ជាតិ
អ្នកចេះ​គឺជា​ប់ តែ​សិស្ស​ពូកែ​គណិតវិទ្យា បែរជា​ធ្លាក់​មុខវិជ្ជា​នេះ​? ពិត ឬ​ខុស​បច្ចេកទេស​?
11, Sep 2018 , 11:47 am        
រូបភាព
ក្រុម​សិស្ស​ដែល​តវ៉ាឲ្យសើរើលទ្ធផលគណិត​វិទ្យាឡើងវិញ។ រូបថត Cheng SokEng
ក្រុម​សិស្ស​ដែល​តវ៉ាឲ្យសើរើលទ្ធផលគណិត​វិទ្យាឡើងវិញ។ រូបថត Cheng SokEng
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​អ្នកសង្កេតការណ៍​មួយចំនួន បានប្រកាស​ពី​ជោគជ័យ​នៃ​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨ ដោយមាន​អ្នក​ជាប់​រហូតដល់​៦៦,២១​ភាគរយ​។ ប៉ុន្តែ​បេក្ខជន​មួយចំនួន​ដែល​បាន​ប្រឡង​ជាប់ មិន​អស់ចិត្ត​នោះឡើយ ពោលគឺ​មុខវិជ្ជា​គណិតវិទ្យា ដែល​ពួកគេ​គិតថា ទទួលបាន​លទ្ធផល​ល្អ​ជាង​នេះ ផ្ទុយទៅវិញ បែរជា​ធ្លាក់​។

 
​ឆាយ លី​អាន សិស្ស​ពី​ខេត្តកំពត បាន​និទ្ទេស D​លើ​ពិន្ទុ​រួម  ក្រោយ​បាន​និទ្ទេស A បី​មុខវិជ្ជា B បី​មុខវិជ្ជា ប៉ុន្តែ​បែរជា​ធ្លាក់​គណិតវិទ្យា​ដែល​គេ​ធ្លាប់​ទទួលបាន​មេដាយមាស ទូទាំងប្រទេស​ឆ្នាំ​២០១៨​នេះ​។ ពិតណាស់ សិស្ស​ពូកែ ក៏​មិន​ប្រាកដ​ធ្វើ​ត្រូវ​នៅពេល​ប្រឡង​នោះដែរ ប៉ុន្តែ​រឿងរ៉ាវ​របស់ លី​អាន មិនមែនជា​ករណី​ដាច់ដោយឡែក​នោះឡើយ សិស្ស​ផ្សេងទៀត ក៏​ទទួលបាន​លទ្ធផល​ដូចគ្នា​ផងដែរ​។​
 
​លី​អាន និង​សិស្ស​ជាង​២០​នាក់​ទៀត បាន​លើកគ្នា​ទៅ​តវ៉ា​នៅមុខ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកំពត ដើម្បី​ស្នើសុំ​សើរើ​លទ្ធផល​នៃ​ការប្រឡង​មុខវិជ្ជា​គណិតវិទ្យា​។ ពួកគេ​សុទ្ធតែ​បាន​អះអាងថា ធ្វើ​ត្រូវ​ច្រើន ប៉ុន្តែ​លទ្ធផល​បែរជា​ធ្លាក់​ទៅវិញ​។ គ្មាន​ឡើយ​ដំណោះស្រាយ​ភ្លាមៗ ប៉ុន្តែ​មន្ត្រី​មន្ទីរ​បាន​ប្រាប់​ទៅ​សិស្ស​ទាំងនោះ សរសេរ​លិខិតស្នាម​ដើម្បី​បញ្ជាក់​ពី​ការមិន​ពេញចិត្ត​របស់​ពួកគេ ហើយ​នឹងមាន​ដំណោះស្រាយ​តាម​ដំណាក់កាល​។​
 
«​ខ្ញុំ​ខ្លាច​កុំព្យូទ័រ បូក​ពិន្ទុ​នោះ​វា​មាន​បញ្ហា ដែល​ធ្វើ​ឲ្យ​បូក​ខុស​។ ខ្ញុំ​សង្ឃឹមថា​មុខ​វិទ្យា​គណិត​ជាប់​បាន​A តែ​ដល់​ធ្លាក់​អ៊ីចឹង ខ្ញុំ​មិន​អស់ចិត្ត​ទេ​។ ខ្ញុំ​ចង់​ឲ្យ​ក្រសួង​បូក​ពិន្ទុ​លើ​ឯកសារ​ជា​ក្រដាស​ឡើងវិញ​។ បើសិនជា​ក្រសួង​មិន​ដោះស្រាយ​រឿងនេះ ខ្ញុំ​យល់ថា​ក្រសួង​មិនមាន​ទំនួល​ខុសត្រូវ​លើ​ការងារ​របស់ខ្លួន​ទេ​»​។ នេះ​ជាការ​បញ្ជាក់​ពី​យុវ​សិស្ស ឆាយ លី​អាន​។​
 
​មិនមែន​តែ​ក្រុមសិស្ស​នៅ​ខេត្តកំពត​នោះឡើយ បណ្តា​សិស្ស​នៅ​ភ្នំពេញ និង​ខេត្ត​ផ្សេងៗ​ទៀត ក៏​លើកឡើង​ពី​ករណី​ប្រហាក់ប្រហែលគ្នា​នេះ​ផងដែរ ដោយ​ខ្លះ​សរសេរ​ទៅកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​អ្នក​ខ្លះទៀត​សរសេរ​ទៅកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។​
 
​ក្រុមសិស្ស​ដែល​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ក៏​ថ្លែង​ទាំង​ហួសចិត្ត​ផងដែរ​ថា ពួកគេ​ធ្វើបាន​យ៉ាង​ល្អ​នៅពេល​ប្រឡង​ប៉ុន្តែ​បែរជា​ធ្លាក់​ទៅវិញ​។ ការធ្លាក់​មុខវិជ្ជា​គណិត​វិទ្យា បានធ្វើ​ពួកគេ​ជួប​បញ្ហា​យ៉ាងខ្លាំង​នៅពេល​ដាក់​ពាក្យសុំ​អាហារូបករណ៍ ពីព្រោះ​ជាទូទៅ មហាវិទ្យាល័យ​នានា តម្រូវ​ឲ្យ​មាន​និទ្ទេស​ល្អ លើ​មុខវិជ្ជា​មេនេះ​។​
 
​សម្ពាធ​ធ្លាក់​ទៅលើ​ក្រសួង​អប់រំ យុវជន និង​កីឡា ប៉ុន្តែ​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង មិនបាន​លើក​ទូរ​សព្ទ​ឆ្លើយតប​អ្នកសារព័ត៌មាន ជុំវិញ​ចំណាត់ការ​របស់​ក្រសួង​នោះឡើយ​។ បើតាម​ការផ្សាយ​របស់​កាសែត​កោះសន្តិភាព លោក​រដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា លោក​នឹង​ដោះស្រាយ​លើ​ករណីនេះ​។​

 

Tag:
 បាក់​ឌុប​
  គណិតវិទ្យា​
 ​កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com