កីឡាជាតិ
ជាតិ
រស់ សំអឿន អាច​បាត់​មុខ​លើ​ទីលាន​ពី​៥​ទៅ​៦​ខែ ក្រោយ​វះកាត់​ជង្គង់​
31, Aug 2018 , 7:59 am        
រូបភាព
ដោយ:
​ខ្សែការពារ រស់ សំអឿន សមាជិក​ក្លិប​វិសាខា បាន​វះកាត់​របួស​សរសៃពួរ​ជង្គង់​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨​នៅ​ប្រទេស​វៀតណាម​។ បញ្ហា​របួស​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ សំអឿន មិន​អាចជួយ​ក្រុម​វិសាខា​សម្រាប់​ជំនួប​នៅសល់​ក្នុង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​នោះទេ តែ​រូបគេ ក៏​បាត់បង់​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំនេះ​ទៀតផង​។

   
 
​លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​ក្រុម​វិសាខា​បាន​បញ្ជាក់ថា កីឡាករ រស់ សំអឿន អាច​អវត្តមាន​ពី​៥​ទៅ​៦​ខែ បន្ទាប់ពី​រូបគេ​បាន​វះកាត់​របួស​សរសៃពួរ​ជង្គង់ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ប្រទេស​វៀតណាម​។ តែ​យ៉ាងណា លោក​អះអាងថា បញ្ហា​របួស​នេះ​មិន​ពាល់​ខ្លាំង​ដល់​ការប្រកួត ដែល​នៅសល់​របស់​វិសាខា​នោះទេ​។​
  
«​បើសិន​គាត់​(​សំអឿន​)​រក្សាខ្លួន​បានល្អ ប្រហែល​ពី​៥​ទៅ​៦​ខែ​អាច​ចូល​ហ្វឹកហាត់​វិញ​បាន​។ ហើយ​បើ​គាត់​ហ្វឹកហាត់​មាន​លំនឹង​ល្អ គាត់ ក៏​អាច​ចូល​លេង​នៅពេលនោះ​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហុក សុ​ជី​វ័​ន្ត ដែល​បាន​បន្ថែមថា បញ្ហា​របួស​ជង្គង់​រប​ស់​អតីត​ខ្សែការពារ​បឹងកេត​ខាងលើ បាន​កើតឡើង​អំឡុងពេល​ហ្វឹកហាត់​លើ​ទីលាន​សិប្បនិម្មិត KMH Park កាលពី​ប្រមាណ​ពីរ​ខែ​មុន​។ បច្ចុប្បន្ន​វិសាខា​ស្ថិតនៅ​លេខ​៣​ក្នុង​តារាង​មាន​៤២​ពិន្ទុ​។   
 
​របួស​សរសៃពួរ​ជង្គង់​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កីឡាករ រស់ សំអឿន មិន​អាចជួយ​វិសាខា​ប្រជែង​ដណ្តើម​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំឆ្នាំ​២០១៨​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​រូបគេ បាត់បង់​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​ថែមទៀត​ផង​។ ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Felix នឹង​ចាប់ផ្តើម​ប្រកួត​ផ្តុំ​នៅ​ថ្ងៃទី​៣ ខែកញ្ញា ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ដែល​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃទី​១០ ខែកញ្ញា ខាងមុខនេះ​៕  
 

Tag:
 ​រស់ សំអឿន​
  វិសាខា​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com