ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជីវិតចុងក្រោយ​របស់ លោក នូ ស៊ឹ​ប អ្នកចម្រៀង​បង្រួបបង្រួម​ជាតិ​
09, Sep 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ លោក នូ ស៊ឹ​ប គឺជា​អ្នកចម្រៀង​បង្រួបបង្រួម​ជាតិ​មួយរូប ដែល​ល្បីល្បាញ​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០-១៩៩០​។ ចម្រៀង​ដែល​លោក​ច្រៀង​នៅ​សម័យ​ក្រោយ​សង្គ្រាម គឺ​ដើម្បី​អូសទាញ​ប្រជាជន​ដែល​នៅក្នុង​ព្រៃ មាន​ទាំង​កម្មាភិបាល​ខ្មែរក្រហម​ខ្លះ​ផង ឱ្យ​ចូលមក​កែខ្លួន រួបរួម​ជាមួយ​រដ្ឋាភិបាល​ថ្មី​។ សព្វថ្ងៃ លោក នូ ស៊ឹ​ប រស់នៅក្នុង​បន្ទប់​ជួល​មួយកន្លែង ជាមួយ សាច់ញាតិ ដែល​សូម្បីតែ​ថ្លៃ​ផ្ទះ ទឹក និង​ភ្លើង ក៏​ពិបាក​រកប្រាក់​បង់​ដែរ​។ សល់​ចំណេះ​ពេទ្យ​តិចតួច ស្រពពេល​មិនមាន​ប្រាក់​ផង​នោះ លោក​ត្រូវ​ព្យាបាល​ជំងឺ​ប្រចាំកាយ និង​របួស​សល់​ពី​គ្រោះថ្នាក់​ចរាចរ​ដោយ​ខ្លួនឯង​។​


​បន្ទប់​ផ្ទាល់​ដី​ទទឹង​ប្រមាណ​ជា​៥​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ​ជា​១០​ម៉ែត្រ គឺជា​បន្ទប់​ជួល​របស់លោក នូ ស៊ឹ​ប​។ គ្រែ​ជិត​មាត់ទ្វារ ទំហំ​ជាង​មួយ​ម៉ែត្រ គុណ​នឹង​២​ម៉ែត្រ ដែលមាន​ក្រាលកម្រាល​ពូក​ពណ៌​ទឹកសមុទ្រ រំលេច​ផ្កា​ពណ៌ និង​ពណ៌​កាក​អំពៅ​ផង​នោះ ជា​កន្លែង​ដែល​អ្នកចម្រៀង​បង្រួបបង្រួម​ជាតិ​រូបនេះ អាស្រ័យ​ទាំងថ្ងៃទាំងយប់​។​
 
​ថ្នាំពេទ្យ​សំខាន់ៗ ទុក​ប្រចាំការ​ក្រែង​មាន​បញ្ហា​សុខភាព​នៅពេល​យប់ លោក ស៊ឹ​ប បានដាក់​វា​នៅលើ​គ្រែ​ក្បែរ​ដំណេក​របស់ខ្លួន​។ ចំណែក​ឧបករណ៍​វាស់​សម្ពាធ​ឈាម ស៊ឺ​រ៉ាំ​ង​ថ្នាំ និង​ថ្នាំបារាំង​មួយចំនួនទៀត បានដាក់​នៅក្នុង​ទូ​ផ្ដៅ និង​ព្យួរ​នៅ​ក្បាល​គ្រែ​ខ្លះ​ផង​។ ក្នុង​វ័យ​៧២​ឆ្នាំ អ្នកចម្រៀង​បង្រួបបង្រួម​ជាតិ​រូបនេះ សល់​ត្រឹមតែ​សំបកខ្លួន ដែល​សូម្បីតែ​ការចំណាយ​ប្រចាំថ្ងៃ រួមទាំង​ថ្លៃ​ផ្ទះ ទឹក ភ្លើង ក៏​ខ្វះខាត​ដែរ​។ រាល់ថ្ងៃ​លោក​បាន​រស់​ដោយសារតែ​ប្រាក់ឧបត្ថម្ភ ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ប៉ុណ្ណោះ​។​
 
