អន្តរជាតិ
អ៊ីរ៉ង់​ត្រៀម​បោះចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ព្រោះ​ទំនង​មិនអាច​ពឹងពាក់​លើ​អឺរ៉ុប​បាន
30, Aug 2018 , 8:39 pm        
រូបភាព
​អ៊ីរ៉ង់​បានប្រកាសថា អ៊ីរ៉ង់​ត្រៀមលក្ខណៈ​រួចជាស្រេច​ហើយ​ក្នុងការ​បោះបង់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ព្រោះ​ខ្លួន​មិន​ទុកចិត្ត​ថា បណ្តា​រដ្ឋ​អឺរ៉ុប​នៅមាន​លទ្ធភាព​គាំទ្រ​កិច្ចព្រមព្រៀង​នេះឡើយ​។  បន្ទាប់ពី​បោះបង់ អ៊ីរ៉ង់​ទំនងជា​ត្រឡប់​ទៅរក​ផ្លូវ​ឈានទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ផង​ក៏​ថា​បាន​។


 
​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei បាន​ថ្លែង​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី ហាសាន់ រូ​ហា​នី និង​សមាជិក​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ពុធ ទី ២៩ ខែសីហា​ថា អ៊ីរ៉ង់​អាច​បោះបង់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ បាន​បើសិនជា​វា​លែង​បម្រើ​ប្រយោជន៍​អ៊ីរ៉ង់​ទៀតហើយ​នោះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Khamenei បាន​និយាយ​ដូច្នេះ​៖​​«​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​មធ្យោបាយ​ប៉ុណ្ណោះ មិនមែនជា​គោលដៅ​ឡើយ​។ ប្រសិនជា​ចុងក្រោយ​វា​មិន​បម្រើ​ដល់​ប្រយោជន៍​យើង​សោះ​នោះ យើង​អាច​បោះបង់ចោល​វា​បាន​»​។ 
 
 មេដឹកនាំ​កំពូល​សាធារណរដ្ឋ​ឥស្លាម​នេះ​បានប្រកាស​ផងដែរ​ថា គ្មាន​ថ្ងៃ​ដែល​អ៊ីរ៉ង់​ចរចា​ឡើងវិញ ជាមួយ​មន្ត្រី​អាមេរិក​ដែល​ចូលចិត្ត​ជ្រើសរើស​ការប្រឈមមុខ​និង​មាន​ឥរិយាបថ​មិន​សមរម្យ​នោះឡើយ​។​
 
​លើកឡើង​បែបនេះ លោក Khamenei ចង់​សំដៅលើ​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​របស់​រដ្ឋ​បាល​អាមេរិក របស់លោក ដូ​ណា​ល់ ត្រាំ កាលពី​ខែឧសភា ហើយ​មានតែ​អឺរ៉ុប​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​ប្តេជ្ញាចិត្ត​ថា ខ្លួន​នៅ​ជ្រោមជ្រែង​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​។ 
 
​កាលពី​ខែឧសភា​កន្លងទៅ មេដឹកនាំ​សាសនា​អ៊ីរ៉ង់​នេះ​បាន​ដាក់ចេញ​លក្ខខណ្ឌ​ច្រើន​គួរសម​សម្រាប់​មហាអំណាច​អឺរ៉ុប​បើសិនជា​ប្រទេស​ទាំងនោះ​ចង់​ធានាថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នឹងត្រូវ​បន្ត​អនុវត្ត​ទៀត​នោះ​។ ក្នុងចំណោម​លក្ខខណ្ឌ​នោះ​គឺ ស្នើ​ឲ្យ​ធនាគារ​អឺរ៉ុប​ជួយ​ការពារ​ពាណិជ្ជកម្ម​ដែលមាន​ជាមួយ​អ៊ឺរ៉ុប និង​ការពារ​ការលក់​ប្រេង​អ៊ីរ៉ង់​ទៅ​ទីផ្សារ​ក្រៅប្រទេស​ផងដែរ​។​
 
​យ៉ាងណាក៏ដោយ ទណ្ឌកម្ម​អាមេរិក​ដែល​ដាក់​ប្រឆាំង​អ៊ីរ៉ង់​ឡើងវិញ​ក្រោយ​ការចាកចេញ​ជា​បន្តបន្ទាប់​នេះ​កំពុង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​អាក្រក់​។ ទណ្ឌកម្ម​ជំហាន​ទីមួយ​ចូល​ជា​ធរមាន​រួចរាល់​ហើយ ហើយ​វា​ក៏​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ប្រឈម​បញ្ហា​ច្រើន​ដែរ​។ ក្រុមហ៊ុន​អឺរ៉ុប​ជាច្រើន​ត្រូវ​រត់​ចេញពី​អ៊ីរ៉ង់​ព្រោះ​ខ្លាច​ប្រឈម​នឹង​ការខាតបង់​ដោយសារ​ទណ្ឌកម្ម​នេះដែរ​។ រឿង​អាក្រក់​ជាង​នេះ ទណ្ឌកម្ម​ទី​ពីរ​របស់​អាមេរិក​ដែល​កំណត់​គោលដៅ​លើ​វិស័យ​ថាមពល និង​ប្រេង​អ៊ីរ៉ង់​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ខែវិច្ឆិកា​ខាងមុខនេះ ហើយ​វា​នឹងមាន​ឥទ្ធិពល​អាក្រក់​ខ្លាំង​ដែរ​។​
 
