ជាតិ
សិល្បះ
តន្ត្រីករ​ជើងចាស់ លោក ម៉ម ប៊ុន​ណា​រាយ ទទួលមរណភាព​ក្នុង​អាយុ​៨៥​ឆ្នាំ​
03, Sep 2018 , 5:18 pm        
រូបភាព
ប្រភពរូបថត ហ្វេសប៊ុក Mam Bunnara
ប្រភពរូបថត ហ្វេសប៊ុក Mam Bunnara
​លោក ម៉ម ប៊ុន​ណា​រាយ តន្ត្រីករ និង​ជា​កវី នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​១៩៧០ បានទទួល​មរណភាព​ក្នុង​អាយុ​៨៥​ឆ្នាំ នា​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ដោយសារ​ជរាពាធ នៅក្បែរ​វិហារ​កាតូលិក​ផ្សារ​តូច ផ្លូវជាតិ​លេខ​៥ រាជធានី​ភ្នំពេញ​។ សព​របស់​សិល្បករ​ជើងចាស់​រូបនេះ នឹងត្រូវ​បូជា​នៅ​ថ្ងៃ​ពុធ​ទី​៥​ខែតុលា​ខាងមុខ​នៅ​វត្ត​សន្តិ​វ័ន​ហៅ​វត្ត​ទួល​អស់លោក ដែល​ស្ថិតក្នុង​ខណ្ឌ​ឬ​ស្សី​កែវ សង្កាត់​ឬ​ស្សី​កែវ​។ ចំណែក​ពិធីបុណ្យ​៧​ថ្ងៃ​នឹងធ្វើ​នៅ​ថ្ងៃ​សៅរ៍ នៅ​ព្រះវិហារ​កាតូលិក​។ នេះ​បើតាម​អ្នកស្រី ឱម វណ្ណ​ថា​ត ដែលជា​ភរិយា របស់លោក ម៉ម ប៊ុន​ណា​រាយ​។​


 
​លោក ម៉ម ប៊ុន​ណា​រាយ ជា​តន្ត្រីករ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ដែល​ធ្លាប់​សម្រួល​តន្ត្រី​ឱ្យ លោក ស៊ីន ស៊ី​សាមុត អ្នកស្រី រស់ សេរី​សុទ្ធា អ្នកស្រី ប៉ែន រ៉​ន និង​អ្នកចម្រៀង​ជាច្រើនរូប​ទៀត​ក្នុងសម័យ​នោះ​។ បទ​ចម្រៀង​ដែល​លោក​បាន​សម្រួល​តម​ន្ត្រី​មាន​បទ «​កម្ម​ប្រចាំកាយ​» «​មេត្តា​រៀម​ផង​» «​នៅតែ​ឃ្លាត​» «​កំពង់ធំ​ជំរុំ​ចិត្ត​» និង​មាន​បទ​ជាច្រើន​ទៀត​។​
 
 ក្រោយពី​បែក​សង្គ្រាមលោក​បាន​ចូល​បំរើការ​នៅក្នុង​វិទ្យុជាតិ ដែល​ធ្វើការ​ទាក់ទង​នឹង​ការសម្រួល​តន្ត្រី​។ ក្រោយពី​ជួប​គ្រោះថ្នាក់​ដោយមាន​ជន​មិន​ស្គាល់មុខ​លួច​បាញ់ប្រហារ​នៅ​ឆ្នាំ​១៩៨១ លោក​បាន​ផ្លាស់​ទៅ​រស់នៅ​ខេត្តកំពង់ចាម​មួយរយៈ ដោយ​ចូលទៅ​លេងភ្លេង​ក្នុង​ក្រុម​តន្ត្រី​យោធា​ភារ​ម្យ​។ បន្ទាប់មក​នៅ​ឆ្នាំ​១៩៨៩ លោក​ក៏​បានមក​រស់នៅ​ភ្នំពេញ​វិញ ដោយបាន​បង្រៀន​សិស្ស​មួយចំនួន​ពី​ការនិពន្ធ​បទ​ភ្លេង​និង​ចម្រៀង​។ ក្នុង​ជីវិតចុងក្រោយ លោក ម៉ម ប៊ុន​ណា​រាយ ក៏បាន​និពន្ធ​ទំនុកច្រៀង ដើម្បី​បំរើ​ដល់​សាសនា​កាតូលិក​ផងដែរ​។​
 
​លោក សេង តារា អ្នកស្រាវជ្រាវ​ប្រវត្តិ​អ្នកនិពន្ធ និង​បទ​ចម្រៀង​សម័យ​ដើម ក៏បាន​បញ្ជាក់​ពី​ដំណឹង​មរណភាព​នេះដែរ​។ លោក តារា បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា  លោក ម៉ម ប៊ុន​ណា​រាយ គឺជា​តន្ត្រីករ​ជើងចាស់​ដែលមាន​ទឹកដៃ​ខ្ពស់​មួយរូប​។​
 
​លោក​គឺជា​ប្អូនបង្កើត​របស់លោក ម៉ម បុប្ផា​នី តន្ត្រីករ​រៀមច្បង​នៅ​សម័យ​នោះ​ផងដែរ ដោយ លោក​បាន​សាង​ស្នាដៃ​ជាច្រើន តាមរយៈ​ការដឹកនាំ​ប្រគំ​ភ្លេង ការសម្រួល​តន្ត្រី​)  ថែម​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​ផងដែរ​។​
 
​ដោយ​មិនបាន​បញ្ជាក់​លំអិត លោក សេង តារា បាន​លើក​បង្ហាញ​ពីបទ​ចម្រៀង​ចាស់ៗ​មួយចំនួន ដែលមាន​ការចូលរួម​ពី​លោក ម៉ម ប៊ុន​ណា​រាយ​។ បទ​ចម្រៀង​ទាំងនោះ មានដូចជា កម្ម​ប្រចាំកាយ (​ស៊ីន ស៊ី​សាមុត​)  មេត្តា​រៀម​ផង (​លោក​គង់ សំអឿន​-​លោក​គង់ ចន្ថា​) នៅតែ​ឃ្លាត (​លោក គង់ ចន្ថា​) មេឃ​អើយ​ជួយ​ផង (​សាមុត​-​រស់ សេរី​សុទ្ធា​) ឃ្លាត​ទាំង​ទឹកភ្នែក (​សុទ្ធា​) ដំណក់ភ្លៀង​ស្រក់ (​ប៉ែន រ៉​ន​) រង់ចាំតែ​បង​មួយ (​សុទ្ធា​) រំពឹង ! រំពឹង ! (​សុទ្ធា​) បង​ពិត​ជាក​ម្លោះ (​សាមុត​-​សុទ្ធា​)  កណ្តូបបុកស្រូវ (​សាមុត​-​សុទ្ធា​) ផ្កាត្របែកព្រៃ (​ឌី សុខន​) ចម្រៀង​មក​មិត្ត (​ឌី សុខន​) ស្នេហ៍​យើង (​សុទ្ធា​) គ្រា​ដំបូង (​សាមុត​) ជីវិត​អ្នក​ផ្សងព្រេង (​សាមុត​) បង​ក្បត់​អូន​ហើយ (​ហួយ មាស​) ខែរះ​ក្រោម​ផ្កាយ (​ម៉ម ប៊ុន​ណា​រាយ​) បញ្ជី​ខ្មោច (​អ៊ឹង ណា​រី​)  និង​កំពង់ធំ ជំរុំ​ចិត្ត (​សាមុត​) ៕
 

Tag:
 ម៉ម ប៊ុន​ណា​រាយ​
  តន្ត្រីករ​
 ​តន្ត្រី សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com