​ខក​ខានទៅ​ច្រៀង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយរយៈ តែ​ការណ៍​នេះ ត្រូវ​អូសបន្លាយ​រហូត​ជាង​២​ឆ្នាំ ធ្វើឱ្យ​អ្នកចម្រៀង​រូបនេះ ត្រូវ​រស់ក្នុង​ស្ថានភាព​ខ្វះខាត ដោយ​ភាព​លាក់បាំង​។ លោក ស៊ឹ​ប បញ្ជាក់​៖«​ខ្ញុំ​មិន​ចង់​ឱ្យគេ​ដឹង​ពី​ស្ថានភាព​របស់ខ្ញុំ​ទេ​។ ខ្ញុំ​ខ្មាស​គេ ព្រោះ​ពី​ដើម​ខ្ញុំ​គ្រាន់បើ​ជាងគេ​»​។



 
​លោក នូ ស៊ឹ​ប រម្លឹក​ជីវភាព​គ្រួសារ​កាលពី​សម័យមុន​សង្គ្រាម ទាំង​ទឹកមុខ​ក្រៀមក្រំ​។ ស្ថិតក្នុង​គ្រួសារ​មាន​ជីវភាព​ធូរធារ ដែលមាន​មនុស្ស​រាប់រក​គោរព​ស្រឡាញ់​ច្រើន ដោយសារតែ​ឪពុក​របស់លោក​តែងតែ​ជួយ​យកអាសា​អ្នកភូមិ និង​អ្នក​កម្សត់​ទុរគត មិន​រើសមុខ​។ ធ្លាប់តែ​មានមុខ​មាន​មាត់​ក្នុងសង្គម និង​ល្បីឈ្មោះ​តាំងពី​អាយុ​១០​ឆ្នាំ តាមរយៈ​សិល្បៈ លោក នូ ស៊ឹ​ប ត្រូវបាន​គ្រូ​ចារ​ឈ្មោះ ជា​អ្នកចម្រៀង​ប្រចាំ​សាលា​។ ភាពល្បីល្បាញ ចេះតែ​បន្ត​រហូតដល់​លោក​ប្រឡង​ជាប់​ពេទ្យ​។ «​តាំងពី​តូច​គ្រួសារ​របស់ខ្ញុំ​គ្រាន់បើ​ជាងគេ ក្នុងចំណោម​មិត្ត​ភ័ក្ដិ​ដែល​រៀន​ជា​មូ​យ​គ្នា​។ ខ្ញុំ​ល្បី​ច្រៀង​ពីរោះ​តាំងពី​តូច រហូតដល់​ខ្ញុំ​ប្រឡង​ជាប់​ពេទ្យ ក៏​គេ​នៅតែ​ហៅ​ខ្ញុំ​ទៅ​ច្រៀង​»​។ នេះ​ជាការ​បញ្ជាក់​ពី​លោក នូ ស៊ឹ​ប​។



 
​នៅ​សម័យ​ក្រោយ​សង្គ្រាម ដោយសារតែ​គ្រួសារ​ខ្វះខាត លោក នូ ស៊ឺ​ប ត្រូវ​ពន្យារពេល​ឡើងមក​រៀន​ពេទ្យ​នៅ​ភ្នំពេញ ដោយ​ត្រូវ​ដើរ​ច្រៀង​តាម​រោងការ ដើម្បី​បាន​អង្ករ​មួយ​តៅ​ក្នុង​មួយ​រោង​ជូន​ម្ដាយ​។ លោក ស៊ឹ​ប បញ្ជាក់​៖«​កាលនោះ​ម្ដាយ​ខ្ញុំ​ឈឺ ហើយ​ផ្ទះ​ក៏​ខ្វះខាត ខ្ញុំ​នៅ​ច្រៀង​យក​អង្ករ​ជូន​ម្ដាយ​សិន​។ រោង​ខ្លះ​មិនមាន​ខ្ញុំ​ទៅ​ច្រៀង គេ​សុខចិត្ត​លើក​ថ្ងៃ​ស៊ី ព្រោះ​កាលនោះ​ខ្ញុំ​ល្បី​សឹង​ពេញ​ទាំង​ខេត្តកំពង់ធំ​»​។​
 