​តាមពិតទៅ លោក ត្រាំ មិនដែល​ពេញចិត្ត​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ដែល​មហាអំណាច​ប្រាំ​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បូក​អាល្លឺម៉ង់​បង្កើតឡើង​ឆ្នាំ ២០១៥ ជាមួយ​អ៊ីរ៉ង់​ឡើយ​ព្រោះ​កិច្ចព្រមព្រៀង​នេះ​មាន​សុពលភាព​ត្រឹម​ឆ្នាំ ២០២៥ និង​មិន​ផ្តោត​សំខាន់​លើ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឡើយ​។ តាំងពី​ពេល​ឃោសនាបោះឆ្នោត លោក ត្រាំ សន្យាថា លោក​នឹង​ចាត់ការ​កិច្ចព្រមព្រៀង​អាក្រក់​នេះ​ព្រោះ​វា​មិន​ទប់ស្កាត់​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។ លោក​បានដាក់​លក្ខខណ្ឌ​សម្រាប់​អឺរ៉ុប​សម្រាប់​ការចរចា​ជាថ្មី បើសិន​អឺ​រ៉ង់​ចង់​រួច​ផុតពី​ទណ្ឌកម្ម​នោះ​។ 
 
​គេ​ដាក់​ការសង្ស័យថា អ្វីដែល​អាមេរិក​ចង់បាន​មិនមែន​ត្រឹម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​កម្រិត​សមត្ថភាព​អ៊ីរ៉ង់​ផលិត​នុយក្លេអ៊ែរ​ឡើយ ប៉ុន្តែ​ចង់​ប្តូរ​របប​ដឹក​នាំនៅ​អ៊ីរ៉ង់​ថែមទៀត​។ លោក ត្រាំ មើលឃើញថា​ទណ្ឌកម្ម​ដែល​លេច​រូបរាង​ជាថ្មី​ប្រឆាំងនឹង​វិស័យ​ថាមពល និង​ប្រេង​របស់​អ៊ីរ៉ង់​ខាងមុខ នឹងធ្វើ​ឲ្យ​អ៊ីរ៉ង់​កាន់តែ​ដុនដាប​ដោយសារ​អស្ថិរភាព​សេដ្ឋកិច្ច​ផង​។ បើតាម​មន្ត្រី​អាមេរិក ទណ្ឌកម្ម​ថ្មី​នេះ​មាន​គោលដៅ​កម្រិត​ការនាំ​ប្រេង​ចេញ​របស់​អ៊ីរ៉ង់​ឲ្យ​ដល់​កម្រិត​សូន្យ​តែម្តង​។​
 
​បញ្ហា​សេដ្ឋកិច្ច​នឹងមាន​ផល​អវិជ្ជមាន​ច្រើន​លើ​អត្រា​អ្នកគ្មានការងារ​ធ្វើ​។ ប​ច្ចុ​ប​និកម្មភាព​ទូទាំងប្រទេស​អ៊ីរ៉ង់​កើន​ដល់ ១២​ភាគរយ ហើយ​អត្រា​យុវជន​គ្មាន​ការងារ​ធ្វើ​គឺ ២៥​ភាគរយ ខណៈដែល​យុវជន​វ័យ​ក្រោម ៣០ មាន​ប្រមាណ ៦០​ភាគរយ​ក្នុងចំណោម​ប្រជាជន​សរុប ៨០​លាន​នាក់​ផង​។  
 
​យ៉ាងណាមិញ ទីប្រឹក្សា​សន្តិសុខ​អាមេរិក​លោក ច​ន បុល​តុ​ន ដែល​គេ​ស្គាល់​ថា​ជា​អ្នកនយោបាយ​ចូលចិត្ត​សង្គ្រាម​នោះបាន​បដិសេធ​ការ​លើកឡើងថា​អាមេរិក​ចង់​ប្តូរ​របប​នៅ​អ៊ីរ៉ង់​។ លោក​អះអាងថា អាមេរិក​គ្រាន់តែ​ចង់​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​អ៊ីរ៉ង់​ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​ប្រសើរ និង​ទូលំទូលាយ​ជាង​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​នឹង​ជួយ​ធានាថា អ៊ីរ៉ង់​ប្តូរ​ឥរិយាបថ និង​បញ្ឈប់​ការគាំទ្រ​ចលនា​ប្រដាប់អាវុធ​, ក្រុម​ភេរវជន និង​របប​ដឹកនាំ​ផ្តាច់ការ​នៅក្នុង​តំបន់​ទៀត​ក្នុងនោះ​មាន​ក្រុម​ឧទ្ទាម Houthis នៅ​យ៉េ​មែន​, ហេ​ស្បូ​ឡា​នៅ​លី​បង់ រួមទាំង​របប​លោក បា​សា អាល់​អាសាដ នៅ​ស៊ី​រី​ជាដើម​៕ 

Tag:
 អ៊ីរ៉ង់​
  JPCOA
  នុយក្លេអ៊ែរ​
  អឺរ៉ុប​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com