អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ UN ៖ សហប្រតិបត្តិ​ការល្អ​ចិន​-​អាហ្វ្រិក ជា​ធាតុ​ចូល​សំខាន់​នៃ​ការអភិវឌ្ឍ​តំបន់​និង​សកល​
01, Sep 2018 , 7:39 pm        
រូបភាព
ដោយ:
​ប្រមុខ​អង្គការសហប្រជាជាតិ លោក  Antonio Guterres បាន​សំឡឹង​ឃើញ​ពី​ចំណុច​វិជ្ជមាន​រវាង​ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​។ ប្រមុខ​អង្គការសហប្រជាជាតិ​រូបនេះ ចាត់ទុក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​ល្អ​រវាង​ចិន​-​អាហ្វ្រិក គឺជា​គ​ន្លឺះ​មួយ នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ជោគជ័យ​នៅក្នុង​តំបន់​អាហ្វ្រិក ដែលជា​បណ្តុំ​នៃ​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក​។


​តាមរយៈ​កិច្ច​សម្ភាស​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua នៅ​ថ្ងៃ​៣០ សីហា មុនពេល​ចាកចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ចិន​-​អាហ្វ្រិក លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ  Antonio Guterres បាន​ថ្លែងថា ជោគជ័យ​នៃ​ការអភិវឌ្ឍ និង​សន្តិភាព​ពិភពលោក ក៏​ពឹង​ផ្អែកលើ​ជោគជ័យ​របស់​រដ្ឋ​អាហ្វ្រិក ហើយ​កិច្ចសហប្រតិបត្តិការ​ចិន​និង​អាហ្វ្រិក ក៏​ជា​កត្តា​សំខាន់​មួយ​សម្រាប់​ជោគជ័យ​តំបន់​អាហ្វ្រិក​ផងដែរ​។​
 
​លោក​អគ្គលេខាធិការ បាន​បន្តទៀតថា កិច្ចសហប្រតិបត្តិការ​របស់​ចិន និង​អាហ្វ្រិក មិន​ត្រឹមតែ​ផ្តល់​សារៈប្រយោជន៍​ក្នុង​ផ្នែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មាគ៌ា​ដ៏​សំខាន់​មួយ​ក្នុង​ការធ្វើ​ឲ្យ​មាន​ភាពល្អប្រសើរ​នៃ​ការអភិវឌ្ឍ​សកល​, អភិបាលកិច្ច​សកល និង​ការធ្វើ​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម​ផងដែរ​។ លោក​សង្កត់ធ្ងន់​៖« ពិភពលោក មានតែ​មួយ ហើយ​ផែនដី ក៏មាន​តែមួយ​។ ...​គ្រប់យ៉ាង​ត្រូវតែ​មានការ​ប្រទាក់​គ្នា​ទៅវិញទៅមក​»​។​
 
​គួរ​ជម្រាប​ថា ចិន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ចិន​-​អាហ្វ្រិក​ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៤ ខែកញ្ញា ក្រោម​មូលបទ ចិន និង​អាហ្វ្រិក ឆ្ពោះទៅកាន់​សហគមន៍​កាន់តែ​រឹងមាំ​ចែករំលែក​អនាគត​តែមួយ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។ ទីនោះ​ហើយ​ដែល​លោក​ប្រធានាធិបតី​ចិន ស៊ី ជិ​ង​ពីង នឹង​ថ្លែង​ពី​គោលនយោបាយ​សហប្រតិបត្តិ​ការ​របស់​ចិន​ទៅកាន់​អាហ្វ្រិក ក៏ដូចជា​ផ្សព្វផ្សាយ​ពី​គំនិត​ផ្តួចផ្តើម​ជាច្រើន​របស់​ចិន​។​
 
​គួរកត់សម្គាល់​ផងដែរ​ថា អាហ្វ្រិក គឺជា​តំបន់​ភូមិសាស្ត្រ​មួយ ដែល​កំពុងតែ​ទទួលរង​នូវ​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​ខ្លាំង ដែល​បណ្តា​អ្នកជំនាញ​មួយចំនួន ក៏បាន​ព្រមាន​ពី​ការ​ធ្លាក់ខ្លួន​ចូលក្នុង​បំណុល​វណ្ឌ​ក​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ចិន​។ ដោយសារតែ​ឥទ្ធិពល​របស់​ចិន បានធ្វើ​ឲ្យ​បណ្តា​ប្រទេស​តំបន់​អាហ្វ្រិក​ដែល​ធ្លាប់តែ​ជា​កល្យាណមិត្ត​ច្រើន​ឆ្នាំ​របស់​តៃវ៉ាន់ បានសម្រេច​ចាកចេញ​ពី​តៃវ៉ាន់ ហើយ​ក្រសោប​យក​ចិន​វិញ​។ មានតែ​ប្រទេស​តំបន់​អាហ្វ្រិក​មួយ​ប៉ុណ្ណោះ គឺ​ស្វា​ស៊ី​ឡង់ ដែល​នៅតែ​បន្ត​មាន​ទំនាក់ទំនង​ជាមួយនឹង​តៃវ៉ាន់ ខណៈដែល​ប្រទេស​ផ្សេងទៀត កំពុងតែ​ទទួលផល​ប្រយោជន៍​ពី​ចិន​៕ 
 
 

Tag:
 ចិន​
  អាហ្វ្រិក​
© រក្សាសិទ្ធិដោយ thmeythmey.com