អន្តរជាតិ
វៀតណាម ហាម​មន្ត្រី​អង្គការសិទ្ធិមនុស្ស Amnesty ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​
12, Sep 2018 , 7:39 pm        
រូបភាព
ដោយ:
វៀតណាម បាន​រារាំង​បុគ្គលិក​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) មិន​ឲ្យ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ដែល​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ ១១ ខែកញ្ញា​នេះ​នៅ​ក្រុង​ហាណូយ ។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការសិទ្ធិមនុស្ស​នេះ​កាលពី​ថ្ងៃទី​១០ ខែកញ្ញា ដោយ​បន្ថែមថា នេះ​ជាការ​បដិសេធ​លើក​ទី​ពីរ​ហើយ​។​

 
​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ាន (World Economic Forum on ASEAN)  ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី​១៣ កញ្ញា ឆ្នាំ​២០១៨​នេះ​។ ព្រឹត្តិការណ៍​ដ៏​ធំ​នេះដែរ ត្រូវ​រៀបចំឡើង​ក្នុង​គោលបំណង​ទាក់ទាញ​បណ្ដា​មេដឹកនាំ​ក្នុង​តំបន់ និង​ផ្ដោត​សំខាន់​លើ​នវានុវត្តន៍​(​ការច្នៃប្រឌិត​) ដែល​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ដើម្បី​ទទួលបាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។ 
 
​ប៉ុន្តែ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​គឺ មន្ត្រី​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​កម្រិត​ពិភពលោក​នេះ​។ អង្គការសិទ្ធិមនុស្ស​នេះ​បាន​ថ្កោលទោស​វៀតណាម​ចំពោះ​ការរារាំង​លោក Minar Pimple ដែលជា​ប្រធាន​គ្របគ្រង​ជាន់ខ្ពស់​ទទួលបន្ទុក​ប្រតិបត្តិការ​សកល​របស់​ខ្លួន​។ 
 
​អង្គការ​នេះ បាន​បន្ថែមទៀតថា ការសម្រេចចិត្ត​បែបនេះ បានធ្វើ​ឡើង នៅពេលដែល​សេរីភាព​នៃ​ការបញ្ចេញមតិ​ក្នុងប្រទេស​វៀតណាម កំពុង​ស្ថិតក្រោម​ការគំរាមកំហែង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​លោក Kumi Naidoo អគ្គលេខាធិការ​អង្គការ​អន្តរជាតិ Amnesty បាន​និយាយ​បែបនេះ​ថា​៖ «​សកម្មភាព​របស់​រដ្ឋា​ភិ​បាល​វៀតណាម ធ្វើ​ឲ្យ​អន្តរាយ​ដល់​ព្រឹត្តិការណ៍​ពិភពលោក​មួយ​នេះ ដែល​ពឹង​ផ្អែកលើ​ទស្សនៈ​ភាគច្រើន​។ ហើយ​ពួកគេ ក៏​កំពុង​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​អាស៊ាន​ប្រែជា​អាក្រក់​ផងដែរ​»​។ 
 
​លោក Naidoo បាន​បន្តទៀតថា​៖ «​យើង​ថ្កោលទោស​ការសម្រេចចិត្តរ​បស់​រដ្ឋាភិបាល​វៀតណាម ក្នុងការ​លុបបំបាត់​សំឡេង​អង្គការ​របស់លោក ដែលជា​រឿយៗ​និយាយ​រិះគន់​ធ្ងន់ៗ​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក​»​។ 
 
​យ៉ាងណាក៏ដោយ ក្រសួងការបរទេស​វៀ​ត​ណា​ម មិនទាន់មាន​ឆ្លើយតប​ភ្លាមៗ​ណាមួយ​លើ​បញ្ហា​នេះ​នៅឡើយ​ទេ​។​
 
​ជុំវិញ​បញ្ហា​នេះ លោក Fon Mathuros អ្នកនាំពាក្យ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក បាន​និយាយថា ស្ថាប័ន​របស់លោក បានទទួល​ដំណឹង​ថា រដ្ឋាភិបាល​វៀតណាម បាន​ច្រានចោល​ការស្នើសុំ​ធ្វើ​ទិដ្ឋាការ​របស់លោក Pimple​។ 
 
​ថ្វី​បី​ជាមាន​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច​ពី​ផែនការ​ទៅកាន់​សេដ្ឋកិច្ច​ទីផ្សារសេរី និង​កំណើន​នៃ​ការបើក​ទូលាយ​សម្រាប់​ការផ្លាស់ប្ដូរ​សង្គម​យ៉ាង​ណា​ក្តី បក្សកុម្មុយនិស្ត​វៀតណាម នៅតែ​បន្ត​រឹតបន្តឹង​យ៉ាងខ្លាំង​ទៅលើ​សិទ្ធិសេរីភាព​សារព័ត៌មាន និង​មិន​ព្រម​ទទួលយក​ការរិះគន់​ណាមួយ​ឡើយ​។ 
 
​ជាក់ស្តែង ប្រទេស​វៀតណាម បាន​ចាប់​សកម្មជន​សិទ្ធិមនុស្ស​ជាច្រើនរូប​ដាក់ពន្ធនាគា​រ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ សម្រាប់​ការចាប់​ដាក់ពន្ធនាគារ​នេះ រដ្ឋាភិបាល​កុម្មុយនីស្ត​នេះ បាន​ចោទប្រកាន់​សកម្មភាព​ទាំងនោះ​ថា ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​ជាដើម​៕
 

Tag:
 វៀតណាម​
  Amnesty
  វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com