ជាតិ
សង្គមជាតិ
អ្នកស្រី ផុន ផល អាចរកចំណូលជាង១០ដុល្លារក្នុងមួយថ្ងៃ ពីរបរធ្វើឧបករណ៍ដាក់កំពឹស
× សៀមរាប៖ អ្នកស្រី ផុន ផល ជាអ្នកនេសាទរស់នៅភូមិស្ពានវែង ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប។ មានវ័យ៤២ឆ្នាំ សព្វថ្ងៃអ្នកស្រីមានរបរធ្វើឧបករណ៍ម្យ៉ាងដែលអ្នកភូមិហៅថា «សាយើន» ប្រើសម្រាប់ដាក់យកកំពឹសពីទឹកទន្លេ។
ក្នុងមួយថ្ងៃ អ្នកស្រី ផល ស៊ីឈ្នួលដំឡើងគ្រោងឧបករណ៍សម្រាប់ដាក់កំពឹស បានពី១០០ទៅ ១៥០ ឱ្យចិននៅផ្សារ។ អ្នកស្រីថា សម្ភារ និងឧបករណ៍ជារបស់ចិន ហើយអ្នកស្រីគ្រាន់តែប្រើកម្លាំងក្នុងការធ្វើវាតែប៉ុណ្ណោះ។ ក្នុងឧបករណ៍មួយ អ្នកស្រីទទួលបានកំរៃចំនួន ៥០០រៀល។
អ្នកស្រី ផល ចេះផលិតឧបករណ៍យកកំពឹសនេះរយៈពេល៤ឆ្នាំមកហើយ។ ប្ដីអ្នកស្រីមានរបរជាជាងផ្ទះ និងពេលទំនេរគាត់ក៏បានជួយធ្វើស្យឿននេះផងដែរ។
សម្រាប់អ្នកស្រី ផល គាត់គ្រាន់តែមានតួនាទីដំឡើងគ្រោងឆ្អឹងឧបករណ៍ដាក់កំពឹស ដែលមានខ្សែលួសចំនួន៦ និងកងភ្ជាប់មាត់ស្យឿនចំនួន២។ ចំណែកដំណាក់កាលដាក់សំណាញ់ស្បៃ គឺមានអ្នកផ្សេងទៀតសម្រាប់ដាក់ ហើយគេទទួលបានកំរៃមួយដំណាក់ទៀតពីចិន។
សាយើន ជាឧបករណ៍នេសាទដ៏ពេញនិយមសម្រាប់អ្នកភូមិកំពង់ឃ្លាំង ដែលគេប្រើសម្រាប់ដាក់កំពឹស។ ក្នុងមួយគ្រួសារ មានតម្រូវការឧបករណ៍នេះចាប់ពី២០០ឡើង ដែលអាចយកកំពឹសបានចាប់ពី ២០ ទៅ១០០គីឡូក្នុងមួយថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com