ជាតិ
​លោក រស់ សុ​វាចា និង​លោក ឌី ខាំ​បូ​លី ជា​អ្នកនាំពាក្យ​ថ្មី​របស់​ក្រសួង​អប់រំ​
13, Sep 2018 , 10:19 am        
រូបភាព
លោក រស់ សុវាចា (ឆ្វេង) និងលោក ឌី ខាំបូលី អ្នកនាំពាក្យ​ថ្មី​របស់ក្រសួងអប់រំ យុវជន និងកីឡា
លោក រស់ សុវាចា (ឆ្វេង) និងលោក ឌី ខាំបូលី អ្នកនាំពាក្យ​ថ្មី​របស់ក្រសួងអប់រំ យុវជន និងកីឡា
​ភ្នំពេញ​៖ លោក រស់ សុ​វាចា និង​លោក ឌី ខាំ​បូ​លី បានទទួល​ភារកិច្ច​ជា​អ្នកនាំពាក្យ​ប្រចាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ នេះ​បើតាម​សេចក្តីសម្រេច​មួយ​របស់​លោក​រដ្ឋមន្ត្រី ហង់ ជួន ណា​រ៉ុ​ន ចុះ​កាលពី​ថ្ងៃទី​១២ ខែកញ្ញា​។​

 
​អតីត​អ្នកជំនាញ​ផ្នែក​អប់រំ​ប្រចាំ​អង្គការ​យូណេស្កូ លោក រស់ សុ​វាចា ដែល​បច្ចុប្បន្ន​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​- ផែនការ ទទួល​ភារកិច្ច​ជា​ប្រធាន​អ្នកនាំពាក្យ​។ លោក ឌី ខាំ​បូ​លី អ្នកស្រាវជ្រាវ អ្នកនិពន្ធ​សៀវភៅ​ប្រវត្តិសាស្ត្រ​ដ៏​ល្បីឈ្មោះ​ម្នាក់ ទទួលបន្ទុក​ជា​អនុប្រធាន​អ្នកនាំពាក្យ បន្ថែម​លើ​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​របស់​ក្រសួង​។​

តាម​សេចក្តីសម្រេច របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ប្រធាន និង​អនុប្រធាន​ផ្នែក​នាំពាក្យ​ទាំង​ពីររូប មាន​តួនាទី និង​ភារកិច្ច​ផ្តល់ព័ត៌មាន​ឆ្លើយតប​អំពី​ក្រសួង​ទៅកាន់​មជ្ឈដ្ឋាន​ខាងក្រៅ ក៏ដូចជា​ការ​ស្រាយ​បំភ្លឺ​ចំណោទបញ្ហា​នានា​។​
 
​បន្ថែម​ពីលើ​នេះ លោក រស់ សុ​វាចា និង​លោក ឌី ខាំ​បូ​លី ត្រូវ​សហការ​ជាមួយ​គ្រប់​នាយកដ្ឋាន​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​អប់រំ ក្នុងការ​ប្រមូល​ព័ត៌មាន​ដើម្បី​ឆ្លើយតប​មជ្ឈដ្ឋាន​នានា​។​
 
​កន្លងមក លោក រស់ សា​លីន នាយក​ខុទ្ទកាល័យ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​អ្នកទទួលបន្ទុក​លើ​ការងារ​នាំពាក្យ​នេះ​៕ 
 
 
​ 

© រក្សាសិទ្ធិដោយ thmeythmey.com