយឡែក រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានប្រកាស​ទាត់ចោល​របា​យ​ការណ៍​ស្វែងរក​ការពិត​របស់​អង្គការ​សហ​ប្រជា​តិ​នេះ​នៅ​ថ្ងៃ​ពុធ​ទី ២៩ ខែសីហា​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា  Zaw Htay បាន​អះអាងថា មី​យ៉ាន់​ម៉ា​មិន​ទទួលយក​របាយការណ៍​ស្វែងរក​ការពិតទៅ ព្រោះ​គណៈកម្មការ​ស្វែងរក​ការពិត​នេះ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ទឹកដី​ខ្លួន​ទេ​កន្លងមកនេះ​។​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Htay បាន​និយាយថា​៖«​យើង​មិនបាន​អនុញ្ញាត​ឲ្យ​បេសកកម្ម​ស្វែងរក​ការពិត​របស់​អង្គការសហប្រជាជាតិ​ចូលក្នុង​ប្រទេស​ទេ ដូច្នេះហើយ​បានជា​យើង​មិន​ឯកភាព និង​ទទួលយក​ដំណោះស្រាយ​ដែល​សម្រេច​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​»​។​
 
​មី​យ៉ាន់​ម៉ា​កំពុង​ចោទសួរ​ពី​តម្លាភាព និង​អព្យាក្រឹតភាព​នៃ​របាយការណ៍​អង្គការសហប្រជាជាតិ​នេះ​ព្រោះ​ខ្លួន​មិន​ទុកចិត្ត​ថា វា​ត្រឹមត្រូវ​និង​មិន​លម្អៀង​ឡើយ​។ ខណៈ​រិះគន់​របាយការណ៍​អង្គការសហប្រជាជាតិ តំណាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ខាងលើ​បានលើកឡើង​ពី​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​ដែល​ខ្លួន​បង្កើតឡើង​កន្លងមក​វិញ​។ លោក Htay អធិប្បាយ​ថា គណៈកម្មការ​ខ្លួន​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​ឆ្លើយតប​នឹង​ការចោទប្រកាន់​មិន​ត្រឹមត្រូវ​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ផងដែរ​៕ 
 

Tag:
 ចិន​
  រុស្ស៊ី​
  រ៉ូ​ហ៊ីង​យ៉ា​
  ក្រុមប្រឹក្សាសន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com