​ចិត្ត​មួយ​ខ្មាស​មិត្ត​ភ័ក្ដិ ចិត្ត​មួយ​ខ្មាស​ខ្លួនឯង ចិត្ត​មួយ​នឹក​ស្ដាយក្រោយ ព្រោះតែ​ការសម្រេចចិត្ត ចោល​ពេទ្យ ចូល​សិល្បៈ លោក ស៊ឹ​ប ក្នុង​ទឹក​មុន​អស់សង្ឃឹម និយាយថា ពាក្យ​ស្ដាយក្រោយ​និយាយ​ទៀត​ក៏​គ្មាន​ន័យ​ដែរ​។ ដោយសារតែ​ហេតុផល​ទាំងនេះហើយ ដែល​ញ៉ាំង​ចិត្ត​សិល្បករ​រូបនេះ យល់ថា​ខ្លួន​មាន​ភាពអាម៉ាស់​ខ្លាំង និង​មិនមាន​សេចក្ដីក្លាហាន​និយាយ​ពី​វា​។ ការ​លាក់បាំង​នេះ ត្រូវ​បង្ហាញ​នៅពេលដែល​លោក​មិនអាច​ទៅ​ច្រៀង​ក្នុង​កម្មវិធី​សិល្បៈ​។ «​គេ​ហៅ​ខ្ញុំ​ទៅ​ច្រៀង តែ​ខ្ញុំ​ថា​ខ្ញុំ​ទៅ​មិនកើត​ទេ ព្រោះ​ទើបតែ​គ្រោះថ្នាក់​ចរាចរណ៍ ទើប​គេ​ផ្អើល​មក​មើល​ខ្ញុំ បានដឹងថា​ខ្ញុំ​ធ្លាក់ខ្លួន​ហ្នឹង​»​។



 
​អាច​និយាយបានថា គ្មាន​ប្រាក់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយក៏​អាច​ថា មកពី​លោក​ចេះ​វិជ្ជាពេទ្យ​ខ្លះ​សល់​ពី​សង្គម ទើប​ពេល​ឈឺ​ថ្កាត់​ម្ដងៗ សូម្បីតែ​ពេល​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​២​ឆ្នាំមុន ក៏​លោក​ព្យាបាល​ខ្លួនឯង​ដែរ​។ លោក នូ ស៊ឹ​ប បញ្ជាក់​៖«​ខ្ញុំ​ថាបើ​ខ្ញុំ​មិនចេះ​ពេទ្យ​ខ្លះ​ទេ ម្ល៉េះ​ខ្ញុំ​ស្លាប់​យូរហើយ​។ ជំងឺ​ធ្វើ​ទុក​ម្ដងៗ​ពេលយប់ ខ្ញុំ​វាស់​ឈាម​ហើយ ទើប​ខ្ញុំ​លេបថ្នាំ ឬ​ចាក់​ថ្នាំ​ខ្លួនឯង​។ ទៅ​ពេទ្យ ក៏​គេ​ព្យាបាល​ដូច​តែ​យើង​ដែរ ហើយ​តម្លៃ​ថ្នាំ​វិញ ថ្លៃ​តែ​៥០០០ ឬ​១០,០០០ គេ​យកគុណ​នឹង​២ គុណ​នឹង​៣»​។



