កីឡាជាតិ
ជាតិ
រដ្ឋ​ចំណាយ​៣៤៤​លាន​រៀល ឯ​សម្តេច​៤៣,០០០​ដុល្លារ លើ​ម្ចាស់​ជ័យលាភី អ៊ូ​មើ​ត និង ចេ​សា​
04, Sep 2018 , 11:38 am        
រូបភាព
ដោយ:
រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ចំនួន​៣៤៤​លាន​រៀល និង​ថវិកា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​៣៤,០០​ដុល្លារ លើ​ម្ចាស់​ជ័យលាភី​មេដាយមាស​និង​សំរឹទ្ធ សាលី អ៊ូ​មើ​ត និង​កីឡាការិនី ខាន់ ចេ​សា ដែល​ដណ្តើមបាន​ពី​ព្រឹត្តិការណ៍ Asian Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ថវិកា​ទាំងនេះ ត្រូវបាន​ប្រគល់ជូន​រួចរាល់​ហើយ នា​ពិធី​ជួប​សំណេះសំណាល​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព​។​

 
​សម្រាប់​ការប្រកួត​កីឡា Asian Games លើក​ទី​១៨​នៅ​ទីក្រុង​ហ្សា​ការ​តា​និង​ប៉ា​ឡាំ​បាង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ទើប​បញ្ចប់​ជា​ស្ថាពរ​កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨ អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​មេដាយមាស​២​និង​សំរឹទ្ធ​១​។ យោងតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៣ ម្ចាស់​ជ័យលាភី​មេដាយមាស​ទទួលបាន​ថវិកា​៨០​លាន​រៀល ប្រាក់​៤០​លាន​រៀល និង​សំរឹទ្ធ​២៤​លាន​រៀល​។​
 
​កីឡាករ សាលី អ៊ូ​មើ​ត ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​១០៤​លាន​រៀល​ពី​រាជរដ្ឋាភិបាល បន្ទាប់ពី​រូបគេ​ដណ្តើមបាន​មេដាយមាស​១​និង​សំរឹទ្ធ​១​កីឡា​ម៉ូតូ​ទឹក​។ បន្ថែម​លើ​នេះ រូបគេ​ទទួលបាន​ថវិកា​១៣,០០០​ដុល្លារ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ជាមួយគ្នានេះ​គ្រូបង្វឹក​របស់គេ លោក Talakouras Chris ជនជាតិ​អូស្ត្រាលី​ទទួលបាន​ថវិការដ្ឋ​៨០​លាន​រៀល និង​ថវិកា​សម្តេច ហ៊ុន សែន ១​ម៉ឺន​ដុល្លារ​។​
 



​ចំណែក​កីឡាការិនី ខាន់ ចេ​សា ក្រោយ​ដណ្តើមបាន​មេដាយមាស​១​លើ​កីឡា​ជឺ​ជិត​ស៊ូ ទទួលបាន​ថវិកា​៨០​លាន​រៀល​ពី​រាជរដ្ឋាភិបាល និង​១​ម៉ឺន​ដុល្លារ​ពីស​ម្តេច ហ៊ុន សែន​។ ជាមួយគ្នានេះ លោក Paas Jasper Martijn គ្រូបង្វឹក​ជនជាតិ​ហូ​ឡង់​របស់ កីឡាការិនី ខាន់ ចេ​សា ទទួលបាន​៨០​លាន​រៀល​ពី​រាជរដ្ឋាភិបាល និង​ថវិកា​សម្តេច ហ៊ុន សែន ចំនួន​១​ម៉ឺន​ដុល្លារ​។ 
 
​ជារួម​មេដាយមាស​២​និង​សំរឹទ្ធ​១​ពី​ព្រឹត្តិការណ៍ Asian Games របស់​កីឡាករ សាលី អ៊ូ​មើ​ត និង​កីឡាការិនី ខាន់ ចេ​សា រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​អស់​ចំនួន​៣៤៤​លាន​រៀល និង​ថវិកា​សម្តេច ហ៊ុន សែន ចំនួន​៤៣,០០០​ដុល្លារ​។ ថវិកា​ទាំងនេះ ត្រូវបាន សម្តេច ហ៊ុន សែន ប្រគល់ជូន​ម្ចាស់​ជ័យលាភី និង​គ្រូបង្វឹក​រួចរាល់​ហើយ ក្នុងឱកាស​សម្តេច ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព​៕ 
 












ប្រភព​រូបថត​៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)





Tag:
 សម្តេច ហ៊ុន សែន​
  សាលី អ៊ូ​មើ​ត​
  ខាន់ ចេ​សា
© រក្សាសិទ្ធិដោយ thmeythmey.com