អន្តរជាតិ
បាន គី​មូ​ន និង​ប៊ី​ល ហ្កេ​ត ដឹកនាំ​គណៈកម្មការ​អន្តរជាតិ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​
15, Sep 2018 , 8:59 am        
រូបភាព
ដោយ:
​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន និង​មហាសេដ្ឋី​អាមេរិក លោក ប៊ី​ល ហ្កេ​ត នឹង​ចូល​ដឹកនាំ​គណៈកម្មការ​អន្តរជាតិ​មួយ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​។ គណៈកម្មការ​នេះដែរ នឹង​បើក​ដំណើរការ នា​ខែតុលា​ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​ហូ​ឡង់ នៅ​ថ្ងៃទី​១០ កញ្ញា​។

 
​គណៈកម្មការ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង Rotterdam ប្រទេស​ហូ​ឡង់​នេះ បាន​បង្កើតឡើង ដោយ​មជ្ឈមណ្ឌល​សកល​សម្រាប់​ការ​សម្រប​ទៅតាម​លក្ខខណ្ឌ​អាកាសធាតុ និង​រដ្ឋាភិបាល​ហូ​ឡង់ ដែល​ចាប់​ដៃគូ​ជាមួយនឹង​វិទ្យាស្ថាន​ធនធាន​ពិភពលោក​។  គោលបំណង​នៃ​ការបង្កើត​គណៈកម្មការ​នេះ​ឡើង គឺ «​ចង់​បញ្ចុះបញ្ចូល​បណ្ដា​ប្រទេស​នៅ​ជុំវិញ​សកលលោក​ឲ្យ​ចាត់វិធានការ​ក្នុងប្រទេស​របស់​ពួកគេ​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​ប្រឆាំង​ទៅនឹង​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​គ្រប់គ្រង​ធនធានទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​ហូ​ឡង់ លោកស្រី Cora van Nieuwenhuizen  ។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន AFP លោកស្រី Cora បាន​និយាយ​បែបនេះ​ថា «​យើង​សង្ឃឹមថា តម្រូវការ​សម្រាប់​ការកែសម្រួល​ឲ្យ​ស្របទៅតាម​ការប្រែប្រួល​អាកាសធាតុ ទំនងជា​ត្រូវគេ​ចាប់អារម្មណ៍​នៅ​ទូទាំង​សកលលោក​»​។ លោកស្រី បាន​បន្ថែមទៀតថា គម្រោងការ​មួយ ដែល​បង្កើតឡើង​ដើម្បី​ការពារ​បម្រែបម្រួល​អាកាសធាតុ នឹងត្រូវ​បញ្ចេញ​ជា​សាធារណៈ នា​ខែកញ្ញា ឆ្នាំក្រោយ​។ 
 
​ជាមួយគ្នានេះ អតីត​ប្រមុខ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន បាន​និយាយថា​៖ «​ការប្រកាស​របស់​រដ្ឋា​ភិ​បាល​ហូ​ឡង់ ជា​ជំហាន​ដែលមាន​សារៈសំខាន់​មួយ ដើម្បី​ឈានទៅដល់​សកម្មភាព និង​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត ពាក់ព័ន្ធ​នឹង​ការកែសម្រួល​ឲ្យ​ស្របទៅនឹង​ការប្រែប្រួល​អាកាសធាតុ​»​។ អតីត​អ្នកការទូត​កូរ៉េខាងត្បូង បន្តថា គណៈកម្មការ​នេះ បានចាប់ផ្ដើម​បេសកកម្ម​ពិភពលោក​មួយ ដើម្បី​ព​ន្លឿ​ន​ការសម្របសម្រួល​បម្រែបម្រួល​អាកាសធាតុ​។ 
 
​លោក បាន គី​មូ​ន និង​លោក ប៊ី​ល ហ្កេ​ត  នឹង​ទៅកាន់​ប្រទេស​ហូ​ឡង់ នា​ថ្ងៃទី​១៦ តុលា​ខាងមុខ ដើម្បី​ចូលរួម​ពិធី​បើក​ដំណើរការ​គណៈកម្មការ​នេះ​។​
 
​គួរ​បញ្ជាក់ដែរថា ការបង្កើត​គណៈកម្មកា​រ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​នេះ គឺធ្វើឡើង​ស្របពេល​ដែល​រដ្ឋ​អាមេរិក​ចំនួន ១៧ បាន​រួមគ្នា​ប្ដេជ្ញា​ប្រជែង​នឹង​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ ក្រោយពី​ប្រធានាធិបតី​រូបនេះ បានសម្រេច​ចិត្ត​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​៕
 
 
 
 
 

Tag:
 ហូ​ឡង់​
  បាន គី​ម៉ូ​ន​
  ប៊ី​ល ហ្កេ​ត​
  បម្រែបម្រួល​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com