 
​តាមពិតទៅ​លោក នូ ស៊ឹ​ប ត្រូវ​ទៅ​រៀន​បំពេញ​វិជ្ជាពេទ្យ​នៅ​ប្រទេស​អាឡឺម៉ង ក្នុង​ឆ្នាំ​១៩៨៤ តែដោយសារ​រដ្ឋអំណាច​នៅ​សម័យ​នោះ ត្រូវការ​លោក​ជា​ចាំបាច់ ដើម្បី​បម្រើការ​ក្នុង​វិស័យ​សិល្បៈ ទើប​លោក​ខកខាន​មិនបាន​ទៅ​រៀន​វិញ​។ និយាយ​ដោយ​ត្រង់​ប្រាប់​សារព័ត៌មាន​ថ្មីៗ លោក នូ ស៊ឹ​ប ថា​ខ្លួន​មិន​ចង់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឡើយ ទោះ​តែ​លោក​មាន​ទេពកោសល្យ​ផ្នែក​នេះ​តាំងពីក្មេង​ក្ដី​។​
​សុខចិត្ត​ធ្វើ​ខុស​បណ្ដាំ​ឪពុក ដែល​ផ្ដាំ​មិន​ឱ្យចូល​សិល្បៈ លោក ស៊ឹ​ប ធ្វើ​វា​ដើម្បី​ជួយ​ជាតិ​។ លោក​បញ្ជាក់​៖ «​ឪពុក​ខ្ញុំ​ផ្ដាំកូន​ទាំងអស់ មិន​ឱ្យចូល​សិល្បៈ​ដូច​គាត់​ទេ ព្រោះ​វិស័យនេះ​បានតែ​សប្បាយ​។ បើ​និយាយ​ពី​ចិត្ត​ខ្ញុំ​វិញ កាលនោះ​ខ្ញុំ​ចង់​ធ្វើ​ពេទ្យ តែ​រដ្ឋ​តម្រូវឱ្យ​ខ្ញុំ​ជួយ​ជាតិ ក៏​ទាញ​ខ្ញុំ​ពី​ពេទ្យ​មក​»​។ 
 
​ចេះតែ​ប្ដូរ​ឥរិយាបទ​ពី​អង្គុយ​ត្រង់ ទៅ​ផ្អៀងខ្លួន​លើ​ខ្នើយក្បាល​ដែល​ត្រួតគ្នា​២ ជា​ញឹកញយ ព្រោះតែ​ការឈឺ​ជើង​របួស ដែល​សល់​ពី​គ្រោះថ្នាក់​ចរាចរ​កាលពី​២​ឆ្នាំមុន លោក នូ ស៊ឹ​ប បញ្ជាក់ថា ពេល​ទៅ​ច្រៀង​ម្ដងៗ លោក​ត្រូវ​ស្ពាយ​កាបូប​ថ្នាំ​ទៅ​ផង ដើម្បី​ព្យាបាល​អ្នកសិល្បៈ​ដូចគ្នា និង​ស្ពាយ​កាំភ្លើង​ផង ដើម្បី​ការពារ​ខ្លួន​។ ចម្រៀង​ជាច្រើន​បទ ច្រៀង​ដើម្បីឱ្យ​ប្រជាជន​ភ្ញាក់ខ្លួន និង​អូសទាញ​កម្មាភិបាល​ខ្មែរក្រហម​ផង​នោះ លោក​អាច​នឹង​ស្លាប់​គ្រប់​វិនាទី ប្រសិនបើ​ពួកគេ​បាញ់សម្លាប់​។ បទ​ចម្រៀង​ដែល​លោក​ច្រៀង​ទាំងនោះ មានដូចជា​បទ “​សមរភូមិ​ស្រែកហៅ​” “​លោហិត​ស្ទឹងសែន​”​ឬ​(​កំពង់ធំ​ប្រែ​មុខមាត់​ថ្មី​) “​កងទ័ព​ចិត្ត​មាស​” “​រំដួល​យោធា​” “​យុទ្ធជន​ចិត្ត​ដែក​” “​សម្រែក​ឈាម​ខ្មែរ​” “​ទសវត្សរ៍​ទី​៨០” “​អនិច្ចា​អ្នកស្រែ​” “​ចំ​បី​ក្រហម​” “​វិបដិសារី​” និង​មាន​បទ​ជាច្រើន​ទៀត​។ បទ​ចម្រៀង​ទាំងនេះ​ជា​ស្នាដៃ​និពន្ធ​របស់លោក​ខ្លះ និង​របស់​អ្នកនិពន្ធ​ផ្សេងទៀត​ខ្លះ​។


