អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកនយោបាយ​ថៃ បារម្ភ​ពីការ​កើនឡើង​នៃ​វត្តមាន​​ចិនដែល​មិនអាច​ឲ្យ​ថៃ​ត្រឡប់​ទៅរក​ប្រជាធិបតេយ្យ​វិញ​បាន​
03, Sep 2018 , 10:53 am        
រូបភាព
ដោយ:
​បើទោះជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោតជាតិ​ថៃ នៅ​មិនទាន់​ត្រូវបាន​កំណត់​ក៏ដោយ អ្នកនយោបាយ​ថៃ​ខ្លះ បានចាប់ផ្តើម​យុទ្ធនាការ​ក្រៅផ្លូវការ​បណ្តើរៗ​ហើយ​។ អ្នកនយោបាយ បាន​លើកយក​បញ្ហា នៃ​ទំនាក់ទំនង​ជិតស្និទ្ធ និង​កំណើន​វិនិយោគ​ជាមួយនឹង​ចិន ថា​អាចធ្វើ​ឲ្យ​ដំណើរ​វិលត្រឡប់​ទៅរក​ប្រជាធិបតេយ្យ​ឡើងវិញ​របស់​ថៃ​ស្ថិតនៅក្នុង​ភាពមិនប្រាកដប្រជា​។​

 
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន លោក Thanathorn Juangroongruangkit ប្រធាន​គណបក្ស Future Forward ថៃ និង​ជា​អតីត​អ្នកជំនួយ​ញ​ធំ​មួយរូប​ផង​នោះ បាន​សម្តែង​ការព្រួយបារម្ភ​ពី​វត្តមាន​កាន់តែច្រើន​រប​ស់​វិនិយោគ​ចិន រួមទាំង​ភាពជិតស្និទ្ធ​រវាង​រដ្ឋា​ភិ​បាល​របប​សឹក​ថៃ និង​រដ្ឋាភិបាល​ចិន ថា​អាច​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​របស់​ថៃ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ The Nation នៅ​ថ្ងៃ​៣១ កញ្ញា​។ 
 
​ប្រធាន​បក្ស​ទើប​បង្កើត​ថ្មី​រូបនេះ បាន​លើកឡើងថា​៖ «​រដ្ឋាភិបាល​បច្ចុប្បន្ន កំពុង​ងាក​ទៅរក​ចិន​ហើយ​។ ដូច្នេះ យើង​មិនចាំបាច់​ជា​រដ្ឋ​ប្រជាធិបតេយ្យ​, គោរព​សិទ្ធិមនុស្ស​, និង​គោរព​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​ដើម្បី​ក្លាយជា​រដ្ឋ​រុងរឿង​បានឡើយ ពោលគឺ យើង​គ្រាន់តែ​ធ្វើ​ដូច​ចិន​ទៅបាន​ហើយ​»​។ 

​លោក Thanathorn បាន​សម្តែង​ការព្រួយបារម្ភ​ពី​ស្ថានភាព​របស់​ថៃ​បច្ចុប្បន្ន​ថា អាច​ធ្លាក់​ចូលក្នុង​ឥទ្ធិពល​របស់​ចិន​។ អ្នកនយោបាយ​ដែល​សុខចិត្ត​លាលែង​ពី​តំណែង​ជាន់ខ្ពស់​ក្នុង​កិច្ច​ជំនួញ​រូបនេះ បាន​លើកឡើងថា ប្រជាជន​មិន​សប្បាយចិត្ត​ចំពោះ​ការដឹកនាំ​របស់​របប​សឹក ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា ជា​ប្រមុខ​ឡើយ​។ 
​ដោយ​មើលឃើញ​ពី​ចំណុចខ្សោយ​នៃ​ការដឹកនាំ​របស់​របប​សឹក លោក Thanathorn បានបង្ហាញ​ទំនុកចិត្ត​របស់លោក​ថា បក្ស​លោក នឹង​ឈ្នះ​អាសនៈ​នៅក្នុង​សភា​យ៉ាងហោចណាស់ ៤០ ក្នុង​ចំ​ណោ​ច​អាសនៈ​សរុប ៥០០​ដែរ​។ 

​ស្រដៀង​គ្នា​នេះ​ផងដែរ ប្រធាន​បក្ស​ថៃ Bhumjaithai  លោក Anutin Charnvirakul នៅ​ថ្ងៃ​៣១ សីហា ក៏បានផ្តល់​កិច្ចសម្ភាសន៍​មួយ​ដោយ​ភ្ជាប់​និន្នាការ​ប្រឆាំងនឹង​វត្តមាន​ចិន​។ លោក Anutin បាន​អះអាងថា ក្នុងចំណោម​គោលនយោបាយ​អាទិភាព​ធំ​បំផុត​មួយ​របស់​បក្ស​លោក គឺ​ជំរុញ​ថៃ​ឲ្យ​ពន្យា​ពេល​ក្នុង​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ជាមួយនឹង​ចិន ដែលជា​គម្រោង​មួយ​ដ៏​ធំ​។ 

​ប្រមុខ​បក្ស​ដែល​ធ្លាប់​ទទួលបាន​អាសនៈ ១១​ភាគរយ ក្នុងការ​បោះឆ្នោត​ថៃ​ឆ្នាំ​២០១៤​រូបនេះ បាន​លើកឡើងថា ថៃ អាច​យក​គំរូ​តាម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្មី ក្នុងការ​លុបចោល​គម្រោង​ធំៗ​របស់​ចិន​មួយចំនួន ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​។ ប្រមុខ​បក្ស​រូបនេះ រំពឹងថា នាពេល​បោះឆ្នោត​ខាងមុខនេះ បក្ស​លោក នឹង​អាច​ទទួលបាន​អាសនៈ យ៉ាងហោចណាស់ ក៏​៥៥​អាសនៈ​ដែរ​៕ 

Tag:
 ថៃ​
  ចិន​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com