អន្តរជាតិ
រុស្ស៊ី​នឹងធ្វើ​សមយុទ្ធ​យោធា​ធំ​បំផុត​ក្នុង​រយៈពេល​ជិត​៤​ទសវត្សរ៍​កន្លងមក​នេះ​
11, Sep 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​រុស្ស៊ី​កំពុងតែ​ត្រៀម​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​កន្លងមកនេះ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​អង្គារ​នេះ​តទៅ នៅ​ខេត្ត Siberia ប៉ែក​ខាងកើត​។ លោក Sergei Shoigu រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​និយាយថា ការធ្វើ​សមយុទ្ធ​យោធា​រយៈពេល​៥​ថ្ងៃនេះ​នឹង​រួមមាន​ទាហាន​៣​សែន​នាក់ យានយន្ត​យោធា​៣​ម៉ឺន​៦​ពាន់​គ្រឿង យន្តហោះ​១០០០​គ្រឿង និង​នាវា​ធ្វើសង្គ្រាម​៨០​គ្រឿង​ផងដែរ​។​

 
​លោក​បាន​ថ្លែងថា សមយុទ្ធ​យោធា​នេះ​គឺជា​សមយុទ្ធ​យោធា​ធំ​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៨១​មក នៅពេលដែល​សូ​វៀត​កំពុង​ធ្វើសង្គ្រាម​ត្រជាក់​ជាមួយនឹង​សហរដ្ឋអាមេរិក​នៅឡើយ​។​
 
​យោធា​រុស្ស៊ី​និយាយថា ល្បែង​សង្គ្រាម​ដ៏​ធំ​នេះ ដែល​គេ​ស្គាល់​ថា Vostok-2018 គឺ​ដើម្បី​ការពារ​ខ្លួន​។​
 
​ចិន​កំពុង​តែមាន​ផែនការ​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រុស្ស៊ី​នេះ​ជា​លើកដំបូង ដោយ​បញ្ជូន​កងកម្លាំង​ចំនួន​៣២០០​នាក់​ទៅ​ចូលរួម​។ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង នឹង​ទៅ​ប្រទេស​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ ដើម្បី​ជួប​ជាមួយនឹង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នៅក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ​ក្នុង​ទីក្រុង Vladivostok ដែល​ស្ថិតនៅ​ប៉ែក​ខាងកើត​ប្រទេស​រុស្ស៊ី​។​
 
​សមយុទ្ធ​យោធា​នេះ​នឹងត្រូវ​ធ្វើឡើង​ក្នុងអំឡុង​ពេលដែល​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​បស្ចិមប្រទេស​និង​រុស្ស៊ី ដោយ​រួមទាំង​ការចោទប្រកាន់​ទៅលើ​ឥទ្ធិពល​រុស្ស៊ី​នៅក្នុង​កិច្ចការ​បស្ចិមប្រទេស និង​ជម្លោះ​ដែល​បន្ត​កើតឡើង​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​និង​ស៊ី​រី​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com