 
 ចម្រៀង​ទាំងនេះ បានធ្វើឱ្យ​អ្នក​រួច​រស់​ជីវិត​ពី​សម័យ​ខ្មែរក្រហម យំ​គ្រប់កន្លែង​ពេលដែល​វា​ផ្សាយ​ទៅដល់ និង​បាន​អូសទាញ​មនុស្ស​ជាច្រើន ឱ្យ​ចូលមក​សារភាព​កំហុស​។ «​ខ្ញុំ​ទៅ​ច្រៀង​ដល់​ណា គេ​យំ​ដល់​ហ្នឹង​។ គេ​ថា​ពីមុន​គេ​យល់​ខុស គេ​ស្ដាយក្រោយ​។ កាលនោះ ខ្ញុំ​អាច​ស្លាប់​បើ​ខ្មែរក្រហម​ខឹង​។ តែ​ចម្រៀង​របស់ខ្ញុំ គ្រាន់តែ​ពន្យល់​ឱ្យគេ​យល់​»​។​
 
​ជា​សិល្បករ​ដែល​ចេះ​ទាំង​ច្រៀង និពន្ធ​ទំនុក​ចម្រៀង លេងល្ខោន​បាសាក់ យីកេ អា​យ៉ៃ ជាដើម​នោះ បច្ចុប្បន្ន​អាចនិយាយបាន​ថា គ្មានអ្វី​ជា​ក្ដីសង្ឃឹម​ក្នុង​ជីវិត​ឡើយ​។ យូរៗ​ម្ដង លោក នូ ស៊ឹ​ប ត្រូវបាន​សមាគម​សិល្បៈ​អញ្ជើញ​ទៅ​ច្រៀង​ម្ដង​។ សម្បុរ​ស្រអែម ជើងមាន​ក្រិន​ខ្មៅ​ដោយ​អន្លើ លោក នូ ស៊ឹ​ប ប្រើ​ថ្នាំបារាំង​ផង និង​ថ្នាំបុរាណ​ខ្មែរ​ផង​ដើម្បី​ព្យាបាល​ជំងឺ​។ បុរស​ដែល​គ្មាន​ប្រពន្ធ​និង​កូន​រូបនេះ ត្រូវ​លេបថ្នាំ​លើសឈាម និង​ទទួលទាន​ទឹក​ស្លឹកគ្រៃ​ជាប្រចាំ ដើម្បី​បន្ថយ​សម្ពាធ​ឈាម​។ ជំងឺ​ដុះ​ដំ​សាច់​នៅ​នឹង​ជើង ក្បែរ​របួស​ពី​គ្រោះថ្នាក់​ចរាចរ លោក ស៊ឹ​ប ទ្រាំ​រស់​ជាមួយ​វា​ទាំង​លំបាក​។ លោក ស៊ឹ​ប បញ្ជាក់​៖«​ទៅ​វះ​មាន​ប្រាក់​ឯណា​? បើ​យើង​មាន​រាប់ម៉ឺន​នៅផ្ទះ​មិន​បារម្ភ​ទេ តែ​នេះ​វា​អត់​។ ម្យ៉ាង​ខ្ញុំ​ខ្លាច​គ្មាន​អ្នក​ថែ​ទៀត​។ ខ្ញុំ​អាយុ​ប៉ុណ្ណឹង​ហើយ មិន​នៅ​យូរ​ប៉ុន្មាន​ទៀត​ទេ​»៕



Tag:
 នូ ស៊ឹ​ប​
 ​សិល្បករ​
  សិល្បៈ​
  ចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com